អតីត​បង​ធំ​ទី២​​នៃ​របប​ខ្មែរ​ក្រហម នួន ជា ទទួល​មរណភាព​​អាយុ​៩៣​ឆ្នាំ

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម នួន ជា ហៅ​បង​ធំ​ទី ២ អង្គុយ​ក្នុង​អង្គ​សវនាការ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម។ រូបថត៖ អ.វ.ត.ក.

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ លោក នួន ជា បាន​ទទួល​មរណភាព​ហើយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ ជា​ទី​ដែល​បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​តាំង​ពី​ដើម​ខែ​មុន​មក​ម៉្លេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម។

អ្នក​នាំ​ពាក្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញា​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) លោក នេត្រ ភ័ក្ត្រា ប្រាប់​វីអូឌី​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះ​ថា លោក នួន ជា បាន​ទទួល​មរណភាព​នៅ​អាយុ ៩៣​ឆ្នាំ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រូប​នេះ អតីត​បង​ធំ​ទី ២ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ចាប់តាំង​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា​មក​ម៉្លេះ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ នួន ជា ក៏​បាន​ទទួល​ដំណឹង​អំពី​មរណភាព​នេះ​ដែរ។

លោក នេត្រ ភ័ក្ត្រា ប្រាប់​ថា​៖ «ខ្ញុំអាចបញ្ជាក់បានថា ជនជាប់ចោទ នួន ជា អាយុ ៩៣​ឆ្នាំ បានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩ នេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជនជាប់ចោទ នួន ជា ត្រូវបានបញ្ជូនពីមន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺតាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩មក»

កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩២៦ លោក នួន ជា កាន់​តំណែង​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធាន​រដ្ឋ​សភា​ជាតិ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ ហើយ​នាំ​យក​មក​ជំនុំ​ជម្រះ​ទោស​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ក្រោម​ការចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អនុ​សញ្ញាទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ