សហ​មេធាវី៖ នួន ជា មាន​បំណង​ប្រាថ្នា​ចុង​ក្រោយ​គឺ​បង្ហាញ​«ការពិត​ក្នុង​ការ​ពិត»

បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម លោក នួន ជា គឺ​ជា​អតីត​ប្រធាន​រដ្ឋ​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ រូបថត៖ អ.វ.ត.ក.

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នួន ជា បាន​អះ​អា​ង​ថា អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម មាន​បំណង​បក​ស្រាយ​«ការពិត​នៅ​ក្នុង​ការពិត» ជា​អ្វី​ដែល​ក្រុម​មេធាវី​អះ​អាង​ថា ជា​បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​គាត់។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ពាក់​កណ្ដាល​យប់​ថ្ងៃ​អាទិត្យ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែ​សីហា​នេះ លោក  លីវ សុវណ្ណា សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នួន ជា បាន​ថ្លែង​ថា កូន​ក្ដី​របស់​លោក​មាន​បំណង​បង្ហាញ​ការពិត​នៅ​ក្នុង​ការពិត​ទៅ​ដល់​ប្រជាជន​កម្ពុជា ដែល​នោះ​គឺ​ជា​បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​លោក។

បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម លោក នួន ជា បាន​ទទួល​មរណភាព​នៅ​ម៉ោង ៦​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​សីហា នៅ​អាយុ ៩៣​ឆ្នាំ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់​ពីត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ទីនោះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា​កន្លង​មក​នេះ។

កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩២៦ នៅ​ភូមិ​វត្តគរ ស្ថិត​ក្នុង​ទឹក​ដី​ខេត្ត​បាត់ដំបង លោក នួន ជា កាន់​តំណែង​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធាន​រដ្ឋ​សភា​ជាតិ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ ហើយ​នាំ​យក​មក​ជំនុំ​ជម្រះ​ទោស​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ក្រោម​ការចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អនុ​សញ្ញាទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ