លោក ហ៊ុន សែន៖ កម្ពុជាមិនមែនជាជម្រករបស់ពួកភេរវកម្ម និងសម្អាតប្រាក់ទេ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់និស្សិត និងសិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ (រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលកន្លងទៅ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅមន្ត្រីពាក់ព័ន្ធទាំងអស់​​ត្រូវតែ​ការពារកម្ពុជា កុំឲ្យក្លាយជាកន្លែងលាក់ខ្លួនរបស់ពួកភេរវករ និងកន្លែង​លាង​លុយ​កខ្វក់ ប៉ុន្តែ អ្នក​ឃ្លាំ​មើល​សង្គម​កម្ពុជា មើល​ឃើញ​ថា កម្ពុជា​ពុំ​អាច​ទប់​ស្កាត់​ចរាចរណ៍​លុយ​កខ្វក់​បាន​នោះ​ឡើយ។

លោក ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់​មាត់​បែប​នេះ​ក្នុងពិធីប្រគល់សញ្ញាបត្រ​​ដល់​និស្សិត​នាយ​នគរបាល​បន្ត​វេន​​នៅឯ​សាលា​នគរបាល​នៅ​ស្រុក​កៀនស្វាយ​​ នាព្រឹកថ្ងៃនេះ។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «ធ្វើម៉េចកុំឲ្យប្រទេសកម្ពុជាយើង ក្លាយទៅជាជម្រកនៃការលាក់ខ្លួនរបស់ភេរវកម្ម ទោះបីថា យើងមិនមែនជាគោលដៅវាយប្រហារភារវកម្ម តែត្រូវធ្វើឲ្យកម្ពុជា កុំឲ្យក្លាយទៅជាប្រទេសនៃជម្រក ឬការឆ្លងកាត់របស់ពួកភេរវកម្ម។ កុំឲ្យប្រទេសរបស់យើងក្លាយទៅជាកន្លែងដែលសម្អាតប្រាក់ ព្រោះសំណុំបញ្ហាគ្រឿងញៀន ការជូញដូរគ្រឿងញៀន ការជួញដូរអាវុធ ការលាងលុយកខ្វក់ គឺវាសំណុំរឿងទៅតែមួយ។ យើងត្រូវខិតខំប្រយុទ្ធប្រឆាំងទៅហ្នឹងបញ្ហាទាំងអស់នេះ»។

អ្នក​វិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ទទួល​ស្គាល់ពី​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​មិន​ឲ្យ​កម្ពុជា​ក្លាយ​ជា​ជម្រក​នៃ​ចលនា​ភេរវកម្ម ប៉ុន្តែ លោក​ថា កម្ពុជា​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ចរាចរណ៍​លុយ​កខ្វក់​ចូល​មក​ក្នុង​ប្រទេសទៅ​វិញ ដែល​លោក​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​ប្រព័ន្ធគ្រប់គ្រងរដ្ឋបច្ចុប្បន្ន នៅមានភាពទន់ខ្សោយនៅឡើយ។

លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា៖ «ប្រព័ន្ធយើងវាអត់ស្អាតស្អំ ហើយរឿងលុយកាក់ វាធូរលង់ រឿងលាងលុយ មានទាំងច្បាប់ ប៉ុន្តែ អត់មានប្រសិទ្ធិភាព​»

ទាក់ទងនឹងបញ្ហាជូញដូរគ្រឿងញៀន និងសម្អាតប្រាក់នេះដែរ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ លោក ស ខេង កាលពីថ្ងៃទី២២ ខែមេសា បានណែ​នាំ​ដល់​មន្ត្រី​ព្រំដែន​ឲ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ ជា​ពិសេស​ទៅ​លើ​បទល្មើស​គ្រឿងញៀន និង​ការ​សម្អាត​ប្រាក់​ បន្ទាប់​ពី​សង្កេត​ឃើញមាន​ការ​ប៉ុនប៉ង​លួច​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​ភូមិសាស្ត្រ​មួយ​ចំនួន​ដែល​មាន​ការ​ធ្វេស​ប្រហែស និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។

​របាយការណ៍​សមត្ថកិច្ច​បង្ហាញ​ថា ក្នុង​រយៈពេល​ ៣​​ខែ​ ដើម​ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បាន​ចំនួន ២០៣៣ករណី និងឃាត់មនុស្សចំនួន ៤៣៩៩នាក់ ក្នុងនោះស្រី ៣៧២នាក់ ជនបរទេស ១០៤នាក់។

សមត្ថកិច្ច​កម្ពុជា​ចាប់​បាន​ និង​ដក​ហូត​​​លុយ​ជាច្រើន​សែន​ដុល្លារ​ជា​បន្ត​បន្ទាប់ ដែល​ត្រូវ​បាន​នាំ​ឆ្លង​ដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ពី​សំណាក់​ជន​ជាតិ​ចិន​​​នៅ​ដើម​ឆ្នាំ​២០១៩​នេះ។

កាលពីថ្ងៃ៣០ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួន និងដកហូតទឹកប្រាក់​ខ្ទង់ ៨៥​ម៉ឺន​ដុល្លារ​ពី​ជន​ជាតិ​ចិន​ម្នាក់​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​រក​ឃើញ​ថា លុយ​នោះ​ត្រូវ​បាន​នាំ​ចូល​ដោយ​ពុំ​មាន​បញ្ជាក់​ពី​ប្រភព​ហិរញ្ញវត្ថុ​ច្បាស់​លាស់។

សមត្ថកិច្ច​កម្ពុជា​បាន​ដក​ហូត​លុយ​ពី​ជន​ជាតិ​ចិន​ដល់​ទៅជាង ៣​លាន​​ដុល្លារ​ជា​លើក​ដំបូង​កាល​ពី​ចុង​ឆ្នាំ​២០១៨ មុន​នឹង​ចាប់​បាន​ការ​នាំ​ចូល​លុយ​ដល់​ទៅ​ជាង ៣​លាន ៥​សែន​ដុល្លារ​ជា​លើក​ទី​២ កាល​ពី​ខែ​មេសា​ក្នុង​ឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ