ប្រជាពលរដ្ឋមកពីសហគមន៍ចំនួន ៧ នៅខេត្តត្បូងឃ្មុំ ស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យបង្កើតគណៈកម្មការមួយ ចុះស៊ើបអង្កេតរកការពិតពាក់ព័ន្ធនឹងករណីលក់ដីសហគមន៍ជិត ៤ពាន់ហិកតាទៅឱ្យក្រុមហ៊ុនចិន និងឧកញ៉ា។
នៅថ្ងៃនេះ ប្រជាពលរដ្ឋប្រហែល ១០០នាក់មកពីសហគមន៍ត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ បាននាំគ្នាឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដីជាថ្មីទៀត បន្ទាប់ពីក្រសួងចេញសេចក្ដីប្រកាសមួយដោយបដិសេធមិនដោះស្រាយវិវាទដីធ្លីក្នុងខេត្តនេះ កាលពីថ្ងៃទី២២ ខែកក្កដា កន្លងមក។
តំណាងសហគមន៍ភូមិត្រពាំងព្រីង អ្នកស្រី ហន ច្រឹប ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ឡើងមកដាក់ញត្តិជាថ្មីនេះ ដោយសារ មិនសុខចិត្តចំពោះសេចក្ដីប្រកាសរបស់ក្រសួង ដែលមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។
អ្នកស្រីបន្តថា ដីដែលពួកគាត់ប្ដឹងមកក្រសួងនេះ មិនមែនជាដីដែលប្រជាពលរដ្ឋចូលទៅរស់នៅនោះទេ ប៉ុន្តែ វាជាដីដែលអាជ្ញាធរបានឃុបឃិតគ្នាលួចលក់ទៅឱ្យឧកញ៉ាតែប៉ុណ្ណេាះ។
អ្នកស្រី ហន ច្រឹប មានប្រសាសន៍ថា៖ «គាត់និយាយតាមតែអាជ្ញាធរទេ។ អាជ្ញាធរគាត់បានប្រាប់ក្រសួងថា ដីសហគមន៍ភូមិខ្ញុំនេះ គឺប្រជាពលរដ្ឋចូលកាន់កាប់អស់ហើយ អត់មានដីណាទៀតទេ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ឡើងវិញ សូមឱ្យក្រសួងពិចារណាឡើងវិញ ហើយស៊ើបអង្កេតដោយផ្ទាល់។ ខ្ញុំអត់ដែលជួបក្រសួងសូម្បីតែបន្តិច ហេតុអីបានជាច្រានពាក្យបណ្ដឹងពួកខ្ញុំចោល។ ខ្ញុំប្ដឹងនេះ មិនមែនប្ដឹងដីប្រជាពលរដ្ឋចូលកាន់កាប់ទេ ខ្ញុំប្ដឹងដីសហគមន៍ [លក់ឱ្យឧកញ៉ា]»។
តំណាងសហគមន៍ម្នាក់ទៀត លោក សែម ចំណាន លើកឡើងថា ពួកគាត់មិនបានលក់ដីសហគមន៍ទៅឱ្យក្រុមហ៊ុនចិនដូចអាជ្ញាធរចោទប្រកាន់ឡើយ ដោយថា អ្នកភូមិមិនបានផ្ដិតមេដៃនិងទទួលប្រាក់ពីក្រុមហ៊ុន និងអាជ្ញាធរនោះទេ។
លោកស្នើទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីឱ្យបង្កើតគណៈកម្មការមួយចុះទៅស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនបានព្រមព្រៀងលក់ដីទៅឱ្យក្រុមហ៊ុនចិនទេ។ អ៊ីចឹងសូមឱ្យគាត់បង្កើតគណៈកម្មការទៅជួបជាមួយពួកខ្ញុំថា រឿងហ្នឹង វាយ៉ាងម៉េច បើគាត់នៅនេះ គាត់ស្ដាប់បានតែមួយលឺទេ។ អ៊ីចឹង គាត់អត់ដឹងថា ហេតុការណ៍ហ្នឹងវាយ៉ាងម៉េចទេ តើវាអាក្រក់ឬល្អ វាមានសម្ពាធខ្លាំងប៉ុណ្ណាសម្រាប់ប្រជាពលរដ្ឋ។ អ៊ឹចឹង សូមឱ្យគាត់បង្កើតគណៈកម្មការ ទៅមើលថា អ្នកណាខុស អ្នកណាត្រូវ ហើយធ្វើតាមច្បាប់ចុះ បើសិនជាគាត់គិតថា ពួកខ្ញុំធ្វើតាមច្បាប់ ប៉ុន្តែ បើសិនជារកឃើញថា អាជ្ញាធរក្លែងបន្លំឯកសារ អ៊ីចឹងធ្វើតាមច្បាប់ដូចគ្នា ទើបវាមានយុតិ្តធម៌»។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត មានប្រសាសន៍ថា លោកជាប់រវល់ប្រជុំ។
ជំទប់ទី១ នៃឃុំត្រពាំងព្រីង ដែលទើបឡើងកាន់តំណែងថ្មី លោក ហ៊ិន បូណាល់ មានប្រសាសន៍ថា លោកមិនបានដឹងរឿងទាំងអស់នេះទេ ដោយលោកបង្វែរឱ្យទៅសួរមេឃុំត្រពាំងព្រីង លោក មុំ សាប៊ុន វិញ។
មេឃុំត្រពាំងព្រីង លោក មុំ សាប៊ុន បានច្រានចោលការចោទប្រកាន់នេះ ដោយថា ប្រជាពលរដ្ឋជាអ្នកនាំគ្នាលក់ដីទៅឱ្យក្រុមហ៊ុនដោយខ្លួនឯងទេ។ លោកចាត់ទុកអ្នកភូមិដែលនាំគ្នាឡើងតវ៉ានៅថ្ងៃនេះថា ជាក្រុមប្រឆាំង។
លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុនចិនបានមកទិញដីនៅទីនេះ អ៊ីចឹងអ្នកដែលលក់ បានផ្ដិតមេដៃអស់ហើយនៅតែប្ដឹងដដែលប៉ុន្មានឆ្នាំមកហើយ ការពិតក្រុមហ៊ុនចិនធ្វើតាំងពីឆ្នាំ២០០៧ ប៉ុន្តែ ឈូសឆាយនៅឆ្នាំ២០១០។ ក្រោយពេល សម រង្ស៊ី [ប្រកាស] មក ចាប់ផ្ដើមនាំគ្នាធ្វើអ៊ីចឹងតែម្ដង ហើយអ្នកដែលមកតវ៉ាជាអតីតគណបក្សសង្គ្រោះជាតិទាំងអស់។ វេទិកាម្សិលម៉្ងៃ អត់មានអ្នកណាឡើងតវ៉ា ស្ងាត់ច្រៀប គេឱ្យឡើងតវ៉ា ប៉ុន្តែ អត់ហ៊ានឡើង។ ប្រជាពលរដ្ឋអ្នកផ្ដិតមេដៃ [លក់] ខ្លួនឯង អត់មានអាជ្ញាធរណាឃុបឃិតគ្នាទេ កាលណាឃើញមេដៃពលរដ្ឋដែលផ្ដិតហើយលក់ គឺអាជ្ញាធរបានចុះហត្ថលេខាបញ្ជូនទៅថ្នាក់លើ»។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី បានចេញសេចក្ដីប្រកាសមួយថា ក្រសួងមិនដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋមកពីសហគមន៍ត្រពាំងព្រីង សហគមន៍កំប្រើស សហគមន៍ស្រែប្រាំង និងសហគមន៍ផ្សេងៗទៀត ដែលប្តឹងទាមទារដីព្រៃសហគមន៍ ៣៧១៨ ហិកតា ដោយថា ដីទាំងអស់នោះ ប្រជាពលរដ្ឋបានចូលកាន់កាប់ និងបានលក់ទៅក្រុមហ៊ុនចិនរួមហើយដែរ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តត្បូងឃ្មុំ លោកស្រី ធីម ណារីន ជំរុញឱ្យក្រសួងចុះសិក្សាស្រាវជ្រាវចំពោះរឿងនេះ ដើម្បីផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះ។
លោកស្រីមានប្រសាសន៍ថា៖ «អាជ្ញាធរដែលពាក់ព័ន្ធហ្នឹង គួរតែបង្កើតគណៈកម្មការដូចគ្នាគាត់ស្នើសុំអ៊ីចឹង ចុះមកពិនិត្យជាក់ស្ដែងរកឱ្យឃើញថា អ្វីដែលពួកគាត់បានធ្វើការទាមទារហ្នឹងវាពិតប្រាកដ មុននឹងធ្វើការច្រានចោលលើបណ្ដឹងរបស់ពួកគាត់។ បើតាមអង្គការអាដហុក យើងមើលឃើញថា អ្វីដែលគាត់ទាមទារនេះ មិនមែនជាប្រយោជន៍បុគ្គលទេ គឺដើម្បីប្រយោជន៍សង្គម ដើម្បីប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នាតែប៉ុណ្ណេាះ»។
លោកស្រី ធីម ណារីន បន្តថា ប្រសិនក្រសួងចុះស៊ើបអង្កេត ហើយរកឃើញអាជ្ញាធរមូលដ្ឋានពិតជាបានឃុបឃិតគ្នាលក់ដីមែន ក្រសួងត្រូវចាត់វិធានការលើមន្ត្រីទាំងអស់នោះទៅតាមផ្លូវច្បាប់៕