អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​លើ​គម្រោង​ជួបជុំ​សម្ដែង​មតិ​របស់​សមាគម​គ្រូ​បង្រៀន​​​កម្ពុជាឯករាជ្យ

លោក ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានបើក​កិច្ចប្រជុំ​ស្ដីពី​ការ​ជួយ​សម្រួល​ការងារ​មួយចំនួន​នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ-ឈ្នះ នារសៀលថ្ងៃ​អង្គារ ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញ បាន​ព្រមាន​ចាត់វិធាន​ទៅ​លើ​គម្រោង​ជួប​ជុំ​សម្ដែង​មតិ​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រសិន​បើ​សមាគម​មួយ​នេះ​នៅ​តែ​បន្ត​ការ​ជួប​ជុំ​របស់​ខ្លួន​នា​ពេល​ខាង​មុខ​នោះ។

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ជូន​ដំណឹង​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ថា គ្រោង​ប្រមូល​ផ្ដុំ​​សមាជិក ៧២​រូប សម្ដែង​មតិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា​ខាង​មុខ​នេះ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា និង​លើក​លែង​ទោស​លោក សម រង្ស៊ី។

សមាគម​មួយ​នេះ បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​ជូន​ដំណឹង​របស់​ខ្លួន​ថា ការ​ដោះ​លែង និង​លើក​លែង​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង ២​រូប​នេះ នឹង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ពាណិជ្ជកម្ម​របស់​សហគមន៍​អឺរ៉ុប ក្រោម​គម្រោង «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ហៅ​កាត់​ថា EBA។

ប៉ុន្តែ ក្នុងលិខិតមួយ​ផ្ញើទៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​នៅ​ថ្ងៃ​នេះ អភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់​ទៅ​សមាគម​វិញ​ថា មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ​សម្ដែង​មតិ​នោះ​ឡើយ ហើយ​ប្រាប់​ថា ការ​ជួប​ជុំ​នេះ ប្រឆាំង​នឹង​សេចក្ដី​សម្រេច​ ឬ​អំណាច​របស់​តុលាការ​។

មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ បន្ទាប់​ពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មក ក្រោម​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ» ហើយ​លោក សម រង្ស៊ី បន្ត​រស់នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ក្នុង​ឆ្នាំ​២០១៥ ក្រោយ​ពី​ប្រឈម​មុខ​នឹង​បណ្ដឹង​ជាច្រើន​ករណី​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សម រង្ស៊ី ដែល​ប្រកាស​ខ្លួន​ឯង​ជា​ប្រធាន​ស្ដីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​លោក កឹម សុខា ត្រូវ​បាន​ចាប់​ដាក់​ឃុំ​នោះ កំពុង​ស្ថិត​ក្រោម​ការ​ស្វែង​រក​​ចាប់​ខ្លួន​ពី​អាជ្ញាធរ​កម្ពុជា បន្ទាប់​ពី​មាន​ដីការ​បង្គាប់​មួយ​របស់​នគរបាល​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​កន្លង​មក​នេះ។

អាជ្ញាធរ​កម្ពុជា បាន​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ខណៈ​ដែល​លោក សម រង្ស៊ី បាន​ប្រកាស​ថា នឹង​វិលត្រឡប់មកកម្ពុជានៅចុងឆ្នាំ២០១៩នេះ។​

ទោះជាយ៉ាងណា​ ការ​ផាត់​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ​ និងឃុំខ្លួនលោក កឹម សុខា អតីតមេដឹកនាំបក្សនេះ ជំរុញ​មានការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ ពិសេស​ប្លុក​លោកសេរី និង​ដាក់​សម្ពាធ​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម​ សុខា​ និង​ឲ្យ​គណបក្ស​ប្រឆាំង​ដែល​បាន​រំលាយ​ទៅ​ហើយ​នោះ​ បាន​ដំណើរការ​ឡើងវិញ​ ។

សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក ២៨ប្រទេស​ កំពុង​ដំណើរការ​នីតិវិធី​ដែល​នឹង​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ ពី​កម្ពុជាទៀតផង បន្ទាប់​ពី​រក​ឃើញ​ថា ការគោរព​សិទ្ធិមនុស្ស និង​លំហរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ