មេ​សិទ្ធិ​មនុស្ស​​​​​កម្ពុជា​ថា ជប៉ុន​បង្ហាញ​ក្ដី​បារម្ភ​ជា​ថ្មី​​អំពី​ការ​រឹត​ត្បិត​​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា

លោក កែវ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ការ​បរទេស​ជប៉ុន នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១៩។ រូបថត៖ ហ៊ី ឆាយ

មេ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល អះ​អាង​ថា ក្រុម​មន្ត្រីក្រសួងការបរទេសជប៉ុន បានបង្ហាញក្តីបារម្ភ​ជា​ថ្មី​អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មួយ​ឆ្នាំ​ក្រោយ​ពី​ប្រមុខ​ការទូត​ជប៉ុន បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​រួច​មក​ហើយ​ ក្រោយ​ការបោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស់។

ប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាល លោក កែវ រ៉េមី បាន​ជួប​ប្រជុំ​ជាមួយ​ឯក​អគ្គ​រាជ​ទូត​ទទួល​បន្ទុក​កិច្ច​សហ​ប្រជាជាតិ​នៃ​ក្រសួង​ការបរទេស​ជប៉ុន លោក ម៉ាសាតុ អូតាកា នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​នេះ។

ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​នោះ លោក កែវ រ៉េមី បាន​ថ្លែង​ថា ក្រុម​មន្ត្រី​តំណាង​រដ្ឋាភិបាល​ជប៉ុន បាន​​លើក​ឡើង​នូវ​បញ្ហា​នានា​ជាមួយ​ក្រុម​មន្ត្រី​នៃ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ការ​ធ្លាក់​ចុះ​នៃ​លំហ​សេរីភាព ការគោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។

លោក កែវ រ៉េមី ថ្លែង​ថា៖ «យើងនិយាយឲ្យមានតុល្យភាពនូវអ្វីដែលគាត់[ជប៉ុន]លើក។ គាត់បារម្ភការរំលាយគណបក្សសង្គ្រោះជាតិ ទាក់ទងទៅនឹងលោក កឹម សុខា ទាក់ទងទៅនឹងលោក កែម ឡី និងសិទ្ធិសេរីភាពសម្តែងមតិរបស់សង្គមស៊ីវិល និងការជួបប្រជុំ ។ល។ និង។ល»

ឆ្លើយតបនឹងក្តីបារម្ភរបស់មន្ត្រីការបរទេសជប៉ុន លោក កែវ រ៉េមី ប្រាប់​ថា កម្ពុជាមិនមានការរំលោភសិទ្ធិមនុស្ស ឬ​ការ​រឹតត្បិតសេរីភាពបញ្ចេញមតិរបស់អង្គការ និងសមាគមនោះទេ​ ប៉ុន្តែ លោក​អះ​អាង​ថា កន្លងមក សង្គមស៊ីវិលនានា មិនសូវសហការជាមួយរដ្ឋាភិបាលកម្ពុជា។

លោក កែវ រ៉េមី ថ្លែង​បន្ត​ថា​៖ «ប៉ុន្តែ យើងបានបកស្រាយប្រាប់គាត់ ទិដ្ឋភាពច្បាប់ អង្គហេតុ ដែលជា​ការអនុវត្តរបស់តុលាការ។ ឧទាហរណ៍ ដូចករណីហូបនំបញ្ចុក បើការទទួលទាននំបញ្ចុកធម្មតាមិនអីទេ ក៏ប៉ុន្តែ អតីតមេដឹកនាំបក្សប្រឆាំងអំពាវនាវឲ្យហូបនំបញ្ចុក ដើម្បីរួបរួមគ្នាមានគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ទាក់ទងត្រង់ចំណុចនេះ យើងអញ្ចើញ​ពួកគាត់មកបំភ្លឺ»

វីអូឌី​ ពុំ​អាចសុំការបញ្ជាក់​បន្ថែម​ពីមន្ត្រីការបរទេសជប៉ុន​​ទាំង​នោះបាន​ទេ ជុំវិញអ្វី​ដែល​លោក កែវ រ៉េមី បាន​លើក​ឡើង​នៅ​ថ្ងៃ​នេះ។

ប៉ុន្តែ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ល្ងាច​ថ្ងៃ​នេះ ស្ថានទូត​ជប៉ុន បាន​រៀបរាប់​ថា លោក ម៉ាសាតុ អូតាកា បាន​ជជែក​ជាមួយ​លោក កែវ រ៉េមី អំពី​​សេរីភាព​នយោបាយ សិទ្ធិ​សេរីភាព​នៃ​ការ​ជួបជុំ និង​សម្ដែង​មតិ សេរីភាព​នៃ​ការ​បង្កើត​សមាគម និង​ឯករាជ្យភាព​នៃ​តុលាការ​កម្ពុជា។

ស្ថានទូត​ជប៉ុន បាន​រៀបរាប់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា៖ «នៅ​ក្នុង​កិច្ច​សន្ទនា​នេះ ប្រទេស​ទាំងពីរ​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ទូទៅ ដូច​ជា សេរីភាព​ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ ការ​សម្ដែង​មតិ ការ​ជួបជុំ និង​ការ​រួម​គ្នា​ជាសមាគម និង​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​តុលាការ»

ទោះជាយ៉ាងណា រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក តារ៉ូ កូណូ បាន​បង្ហាញ​ការ​ខក​ចិត្ត​​របស់​ខ្លួន​ប្រាប់​ទៅ​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន កាល​ពី​ដើម​ខែ​សីហា​ឆ្នាំ​មុន​ហើយ ពោល​គឺ​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​នោះ​ឡើយ។

នៅ​ពេល​នោះ ប្រមុខ​ការទូត​​ជប៉ុន ​ក៏​បាន​ទទូច​ឲ្យ​កម្ពុជា​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ និង​ស្វែង​រក​ការ​ចរចា​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​ផង​ដែរ។

ការបង្ហាញនូវការខកចិត្តរបស់រដ្ឋាភិបាលជប៉ុននេះ គឺបន្ទាប់ពីក្រុមប្រទេសប្រជាធិបតេយ្យមួយចំនួន បានបង្ហាញការរិះគន់ និងថ្កោលទោសចំពោះការបោះឆ្នោតនៅកម្ពុជា​ថា គ្មានភាពសេរី និងយុត្តិធម៌នោះទេ ខណៈគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំង ចូលរួមនោះ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែន ករុណា ច្រានចោលការលើកឡើងរបស់លោក កែវ រ៉េមី ហើយ​ចាត់ទុកការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលរូបនេះថា ធ្វើឲ្យជំងឺសិទិ្ធមនុស្ស​កាន់តែធ្ងន់ធ្ងរបន្ថែមទៀត បើមិនព្យាយាមរកដំណោះស្រាយឲ្យបានទាន់ពេលនោះ។

លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា៖ «យើងលើកយកមកបកស្រាយ ឬដោះសារ​ការរំលោភសិទ្ធិមនុស្ស ឬការរំលោភសេរីភាពជួបប្រជុំ ឬក៏សេរីភាពផ្សេងៗទៀត គឺអត់មានដំណោះស្រាយអ្វីទេ។ ផ្ទុយទៅវិញ ការបកស្រាយកាន់តែមានបញ្ហាដែលជាជំងឺរបស់កម្ពុជា គឺជាជំងឺដដែល។ វាអត់មានការព្យាបាលអ្វីកើតទេ»

ក្រុមប្រទេសលោកសេរីដែលបង្ហាញការខកចិត្តទាំងនោះ រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណដា ណូវែលសេឡង់ បារាំង អាល្លឺមង់ និងអង់គ្លេសជាដើម ហើយគេឃើញមានតែប្រទេសកាន់របបសង្គមនិយមប៉ុណ្ណោះ ដែល​បង្ហាញ​ការ​សាទរ​ចំពោះ​ការបោះឆ្នោតនៅកម្ពុជា​ថា ត្រឹមត្រូវ និងអាចទទួលយកបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ