កម្ពុជាហៅ​​ស្ថានទូត​អាមេរិក​ថា «គ្មាន​ចរឹត​ការទូត»​ក្រោយ​រិះគន់​ជុំ​វិញ​ការ​បោះ​ឆ្នោត​ជាតិ​១​ឆ្នាំ​មុន

រូបភាពពីហ្វេសប៊ុកស្ថានទូតអាមេរិក

កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​ស្ថានទូត​អាមេរិកប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​​ស្ថាន​តំណាង​ប្រទេស​មហា​អំណាច​ពិភព​លោក​មួយ​នេះ បាន​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​​ នៅ​ចំ​ខួប ១​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កម្ពុជា​​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា បានអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការបោះឆ្នោតជាតិមួយឆ្នាំកន្លងមកនេះ​«មានកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ» មិនតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ ព្រោះបានផាត់គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។

ស្ថាន​តំណាង​អាមេរិក​ដដែល​នេះ រៀប​រាប់ថា ការបោះឆ្នោតបែបនេះ ធ្វើឱ្យកម្ពុជាបាត់បង់ថែមទៀតនូវសមិទ្ធផលរបស់ខ្លួន ក្នុងការជំរុញការផ្សះ​ផ្សា​នយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​អាមេរិក រៀប​រាប់​ថា៖ «អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ​ប្រឆាំង លោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួន»

ប៉ុន្តែ ក្នុង​សេចក្ដីថ្លែងការណ៍កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រសួងការបរទេសកម្ពុជា ចាត់ទុកការអត្ថាធិប្បាយរបស់ស្ថានទូតអាមេរិក ជាទង្វើវាយប្រហារដ៏គឃ្លើន​មកលើកម្ពុជា រំលោភបំពានទៅលើបទប្បញ្ញត្តិទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុង​វីយ៉េន ស្ដីពីទំនាក់ទំនងការទូតឆ្នាំ២០១៨។

ក្រសួង​ការបរទេស បាន​​ចង្អុល​បង្ហាញ​ទៅ​មាត្រា ១ នៃ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ចែង​«គោលការណ៍​នៃ​សិទ្ធិ​ស្មើភាព​គ្នា និង​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជន» និង​វិធានការ​ដើម្បី​ពង្រឹង​សន្តិភាព​សកល។

ក្រសួងការបរទេស អះ​អាង​ថា ការបោះឆ្នោតជាតិនៅកម្ពុជាកន្លងទៅ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព មានសណ្តាប់ធ្លាប់ សេរី និងយុត្តិធម៌ មានអ្នកចេញទៅបោះឆ្នោតដល់ទៅជាង ៨៣ភាគរយ ក្រោមការអង្កេត​ដ៏ហ្មត់ចត់ពីអង្គការជាតិ និងអន្តរជាតិ។

គណបក្ស​នយោបាយ​ចំនួន ២០ បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​នោះ មិន​បាន​ចូលរួម​នោះ​ឡើយ បន្ទាប់​ពី​ត្រូវ​បាន​តុលាការកំពូលបានប្រកាសរំលាយ​ចោល​ ហើយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ។

ខណៈ​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍​មួយ​ចំនួន​នោះ ក្រុម​អង្គការ​ស៊ីវិល​ផ្សេង​ទៀត ដូចជា​អង្គការ​ខុមហ្វ្រែល និកហ្វិក និង​អង្គការ​តម្លាភាព​ជា​ដើម ពុំ​បាន​ចូលរួម​សង្កេតការណ៍នោះ​ឡើយ។

អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ហៅការបោះឆ្នោតនេះថា ជាការបោះឆ្នោតក្លែងក្លាយ ព្រោះបានផាត់គណបក្សមួយ ដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស ឬជាង ៣លាននាក់ ចេញពីឆាកនយោបាយ។

ប្រាប់VODតាមបណ្ដាញសង្គម WhatsApp​នៅថ្ងៃនេះ​ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ដែល​កំពុងនិរទេសខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​ចាត់​ទុក​ទង្វើ​របស់​អាមេរិក​ថា មិន​មែន​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​កម្ពុជា​ទេ ប៉ុន្តែ​អ្នកស្រី​ថា ជា​ការ​បំពេញ​កាតព្វកិច្ច​​ស្រប​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

លោកស្រី មូរ សុខហួរ ប្រាប់​ថា៖ «នេះជាការបង្ហាញឱ្យឃើញថា រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក នៅតែបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន គឺត្រូវធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គ្មានអ្វីបាត់បង់នឹងអធិបតេយ្យភាពនៃប្រទេសកម្ពុជាទេ»

អ្នកស្រាវជ្រាវពីការភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បាន​ចាត់​ទុក​ប្រតិកម្ម​របស់​កម្ពុជា​ទៅ​នឹង​ស្ថានទូត​អាមេរិក​នេះ​ថា មិន​មាន​អ្វី​នោះ​ឡើយ ហើយ​ថា កម្ពុជា​កំពុង​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ។

លោក មាស នី ប្រាប់ថា៖«បើយើងមើលស្អីដែលបានកើតឡើងកន្លងទៅ វាគ្មានស្អីក្រៅពីការបារម្ភពីការបាត់បង់អំណាចរបស់គណបក្សនយោបាយធំមួយទេ សម្រាប់ស្រុកយើងនោះ។ អីចឹង បើយើងគិតតែប្រយោជន៍គណបក្សតែមួយ ធ្វើម៉េចឱ្យតែខ្លួនឯងឈ្នះ តែមិនបានគិតពីប្រយោជន៍ជាតិ អាហ្នឹង ថ្ងៃក្រោយទៅ វាធ្វើឱ្យគណបក្សហ្នឹងបាត់ជំនឿពីពលរដ្ឋ»

ទំនាក់​ទំនង​កម្ពុជា និង​សហរដ្ឋ​អាមេរិក បាន​ស្ថិត​ក្នុង​ស្ថានភាប​មិន​ចុះ​សម្រុង​នឹង​គ្នា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ជុំ​វិញ​ការ​ធ្លាក់​ចុះ​ស្ថានភាព​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

បើទោះជាបែប​នេះ​ក្ដី លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​មិត្តភាព​ជាមួយ​បណ្ដា​ប្រទេស​នានា​ មិន​យក​ប្រទេស​ណា​មួយ​ជា​សត្រូវ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ