អាជ្ញាធរ ថា​ក្រុមហ៊ុនដែល​នាំសំរាម​ប្លាស្ទិក​ចូល​ខេត្តព្រះសីហនុមិនពាក់ព័ន្ធជនជាតិចិន​ទេ

សំរាមដែលផ្ទុកក្នុងកុងទីន័រដែលត្រូវបានផ្លុងចោលនៅខេត្តព្រះសីហនុ។ រូបភាព៖ បណ្ដាញសង្គម

មន្រ្តីជាន់ខ្ពស់កម្ពុជា បាន​អះអាងថា ​ម្ចាស់ក្រុមហ៊ុនដែល​នាំសំរាមប្លាស្ទិក​ចូលខេត្តព្រះសីហនុ​ជាជន​ជាតិ​ខ្មែរសុទ្ធសាធ មិនមានពាក់ព័ន្ធនឹងជនជាតិ​ចិននោះទេ។

ប្រធាន​អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម បាន​ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន​ដែល​ធ្វើឡើងនៅថ្ងៃនេះ។ លោក បានថ្លែងថា ក្រុមហ៊ុននោះឈ្មោះថា CHUNGYUEN PLASTIC MANUFACTURE CO.,LTD ដែល​មានម្ចាស់​ជាជនជាតិខ្មែរឈ្មោះ សួន ឡុក។

លោក មានប្រសាសន៍ថា៖ «មិនមាន​ជន​ជាតិ​ចិនធ្វើការ​ក្នុងក្រុមហ៊ុននោះទេ។ ក្រុមហ៊ុនន CHUNGYUEN PLASTIC នេះ បា​នជួលការិយាល័យមួយកន្លែងសម្រាប់​ធ្វើការគឺនៅតំបន់សេដ្ឋកិច្ចពិសេស ជីចាំង នៅជិត វាលវេញ។»

ប៉ុន្តែ កាលពីថ្ងៃទី១៩ ខែកក្កដា ប្រធាន​អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម ធ្លាប់​អះអាងប្រាប់​អ្នកសារព័ត៌មាន​ថា ​ក្រុមហ៊ុននោះមាន​ជាប់​ពាក់ព័​ន្ធនឹងជនជាតិចិន។

កាលពីថ្ងៃ​ទី​១៧ ខែ​កក្កដា សមត្ថកិច្ចកម្ពុជា បាន​បើកទូកុងទឺន័រក្នុងកំពង់​ផែស្វយ័តខេត្ត​ព្រះសីហនុ រកឃើញសំរាមប្លាស្ទិក​ចំនួន ៨៣កុងទឺន័រ ​ដែលមានទម្ងន់ជិត ១៦០០តោន។ អាជ្ញាធរកម្ពុជា​ បាន​អះអាងថា​ សំរាមទាំងនោះមានប្រភព​មក​ពីសហរដ្ឋអាមេរិក និងកាណាដា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ