វិភាគ​៖ តើ​ច្បាប់​ទណ្ឌកម្ម​អាមេរិក​ពិត​ជាមិន​ប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ​មែន ​ឬមិ​នមែន?

លោក ដូណាល់ ត្រាំ និងលោក ហ៊ុន សែន។

សំណើ​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាឆ្នាំ​២០១៩​ ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​មួយចំនួន ដែល​​អាមេរិក​យល់​ថា ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ​ ដែល​​​ឈាន​ដល់​ការ​ប​ង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមន្ត្រី​ទាំង​នោះ។ ច្បាប់នេះ​បាន​ធ្លាក់​ដល់​ដៃ​ព្រឹទ្ធសភា​អាមេរិក​ហើយ​កាល​ពី​ពាក់កណ្ដាល​ខែ​កក្កដា​នេះ​។​

ទោះ​ជា​យ៉ាង​ណា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៩ ខែកក្កដា បាន​ជំរុញ​ដល់​សភា​​អាមេរិក​ឱ្យ​ពន្លឿន​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌ​កម្ម​កម្ពុជា​​ឲ្យ​បាន​ឆាប់ ដោយ​លោក​ថា ច្បាប់​នោះនឹង​​​គ្មាន​ឥទ្ធិពល​អ្វី​ប៉ះពាល់​ដល់ប្រយោជន៍​​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោកថា៖ «បើ​ច្បាប់​នេះ​ មាន​គោល​ដៅ​ជាក់​លាក់​ មាន២សំខាន់ៗ ទី​មួយ ​ដាក់​ទណ្ឌកម្ម​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​មួយ​ចំនួន ទី​ពីរ​ បង្ក​កទ្រព្យ​សម្បត្តិ អា​ហ្នឹង​វា​ធំ​ប៉ុណ្ណឹង! អញ្ចឹង​ទេ ប្រជា​ជន​ខ្មែរ​អត់​មាន​អី​ប៉ះពាល់​សោះ ហើយ​មន្ត្រី​ខ្មែរ​ ខ្ញុំ​ថា ​ឲ្យ ១០០នាក់​ទៅ​ចុះ ហើយ​ ១០០នាក់​ហ្នឹង​ ត្រូវ​ការ​ទៅ​ស្រុក​អាមេរិក​ធ្វើ​អី ខ្ញុំ​សួរ​ទៅ​ធ្វើ​អី​ បើ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ វា​មិន​ដែល​ទៅ​ផង​នោះ»។

តើ​ច្បាប់​នេះ​ពិត​ជា​មិន​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដូច​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន មែន​ឬមិន​មែន?

អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ យល់ថា ផ្អែក​តាម​រូបភាពគឺ​វាប៉ះតែ​មន្ត្រីធំៗរបស់បក្សប្រជាជន​ដូចលោក ហ៊ុន សែន លើកឡើងមែន តែធាតុពិតនៅពីក្រោយ គឺប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។ អ្វី​ដែល​លោក​ គឹម សុខ ថា​ធ្ងន់ធ្ងរ​នោះ​ គឺ​វា​បះពាល់​ជា​ខ្លាំង​ដល់​កិត្តិយស​ជាតិ រង​នូវ​ការ​កាត់​ផ្ដាច់​ជំនួយ​ផ្សេង​ៗ ជា​ពិសេស​ទៀត​នោះ​គឺ​ក្រុមហ៊ុន​បរទេស​ដែល​គោរពសិទ្ធិ​មនុស្សគឺ​គេ​មិន​ហ៊ាន​មក​បណ្ដាក់​ទុន​រក​ស៊ី​​​នោះ​ទេ។

លោក គឹម សុខ៖ «វានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាតាមរយៈកេរ្តិ៍ឈ្មោះដ៏អាក្រក់របស់ក្រុមលោក ហ៊ុន សែន ដែល​កំពុង​តែ​ដឹកនាំ​អំណាច​ហ្នឹង ស្ទើរតែដួលរលំហើយ បើសិនជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។ ស្ថានភាព​សេដ្ឋកិច្ច​ស្ទើរតែ​ដួល​រលំ សួរថា ​ប្រជាពលរដ្ឋអាចរស់នៅបានដោយរបៀបណា? គឺប៉ះដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរណាស់ មិនមែនមិនប៉ះទេ»។

អ្នក​វិភាគ​នយោបាយ​ម្នាក់​ទៀត​ លោក ​ឯម សុវណ្ណារ៉ា ឱ្យ​ដឹង​ថា ​នៅ​ពេល​ដែលមន្ត្រី​ធំ​ៗ​របស់​កម្ពុជា ​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​អាមេរិក​នោះ ​វា​ពិបាក​នឹង​និយាយ​ថា​ កម្ពុជា​មិន​អាច​រង​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​នោះ​ណាស់។ លោក​បន្ថែម​ថា​ ដោយ​សារតែ​ការ​ផ្ទេរចរន្ត​សាច់​ប្រាក់​ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​មួយរបស់​ធនាគារ​អាមេរិក​នោះ​ វា​ពិត​ណាស់​ថា ​ទណ្ឌកម្ម​នេះ​វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​មន្ត្រី​ធំៗ​ទាំង​នោះ។

លោក​ថា៖ «​​កាល​ណា​យើង​ស្ថិត​ក្នុង​បញ្ជី​ដែល​វា​លំបាក​ណា​ស់​មិន​មែនពាក់​ព័ន្ធ​ត្រឹម​តែ​រឿង​លុយ​កាក់​ទេ ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ ការ​រកស៊ី​ជា​មួយ​ពាណិជ្ជករ​ផ្សេង​ៗ​ដែល​ចង់​ជជែក​ផ្លាស់​ប្ដូរ​ជា​មួយ​ការ​រក​ស៊ី​នៅ​កម្ពុជា​ហ្នឹង ​គេ​អត់​ហ៊ានផ្លាស់​ប្ដូរ​រកស៊ី​ជា​មួយ​យើង​ដែរ​ គេ​ខ្លាច​យើង​ហ្នឹង​ជួប​បញ្ហា​ដោយ​សារ​តាម​យើង​។ ហើយ​នៅ​ក្នុង​ការ​បង្កក​ គឺ​សហរដ្ឋ​អាមេរិក​គេ​អាច​ធ្វើ​ទៅ​មាន​ប្រសិទ្ធភាព ​គឺសហរដ្ឋ​អាមេរិក​ជា​អ្នក​កាន់​បញ្ជី​លុយ​ធនាគារ​ហ្នឹង កាលណា​ជន​ដែល​ត្រូវ​គេ​បង្ក​ក​ហើយ​ ផ្ទេរ​លុយ​ពី​ធនាគារ​មួយ​ទៅ​ធនាគារ​មួយត្រូវ​ឆ្លងកាត់​ប្រព័ន្ធ ​ដូច្នេះ​ហើយ​មិន​អាច​មិន​ឆ្លង​ទេ​ ប្រព័ន្ធអន្តរជាតិ​​ហ្នឹង​ពិបាក​ណាស់»។ ​

យោង​តាម​គេហទំព័រ​រតនាគារជាតិ​អាមេរិក ​ប្រទេស​ជាង​១០​ដែល​សុទ្ធ​តែ​ល្បី​ខាង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ត្រូវ​សហរដ្ឋ​អាមេរិក​មាន​វិធានការស្រដៀង​គ្នាទៅ​នឹង​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​នេះ​លើ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​នោះ។ ប្រទេស​ទាំង​នោះ​រួម​មាន បេឡារុស ប៊ូរុនឌី សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល គុយបា កុងហ្គោ អេរ៉ង អេរ៉ាក់ នីហ្គារ៉ាគ័រ កូរ៉េខាង​ជើង សូម៉ាលី ស៊ូដង់ ស៊ីរី រុស្ស៊ី វេណេហ្សូអេឡា និង​ហ្ស៊ីមបាវ៉េ ជាដើម។

អ្នក​វិភាគ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ​បើ​ប្រៀប​ធៀប​ស្ថានភាព​កម្ពុជា ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ដែល​អាមេរិក​ធ្លាប់​ដាក់​ហើយ​នោះ ​គឺ​មាន​ស្ថានភាព​ខុស​គ្នា ដោយ​សារ​តែ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ពឹង​ផ្អែក​ខ្លាំង​លើបរទេស​នោះ។

លោក​ថា៖ «កម្ពុជា​ និង​គេ​នោះ​ វា​ខុស​គ្នា​ត្រង់​ថា​ នៅ​ស្រុក​គេ​ៗ​ម្ចាស់​ការ​ច្រើនជាង​ ខណៈកម្ពុជា​យើង​ពឹង​ផ្អែក​ទៅ​លើ​ចរន្ត​សេដ្ឋកិច្ច​អ​ន្តរជាតិ​ជាង ខណៈ​សេដ្ឋកិច្ច​ខ្លួនឯង​យើង​អត់​សូវ​មាន​ការ​បង្កើន​ផលិត​កម្ម​សេដ្ឋកិច្ច​ខ្លួន​ឯង អញ្ចឹង​យើង​អត់​សូវ​រឹង​មាំ​ទេ ដោយ​ឡែក​នៅ​បណ្ដា​ប្រទេស​គេ​ធំៗ​ដូច​នៅ​មជ្ឈឹម​បូព៌ា​ គេ​ភាគ​ច្រើន ​គេ​ខ្លាំង គេ​មាន​កត្តា​ផលិត​កម្ម​ខ្លួន​គេ​ច្រើន ដូច្នេះ​ គេ​អត់​សូវ​ប៉ះពាល់​ទេ​ »។

សេចក្ដីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជាដែលអាមេរិកកំពុងដំណើរការនៅសភានេះមិន​បាន​កំណត់​ពី​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់​ជាក់​​លាក់​នោះ​ទេ ដោយ​បាន​បើក​សិទ្ធិ​ឲ្យប្រធានាធិបតីអាមេរិកធ្វើការកំណត់នូវឈ្មោះមន្ត្រីជាន់ខ្ពស់កម្ពុជា​ ទាំង​កង​ទ័ព និងផ្នែកស៊ីវិលណាដែលមានទំនាក់ទំនងបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ​ដើម្បី​មានវិធានការ។

ក្នុង​ច្បាប់​នោះ​លើក​ឡើង​ថា៖ «ក្នុងករណីចាំបាច់ ដើម្បីរារាំង និងហាមឃាត់​រាល់​ប្រតិបត្តិការ​ទ្រព្យសម្បត្តិ និងផល​ប្រយោជន៍​ទាំង​​អស់របស់ជនបរទេសដែលត្រូវបានកំណត់ដោយផ្នែក (ក) ប្រសិន​បើ​ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​នៃ​ទ្រព្យ​សម្បត្តិ​​នោះ​ស្ថិត​នៅ​ក្នុង​សហរដ្ឋអាមេរិក ចូលមកក្នុងសហរដ្ឋអាមេរិក ឬមាន​ចូលមកខាងក្នុងការ​កាន់កាប់​ ឬការ​ត្រួតពិនិត្យ​របស់​បុគ្គល​អាមេរិក​»។

​អ្នក​វិភាគ​យល់​ថា​ ពាក្យ​ថា​ទណ្ឌកម្ម​មួយ​ គឺ​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ ទោះ​ចង់​មិន​ចង់ ​វា​នឹង​ក្លាយ​ជា​បញ្ហា​សម្រាប់​ប្រទេស​ទាំង​មូល​។

សម្រាប់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍសង្គម​ លោក​​ មាស នី ​បាន​បង្ហាញ​ក្ដី​បារម្ភថា ​ប្រសិន​​សេចក្តី​ស្នើ​ច្បាប់​នេះត្រូវ​បាន​អនុម័ត​មែន​នោះ​​ វា​​ជា​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ដល់​ថ្នាក់​ដឹក​នាំ និង​ប្រទេស​កម្ពុជា ព្រោះ​​​​​កាល​ណា​សហរដ្ឋ​អាមេរិក​មាន​វិធាន​ការ​ទណ្ឌកម្ម​លើប្រទេស​ណា​មួយ​នោះ ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សម្ព័ន្ធ​មិត្ត​ក៏​មាន​វិធាន​ការ​ឆ្លើយ​តប​លើ​ប្រទេស​នោះ​ដូច​គ្នា​ដែរ។

លោក​បណ្ឌិត មាស នី៖ «បើ​សិន​ជា​ការ​សម្រេច​តែ​សហរដ្ឋអាមេរិក​មួយ​ គឺ​មិន​អី​ទេ! តែ​ក្នុង​ច្បាប់​ហ្នឹង ​វា​អាច​នឹង​រុញ​ឲ្យ​អាមេរិក​កៀរ​គរ​បស្ចឹម​ប្រទេស​ដទៃ​ទៀត​ឲ្យ​ធ្វើ​តាម​ខ្លួន​ដែរ ជា​ទម្លាប់​ដែល​យើង​ឃើញ​ពី​ដើម​មក​។ នេះ​ជា​ការ​បារម្ភ​របស់​ខ្លួន​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​នឹង​ឯកោពី​បស្ចឹមប្រទេស​ ហើយ​ទម្លាក់​ខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​របប​កុម្មុយនីស្ត»។

អ្នក​វិភាគ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​​មក​ទទួលយកសំណើរបស់សហគមន៍អន្តរជាតិ ជាពិសេស​សំណើរបស់​អ្នក​រាយការណ៍​ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត យកមកកែលម្អ​ខ្លួនឡើងវិញ ដើម្បីរក្សា​កេរ្តិ៍ឈ្មោះ ក៏​ដូច​ជា ​​បញ្ចៀស​នូវទណ្ឌកម្មណាមួយមកលើប្រទេសខ្លួននេះ។

លោក គឹម សុខ៖ «វិធី​មាន​តែ​មួយ​ទេ ​គឺ​លោក​ ហ៊ុន សែន​ នាំ​គ្នា​ប្ដូរ​ឥរិយាបថ វិល​ទៅ​រក​ប្រជាធិបតេយ្យ​តាម​ដំណាក់កាល​។ ដូច​ដែល​ជា​អនុសាសន៍​របស់​លោក​ស្រី ​រ៉ូណា ស្មីត ដើម្បី​ស្ដារ​ស្ថាន​ការប្រជា​ធិបតេយ្យកម្ពុជា​ឡើង​វិញ។ ហើយ​សហគមន៍​អរ៉ុប អាមេរិក និង​សហប្រជាជាតិ​គេ​អត់​ដក​ថយ​ ដោយ​សារ​​កម្ពុជា​មាន​ជាប់​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារី​សមួយ ដែល​នោះ​ជា​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ យ៉ាង​ហោច​ណា​ស់​​ជា​ស្មារតី​អន្តរជាតិ​ដែរ គេ​អត់​ដក​ថយ​ទេ! បើ​គេ​អត់​ដក​ថយ ដូច្នេះ​ មាន​ន័យ​ថា ​វិធី​ដែល​ឱ្យ​គេ​ទម្លាក់​ចោល​បាន​មាន​តែ​វិល​មក​កាន់​លិទ្ធិ​ប្រជាធិបតេយ្យ​វិញ​ទេ​ ហើយ​ការ​វិល​ទៅ​កាន់​ប្រជាធិបតេយ្យ​វិញ​នោះ​វា​ជាអ្វី​ដែល​ក្រុម​លោក​ ហ៊ុន សែន ពិបាក​ធ្វើ​ ព្រោះ​វា​ប៉ះពាល់​ដល់​អំណាច​របស់​គាត់»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ