សព​បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ៃលិន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​នេះ

បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម លោក នួន ជា ត្រូវ​មន្ត្រី​សន្តិសុខ និង​វេជ្ជ​បណ្ឌិត បញ្ជូនទៅ​សវនាការ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម។ រូបថត៖ អ.វ.ត.ក.

សព​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ​​ទៅ​ផ្ទះ​របស់​លោក​នៅ​ឯ​ព្រំដែន​កម្ពុជា-ថៃ ស្ថិត​ក្នុង​ខេត្ត​ប៉ៃលិន​ហើយ​​នៅ​ព្រឹក​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម។

បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម លោក នួន ជា បាន​ទទួល​មរណភាព​នៅ​អាយុ ៩៣​ឆ្នាំ កាល​ពី​ម៉ោង ៦​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ជា​ទី​ដែល​លោក​ត្រូវ​បាន​នាំ​យក​ទៅ​សម្រាក​ព្យាបាល​ចាប់​តាំង​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា​កន្លង​មក​ម៉្លេះ។

អ្នក​នាំ​ពាក្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) លោក នេត្រ ភ័ក្ត្រា បាន​ប្រាប់​វីអូឌី​តាម​តេឡេក្រាម​ថា សព​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត នៅ​វេលា​ម៉ោង ៤ និង ៤៧​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​សីហា​នេះ។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ សព​លោក នួន ជា ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​បុណ្យ​ទៅ​តាម​ប្រពៃណី​ជាតិ​នៅ​ផ្ទះ​របស់​គាត់​ស្ថិត​នៅ​ឯ​ខេត្ត​ប៉ៃលិន។

កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩២៦ នៅ​ភូមិ​វត្តគរ ស្ថិត​ក្នុង​ទឹក​ដី​ខេត្ត​បាត់ដំបង លោក នួន ជា កាន់​តំណែង​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធាន​រដ្ឋ​សភា​ជាតិ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ ហើយ​នាំ​យក​មក​ជំនុំ​ជម្រះ​ទោស​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ក្រោម​ការចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អនុ​សញ្ញាទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍។

លោក នួន ជា ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៤ និងម្ដង​ទៀត​នៅ​ឆ្នាំ​២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជន​ជាតិ​វៀតណាម និង​ពលរដ្ឋ​ខ្មែរ​ឥស្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ