សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់​ឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះ​ក្រុមហ៊ុនភ្នំពេញកម្ចីអាជីវកម្ម​

សេចក្ដីប្រកាសរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ហៅកាត់ថា (CMA)។ រូបភាព៖ បណ្ដាញសង្គម

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ហៅកាត់ថា (CMA) ព្រមានចាត់វិធានការច្បាប់លើក្រុមហ៊ុនផ្តល់កម្ចីមួយ និងអំពាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន​ចំពោះព័ត៌មានផ្សេងៗ ដែលផ្សព្វផ្សាយដោយក្រុមហ៊ុននេះ ដើម្បីចៀសវាងការបោកប្រាស់។

សេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា នេះថា កាលពីពេលថ្មីៗនេះមានក្រុមហ៊ុន ភ្នំពេញកម្ចីអាជីវកម្ម ខូ អិលធីឌី បានផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រើប្រាស់រូបថតសមាជិកក្រុមប្រឹក្សាភិបាល រួមទាំងទ្បូហ្គោរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណងក្លែងបន្លំ និងបំផ្លើសការពិត ដើម្បីទាក់ទាញការគាំទ្រពីសាធារណជននៅលើបណ្តាញសង្គមហ្វេសប៊ុក។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងរៀបចំវិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុន ភ្នំពេញកម្ចីអាជីវកម្ម ខូ អិលធីឌី នោះផងដែរ។ សមាគមនេះ ក៏បាន​អំពាវឲ្យ​ពលរដ្ឋ​ត្រូវប្រុងប្រយ័ត្ន​ចំពោះ​ព័ត៌មាន​ដែល​ផ្ដល់ដោយក្រុមហ៊ុន​នេះផងដែរ ដើម្បី​កុំ​ឲ្យមាន​ការចាញ់បោកដោយប្រការណាមួយ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងក្នុងសេចក្តីប្រកាស​ព័ត៌មាន​នោះថា៖ «យើងខ្ញុំពុំមានទំនាក់ទំនងណាមួយជាមួយក្រុមហ៊ុន ភ្នំពេញកម្ចីអាជីកម្ម ខូ អិលធីឌី នេះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាពិចារណា និងប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានផ្សេងៗ ដែលផ្សព្វផ្សាយដោយក្រុមហ៊ុននេះ ដើម្បីចៀសវាងការបោកប្រាស់ ដោយប្រការណាមួយ»។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលតំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ដែលជាសមាជិកសមាគមចំនួន៩៦ បាននឹងកំពុងផ្តល់សេវាហិរញ្ញវត្ថុ ស្របច្បាប់ជូនប្រជាជនកម្ពុជាប្រមាណ២លានគ្រួសារ នៅក្នុង២៥ រាជធានី-ខេត្ត-ក្រុង ប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ