អាមេរិក ថាការបោះឆ្នោតមិនត្រឹមត្រូវនៅកម្ពុជាធ្វើឲ្យប៉ះពាល់ដល់​ការលើកកម្ពស់កំណើនសេដ្ឋកិច្ច

រូបភាពមួយផ្នែកគឺបង្ហាញពីការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៩នេះ និងមួយផ្នែកទៀតគឺអគារនៅកោះពេជ្រ មើលពីត្រើយម្ខាង។

សហរដ្ឋអាមេរិក នៅតែ​ចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជាកាលឆ្នាំមុនមិនត្រឹមត្រូវ ធ្វើឲ្យបាត់បង់សមិទ្ធផលជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា សរសេរលើហ្វេសប៊ុករបស់ខ្លូន នាថ្ងៃទី៣០ ខែកក្កដានេះ ថាការបោះឆ្នោតជាតិកន្លងទៅមានកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ដោយថា មិនតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ ដោយសារផាត់គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។

អាមេរិកថា ការបោះឆ្នោតបែបនេះ ធ្វើឲ្យបាត់បង់ថែមទៀតនូវសមិទ្ធផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មក។

ស្ថានទូតមហាអំណាចមួយនេះ៖ «អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួន»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលសារអំពាវនាវនេះ ដោយចាត់ទុកសារអំពាវនាវរបស់សហរដ្ឋមេរិកនេះ បានរំលោភលើនីតិវិធីរបស់តុលាការ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោកថា៖ «ខ្ញុំយល់ថា ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ អាហ្នឹងមិនមែនធ្វើឲ្យបាត់បង់ផលប្រយោជន៍ទេ។ តែផ្ទុយទៅវិញ វាជាការពង្រឹងប្រជាធិបតេយ្យ និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា»។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ធរ័ត្ន មានប្រសាសន៍ថា សាររបស់ អាមេរិក ជាការបំពេញកាតព្វកិច្ចក្នុងការជំរុញយន្តការប្រជាធិបតេយ្យ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា។

លោក ថា៖ «កម្ពុជាតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃនេះ យើងបានខំប្រឹងប្រែងណាស់ដើម្បីបណ្តុះពូជប្រជាធិបតេយ្យនៅលើកទឹកដីកម្ពុជាហ្នឹង ហើយយើងបានរំកិលទៅមុខ។ ទោះជាយ៉ាងម៉េចក៏ដោយ ក៏យើងទទួលបានការប្រសើរច្រើន រហូតដល់ឆ្នាំ២០១៧។ ប៉ុន្តែយើងភ្លាត់ជើងរអិលចេញពីគន្លងប្រជាធិបតេយ្យទៅវិញ នៅឆ្នាំ២០១៨ វាជារឿងមួយដែលយើងខាតបង់សម្រាប់ប្រទេសជាតិ»។

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី មានប្រសាសន៍ថា សាររបស់សហរដ្ឋអាមេរិកបង្ហាញថា មហាអំណាចមួយនេះ នៅតែបន្តឃ្លាំមើលពីដំណើរវិវដ្តនៃនយោបាយកម្ពុជា។

អ្នកវិភាគរូបនេះ បារម្ភថា កម្ពុជានឹងខាតបង់ បើបក្សកាន់អំណាចមួយនេះនៅតែមិនតែមិនទទួលស្គាល់ការពិត ដើម្បីស្តារស្ថានការឡើងវិញនោះ។

លោក មានប្រសាសន៍ថា៖ «បើយើងស្អីដែលបានកើតឡើងកន្លងទៅ វាគ្មានស្អីក្រៅពីការបារម្ភពីការបាត់បង់អំណាចរបស់គណបក្សនយោបាយធំមួយទេ សម្រាប់ស្រុកយើងនោះ។អ៊ីចឹង បើយើងគិតតែប្រយោជន៍គណបក្សតែមួយ ធ្វើម៉េចឲ្យតែខ្លួនឯងឈ្នះ តែមិនបានគិតពីប្រយោជន៍ជាតិ អាហ្នឹង ថ្ងៃក្រោយទៅវាធ្វើឲ្យគណបក្សហ្នឹងបាត់ជំនឿពីពលរដ្ឋ»។

នេះមិនមែន​ជាលើកទី១ទេ ដែលសហរដ្ឋអាមេរិកហៅការបោះឆ្នោតនៅកម្ពុជាថា មិនត្រឹមត្រូវ គ្មានភាពសេរី និងយុត្តិធម៌នោះ។ ភ្លាម​ៗបន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃ​២៨ ខែកក្កដា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក​ជាប្រទេសដែល​ចេញ​មុនមុខគេ ប្រកាស​មិនទទួលស្គាល់​ការបោះឆ្នោត ដោយសារ​តែបក្សប្រឆាំងដ៏ធំត្រូវបាន​រារាំង​មិនឲ្យចូលរួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ