អ្នកឃ្លាំមើលបញ្ហា​សង្គម​ ថាដើម្បី​កម្ចាត់​អំពើពុករលួយ គឺត្រូវ​​លុបបំបាត់​បក្ខពូកនិយម

លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា និងជាស្ថាបនិកក្រុមវប្បធម៌នយោបាយថ្មី (រូបដោយ ហេង វិចិត្រ)

​សង្គមស៊ីវិល បង្ហាញការយល់ឃើញ​ថា ដើម្បីទប់ស្កាត់អំពើពុករលួយឱ្យមានប្រសិទ្ធភាពនោះ ទាល់វិធានការរបស់រដ្ឋាភិបាលធ្វើឡើងមានតម្លាភាពដោយមិនប្រកាន់បក្ខពួកនិយម​។

ការលើក​ឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ បន្ទាប់អង្គភាពប្រឆាំងអំពើពុករលួយ ACU បានចាប់ខ្លួន ប្រធាន ​អនុប្រធាន ​និង​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍​សាត់​ចំនួន​ ៣ នាក់​ កាលពីថ្ងៃទី២៧ ខែកក្កដា ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ជំរិត​ទារ​ប្រាក់​ពីវិស័យជន​ចំនួន​ ១០ ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការចេញ​ច្បាប់​ឱ្យសាងសង់​រោងចក្រ​។

ក្រោយការចាប់ខ្លួននៅ​ថ្ងៃ​ទី ៣១​ ខែ កក្កដា​ ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេចចោទប្រកាន់និងឃុំខ្លួនអ្នកទាំងបីនាក់ ពាក់ព័ន្ធនឹងអំពើពុករលួយជំរិតទារប្រាក់ពីចំនួន ១០ ម៉ឺនដុល្លារនោះ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ចាត់ទុកការចំណាត់ការលើមន្ត្រីសុរិយោដី ៣ នាក់នេះ ថាជាសញ្ញាវិជ្ជមាន  ប៉ុន្តែដើម្បីឈានទៅលុបបំបាត់អំពើពុលរលួយទាំងស្រុងបានទាល់រដ្ឋាភិបាលត្រូវហ៊ានចាត់វិធានការដោយមិនប្រកាន់បក្ខពួក។

លោក មានប្រសាសន៍​ថា៖«មន្ត្រីទាំងឡាយណាក៏ដោយ ឱ្យតែប្រព្រឹត្តបទល្មើសត្រូវតែដាក់ទោស។ នៅក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល តម្រូវឱ្យមិនយោគយល់  គឺ [ការ]យោគយល់ សូន្យ មានន័យថា គ្មានការយោគយល់ទេ ប៉ុន្តែអនុវត្តជាក់ស្ដែងយើងឃើញមានការបិទភ្នែក មានការយោគយល់ច្រើន កន្លងមក គឺ​​មានតែលក្ខណៈបែបហ្នឹង ។ ការយោគយល់នេះ ជាចំណុចខ្សោយមួយនៅក្នុងការអនុវត្តច្បាប់ ហើយការយោគយល់នេះ ដែលជាឧបសគ្គធំបំផុតនៅក្នុងការអនុវត្តប្រឆាំងអំពើពុករលួយហ្នឹង។ នៅប្រទេសដែលគេជោគជ័យ ដូចជានៅហុងកុង […]មិនមែនគេមានវេទមន្ត ចេះក្បាច់គុណ អីខ្លាំងជាងខ្មែរដែរ ប៉ុន្តែអ្វីដែលនាំឱ្យជោគជ័យគឺការមិនយោគយល់»

ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ​ លោកស្រី ម៉ម ស៊ីថា យល់ថា ដើម្បីលុបបំបាត់អំពើពុករលួយបាននោះ  រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង។

លោកស្រី ថា៖«ការអនុវត្តឱ្យបានល្អ ​ឱ្យគោរពច្បាប់ គោរពតាមនីតិវិធីតួនាទី សមត្ថ​កិច្ចរបស់ខ្លួន ឱ្យស្របតាមគោលការណ៍ច្បាប់។ កាលអនុវត្តច្បាប់មានប្រសិទ្ធភាព ការប្រព្រឹត្តនឹងរៀងចាលបាន ឬធ្វើឱ្យអ្នកផ្សេងទៀតខ្លាច មិនហានប្រព្រឹត្តហើយ ហើយបើគ្រាន់តែធ្វើជាការសម្ដែងគេអត់ខ្លាចទេ នៅតែពិបាកក្នុងការបំបាត់អំពើពុករលួយ »។

លោកស្រី បន្ថែម​ថា​ក្រៅពីពង្រឹងការអនុវត្តច្បាប់ហើយ រដ្ឋាភិបាលត្រូវហ៊ានចាត់វិធានការទៅលើមន្ត្រីរបស់ខ្លួនផងដែរ បើសិនរកឃើញថាពាក់ព័ន្ធនឹងអំពើពុករលួយនោះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលចាត់វិធានការទៅលើតែមន្ត្រីថ្នាក់ក្រោម  ដោយមិនចាត់វិធានការចំពោះអ្នកមានអំណាចមួយចំនួន លោកថា វាមិនអាចលុបបំបាត់អំពើពុករលួយបានទេ ផ្ទុយទៅវិញ នឹងបង្កឱ្យមានភាពអយុត្តិធម៌នៅក្នុងសង្គម។

លោកជំរុញឱ្យរដ្ឋាភិបាលអនុវត្តវិធានការនេះឱ្យស្មើភាពគ្នា ដើម្បីបង្ហាញពីតម្លាភាព។

លោកថា៖«យើងគ្រាន់តែមានការព្រួយបារម្ភមួយខ្លាច ការអនុវត្តច្បាប់ហ្នឹងវាមិនស្មើភាពគ្នា។​ វាមិនសំដៅទៅលើមន្ត្រីគ្រប់កន្លែងទាំងអស់ ហើយមានការតាមដាន ពិនិត្យដើម្បីលុបបំបាត់អំពើពុករលួយក្នុងប្រព័ន្ធហ្នឹង ជាពិសេសក្នុងប្រព័ន្ធរដ្ឋហ្នឹង។ អ្វីដែលយើងចង់ឃើញនោះ ការធ្វើធម្មតាអំពើពុករលួយនោះក្នុងប្រព័ន្ធនេះ ធ្វើទាំងលើផងពីក្រោមផង បើគ្រាន់តែធ្វើ​តែពីក្រោម​ប៉ុន្តែមិនបានធ្វើពីលើមកមុនទេ ខ្ញុំគិតថារឿងនឹងធ្វើការតែមួយប្រាវទេ»។

កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហរម៉ឺងម៉ាត់ដោយអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។

លោក មានប្រសាសន៍​​ថា​៖ « ខ្ញុំ​ធ្វើ​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​ ហើយ​ទាក់ទង​ទៅ​នឹង​អភិក្រម​ទី៥ វះកាត់​ដែរ​ និយាយ​ឱ្យ​ត្រង់​ៗ អត់មាន​តទៅទៀត​ទេ​។ ពីថ្ងៃនេះទៅ​ បញ្ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់​ត្រង់​ៗហ្មង​ មិន​ចាំបាច់​មក​តាម​ខ្សែ​រី​ឡេ​ទេ។​ អាហ្នឹង​បោក​ឆៅ​ហ្មង។ អភិក្រម​ទី៥ ត្រូវ​បាន​អនុវត្ត​ អត់មាន​លើកលែង​ បើ​មិន​អ៊ីចឹង​ខូច​ ហ្អែង​បំផ្លាញ​ជាតិ​ បំផ្លាញ​រដ្ឋបាល​ ហ៊ុន​ សែន​»។

របាយការណ៍អង្គការតម្លាភាពអន្តរជាតិបង្ហាញថា នៅឆ្នាំ២០១៨កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៦១ ក្នុងចំណោមប្រទេស១៨០។ ចំណាត់ថ្នាក់នេះដូចឆ្នាំ២០១៧ ប៉ុន្តែកម្ពុជាធ្លាក់មួយពិន្ទុគឺពី២១មកត្រឹម២០ពិន្ទុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ