អគ្គ​រដ្ឋ​ទូត​ថ្មី​អាមេរិក​ប្ដេជ្ញា​ជំរុញ​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ

លោក Patrick Murphy ដែលទើបត្រូវបាន​ជ្រើសតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា។ (រូបភាព៖គេហរទំព័រក្រសួងការបរទេសអាមេរិក)

អគ្គ​រដ្ឋ​ទូត​ថ្មី​របស់​អាមេរិក​ដែល​គ្រោង​មក​បំពេញ​ការងារ​នៅ​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ថា លោក​នឹង​​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ ព្រម​ទាំង​ទំនាក់​ទំនង​ពាណជ្ជកម្ម​កាន់​តែ​ប្រសើរ​ជាមួយ​កម្ពុជា។

លោក W. Patrick Murphy ដែល​ជា​មន្ត្រី​ការទូត​ក្នុង​ក្រប​ខណ្ឌ​​ក្រសួង​ការបរទេស​អាមេរិក ត្រូវ​បាន​​ព្រឹទ្ធ​សភា​អាមេរិក​​​បោះ​ឆ្នោត​​អនុម័ត​ជា​អគ្គ​រដ្ឋ​ទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បន្ទាប់​ពី​ដំណើការ​អនុម័ត​បេក្ខភាព​របស់​លោក​ត្រូវ​បាន​ពន្យារ​អស់រយៈ​ពេល​ជិត ១​ឆ្នាំ។

ថ្លែង​ក្នុង​ពិធី​អនុម័ត​នៅ​ក្នុង​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា​នេះ លោក Patrick Murphy បាន​បញ្ជាក់​ថា លោក​នឹង​ផ្តោត​ទៅ​លើ​ការ​បង្កើន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​បេសកកម្ម​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ។

អគ្គ​រដ្ឋ​ទូត​ថ្មី​ លោក Patrick Murphy ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​ថ្លែង​ថា​៖ «លោក​នឹង​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​សភា ដើម្បី​ជំរុញ​ផល​ប្រយោជន៍​អាមេរិក​នៅ​កម្ពុជា ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​សេរីភាព​មូលដ្ឋាន»

លោក Patrick Murphy បន្ថែម​ថា​ លោក​ក៏​នឹង​កសាង​នូវ​ការ​គាំ​ទ្រ​ដ៏​រឹងមាំ​​ដែល​សហរដ្ឋ​អាមេរិក បាន​រីករាយ​ជាមួយ​សាធារណជន​កម្ពុជា និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ស្រប​តាប​ទស្សន​វិស័យ​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

មាន​ដើម​កំណើត​នៅ​រដ្ឋ Vermont លោក Patrick Murphy  បាន​ធ្វើ​ការ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ឋានៈ​ជា​ឧបការី​រង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ដើម្បី​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នេះ។

មួយ​ថ្ងៃ​មុន​ការ​តែង​តាំង​អគ្គរដ្ឋ​ទូត​ថ្មី​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​ជំរុញ​ឲ្យ​មន្ត្រី​ស្ថានទូត​អាមេរិក​វេច​បង្វេច​ចាក​ចេញ​ពី​កម្ពុជា និង​ដៀលថា ពិបាក​ធ្វើ​ការ​ជាមួយ​«មនុស្ស​ព្រៃ» ខណៈ​ដែល​ស្ថានទូត​អាមេរិក​ដំណើរការ​ទៅ​ដោយ​គ្មាន​អគ្គ​រដ្ឋ​ទូត​អស់​រយៈ​ពេល​ជិត ១​ឆ្នាំ​នោះ។

ទំនាក់​ទំនង​ទ្វេ​ភាគី​កម្ពុជា-អាមេរិក បាន​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស់​នឹង​គ្នា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជុំ​វិញ​ការ​ធ្លាក់​ចុះ​លទ្ធិ​​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្រោយ​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ