វិភាគ​៖ តើ​សាលា​ក្ដី​ខ្មែរ​ក្រហម​ចូលរួម​រក​យុត្តិធម៌​ដល់ពលរដ្ឋខ្មែរ​បាន​កម្រិត​ណា?

បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម លោក នួន ជា (កណ្ដាល) អង្គុយ​នៅ​ក្នុង​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។ រូបថត៖ អ.វ.ត.ក.

អតីត​អ្នក​ទោសប្រល័យ​ពូជសាសន៍​​​ដែល​ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ លោក​នួន ជា​ កាល​ពី​ចុង​សប្ដាហ៍​មុន​បាន​ទទួល​មរណភាព​​ បន្ទាប់​ពី​លោក​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ។

ការ​ស្លាប់​របស់​លោក​​អាច​និយាយ​បាន​ថា​ជា​ការ​បាត់បង់​ ​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យម្នាក់ទៀត ដែល​បច្ចុប្បន្ននៅ​សល់តែ​​ប្រមុខ​រដ្ឋ​នៃ​របប​​​ខ្មែរ​ក្រហម​លោក​ខៀវ សំផន ម្នាក់​ប៉ុណ្ណោះ​ដែល​​នៅ​​មាន​ជីវិត​នឹង​កំពុង​អនុវត្តន៍​ទោស​នៅ​ក្នុង​ពន្ធនាគារ​របស់​សាលា​ក្ដី។

ការ​ទៅ​បាត់​ម្ដងមួយ​នៃ​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​នេះ​វា​បង្កើត​បាន​ជា​សំណួរ​ថា តើសាលាក្ដីខ្មែរក្រហមបានចូលរួមជួយរកយុត្តិធម៌ដល់ពលរដ្ឋខ្មែរកម្រិតណា​?

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ឆាំង យុ បាន​បែង​ចែក​យុត្តិធម៌​ជា​២​គឺ ​យុត្តិធម៌​តាម​ផ្លូវ​តុលាការ និង​យុត្តិធម៌​តាម​ផ្លូវ​ចិត្ត ខណៈ​លោក​ថា​សម្រាប់​យុត្តិធម៌​តាម​ផ្លូវ​ចិត្ត​គឺ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​មិន​ទាន់​ទទួល​យក​បាន​នៅ​ឡើយ​ពី​តុលាការ​នេះ​។

លោក ឆាំង យុ៖ « ពេល​ខ្លះ​យុត្តិធម៌​សំដៅ​ទៅ​លើ​ការ​អស់​ចិត្ត។ អស់ចិត្តទៅ​លើ​ដំណើរការ អស់​ចិត្ត​នឹងការ​បាន​ដឹង អស់​ចិត្ត​នឹង​បាន​ឃើញ អស់​នឹង​ការ​បាន​ដឹង​ថា​មាន​ការ​បង្រៀន​វា​មាន​ច្រើន​សណ្ដាន​ » ។

បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហៅ​កាត់​ថា ​អ.វ.ត.ក បាន​ចំណាយ​លុយ​អស់​ជាង​៣០០លានដុល្លារ​ហើយ​មក​ដល់​ពេល​នេះ ដែល​ជា​តុលាការ​កូន​កាត់​រវាង​កម្ពុជា និង​ អង្គការសហប្រជាជាតិ​ អនុវត្តក្រោមច្បាប់ពិសេសមួយបញ្ជូលគ្នារវាងច្បាប់កម្ពុជានិងអន្តរជាតិ។​

ក្នុង​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​មាត្រា​១​ បាន​កំណត់​ថា​ជន​ដែល​ត្រូ​វហៅ​នាំ​មក​កាត់​ក្ដី​គឺ​មាន​តែ​មេដឹក​នាំ​ជាន់​ខ្ពស់​កម្ពុជា​ប្រជាធិតេយ្យ និង​ជន​ទាំង​ឡាយ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ក្នុង​អំឡុង​ថ្ងៃ១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ ថ្ងៃ​៦ មករា ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ។

ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ចែង​ថា៖ « គោល​បំណង​របស់​កិច្ច​ព្រមពៀង​នេះ​គឺ​កំណត់​អំពី​កិច្ច​សហប្រតិបត្តិការរវាង​អង្គការ​សហប្រជាជាតិ និង​រាជរដ្ឋាភិបាលកម្ពុជា ដើម្បី​កាត់​សេចក្តី​មេដឹក​នាំ​ជាន់​ខ្ពស់​កម្ពុជា​ប្រជាធិបតេយ្យ និង​ជន​ទាំង​ឡាយ​ដែល​ទទួលខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម និង​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​ព្រហ្មទណ្ឌកម្ពុជា ការ​រំលោភ​ទៅ​លើ​ច្បាប់​មនុស្ស​ធម៌ និង​ទម្លាប់​អន្តរជាតិ​ ព្រមទាំង​ការ​រំលោភ​លើ​អនុសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​ស្គាល់ » ។

ចាប់​តាំង​ពី​បង្កើត​ឡើង​រហូត​មក​ដល់​ពេល​នេះ ​សាលាក្ដីមួយ​​នេះ​បាន​កាត់ទោស​ឲ្យ​អតីត​មេ​គុក​ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​សំណុំរឿង ០០១ និង​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ពីរ​រូប គឺ​លោក នួន ជា និង​លោក ខៀវ សំផន ក្នុង​សំណុំរឿង ០០២ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ចំណែក​ឯ​សំណុំរឿង ០០៣ និង ០០៤ ដែល​មាន​ជន​ត្រូវ​ចោទ​លោក មាស មុត លោក អោ អាន លោក យឹម ទិត្យ ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ ខណៈ​លោកស្រី អ៊ឹម ចែម ជា​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង ០០៤/០១ ត្រូវ​បាន​លើកលែង​ការ​ចោទ​ប្រកាន់​កាល​ពី​​ឆ្នាំ​២០១៧ ដោយសារ​សហ​ចៅក្រម​ស៊ើប​អង្កេត​រក​ឃើញ​ថា លោកស្រី​មិន​ស្ថិត​នៅ​ក្រោម​​យុត្តាធិការ​បុគ្គល​​របស់ អ.វ.ត.ក ឡើយ។

ចំណែកលោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសម័យខ្មែរក្រហមស្លាប់កាលពីឆ្នាំ២០១៣ និង លោកស្រី អៀង ធីរិទ្ធិ អតីតរដ្ឋមន្ត្រីក្នុងក្រសួងសង្គមកិច្ចស្លាប់កាលពីឆ្នាំ២០១៥។​

អ្នកវិភាគលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ប្រាប់VOD ថាការ​ផ្ដល់​យុត្តិធម៌​របស់​សាលា​ក្ដី​នេះ​វា​ផ្ដល់​បាន​ក្នុង​កម្រិត​មួយ​​ប៉ុណ្ណោះ តែ​ទោះ​ជា​យ៉ាង​ណា​លោក​ថា​តុលាការ​នេះ​ធ្វើ​បាន​ល្អ​ហើយ​ ក្នុង​កាលៈទេសៈ​ដែល​ប្រឈម​ជា​មួយ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​នោះ។

លោក​ឡៅ ម៉ុងហៃ៖ « សកម្មភាព​របស់​ខ្មែរ​ក្រហម​មិន​មែន​ធ្វើ​ដោយ​តែ​ខ្មែរ​ក្រហម​ប៉ុហ្នឹង​ទេ វា​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ប្រទេស​ដទៃ​ទៀត​ដែរ។ ក្នុង​ការ​បង្កើត​(តុលាការ)នោះ​វា​យ៉ាង​មិច? គឺ​គេ​បង្កើត​ត្រឹមហ្នឹង​(ទឹក​ដី​កម្ពុជា) ដូច្នេះ​គឺ​មាន​ការ​លំបាក​ក្នុង​ការ​រក​ការ​ពិត និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋខ្មែរ។ ហើយ​ការ​បង្កើត​ឡើង​ហ្នឹង​គឺ​ច្បាប់​កម្រិត​ត្រឹម​ហ្នឹង ហើយ​អ្នក​នយោបាយ​យើង​គឺ​កម្រិត​ត្រឹមហ្នឹង​ដែរ ហើយ​ការ​កម្រិត​មួយ​ទៀត​នោះ​គឺ​តាំង​ពី​មុនបង្កើត​ទៅ​ទៀត​គឺ​អ្នក​ដឹក​នាំ​យើង​ថា​កម្រិត​ត្រឹម​តែ​៥​នាក់​ហ្នឹង​ទេ អ្នក​នៅ​លើៗ​ហ្នឹង » ។

ជាជន​រងគ្រោះ​ម្នាក់​នៃ​របប​ខ្មែរ​ក្រហម ​អ្នកជំនាញគោលនយោបាយ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការ​ពិភពលោក​នៃមហាវិទ្យាល័យ Occidental នៅសហរដ្ឋអាមេរិក លោក អៀ សុផល បាន​ឱ្យ​VOD ដឹង​តាម​សារ​អេឡិចត្រូនិក​អ៊ីម៉ែល​ថា​ តុលាការ​នេះ​មិន​អាច​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​បាន​នោះ​ទេ ដោយ​សារ​តុលាការ​នេះ​ត្រូវបាន​ជ្រៀតជ្រែក​ដោយ​អាជ្ញាធរ​កម្ពុជា។

លោក​អៀ សុផល៖ « ទេ! សាលាក្តី​នៅឆ្ងាយ​ពី​ភាព​ល្អ​ឥត​ខ្ចោះ​ ហើយ​យុត្តិធម៌​ក៏​មិន​​អាច​រក​ឃើញ​សម្រាប់​នរណា​ម្នាក់​ឡើយ​។ តុលាការ​នេះ​បានផ្តន្ទាទោសមនុស្សបីនាក់ ក្នុងតម្លៃ ៣០០ លានដុល្លារ។ វាត្រូវបាន​ជ្រៀតជ្រែក​ចូលក្នុងរឿង​នយោបាយ​ដោយ​អាជ្ញាធរ​កម្ពុជា​ ខណៈ​ដែល​អាជ្ញាធរ​កម្ពុជា​​ផ្ទាល់​កំពុងតែ​មមាញឹក​ក្នុងការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ហើយ​កំពុង​ភ្ជាប់​ខ្លួន​ជា​មួយ​​ប្រទេសចិន » ។

កាល​ពី​ថ្ងៃ​ទី​០៦ សីហា នាយក​រង​​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី លោក Phil Robertson បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​​ការ​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​តុលាការ​នេះ​ជា​ការ​ចំណាយ​ដែល​ឥតប្រយោជន៍ ខណៈ​មេដឹក​នាំ​ជាន់ខ្ពស់​នៃ​សម័យ​ខ្មែរ​ក្រហម​ជា​ច្រើន​រូប​ទៀត​មិន​ត្រូវ​បាន​នាំ​មក​កាត់​ទោស​នោះ។

លោក​លើក​ឡើង​ថា៖ « យុត្តិធម៌​សម្រាប់​អំពើ​ឃោរឃៅ​របស់​ខ្មែរ​ក្រហម​មិនគួរ​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​ផ្តន្ទាទោស​មេដឹកនាំ​មួយ​ចំនួន​តូច​ទេ។ គ្មាន​នរណា​ម្នាក់​គួរសង្ស័យ​អំពី​សារៈសំខាន់​នៃ​ការ​កាត់ទោស​ នួន ជា ចំពោះ​ឧក្រិដ្ឋកម្ម​របស់​គាត់​យុត្តិធម៌​សម្រាប់​អំពើ​ឃោរឃៅ​របស់​ខ្មែរ​ក្រហម​មិន​គួរ​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​ផ្តន្ទាទោស​មេដឹកនាំ​មួយ​ចំនួន​តូច​ទេ។  មន្រ្តី​ជាន់​ខ្ពស់​ខ្មែរក្រហម​ជា​ច្រើន​រូប​ទៀត​បាន​រួច​ផុត​ពី​យុត្តិធម៌​ដោយសារ​តែ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ដែល​ខ្លួនគាត់ផ្ទាល់ក៏​ជាអតីតមេបញ្ជាការខ្មែរក្រហមមួយ​រូប​ដែរ »

អ្នកនាំពាក្យសាលាខ្មែរក្រហមលោក នេត្រ ភ័ក្ត្រា បានបញ្ជាក់ប្រាប់ VOD ថាតុលាការខ្មែរក្រហមបាននាំមកនូវយុត្តិធម៌ និងការពិត ការផ្សះផ្សាផ្លូវចិត្ត ការផ្សះផ្សាជាតិ និងការចងចាំជូនជនរងគ្រោះ និងមនុស្សជាតិទាំងមូលចាប់តាំងពីដំណើរការដំបូងមកម្លោះ ខណៈលោកបដិសេធនមិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់នានាមកលើកិច្ចការតុលាការនេះ។

លោកសរសេរថា៖ « សាលាក្តីខ្មែរក្រហមមិនមានទម្លាប់អត្ថាធិប្បាយឆ្លើយតបនឹងការលើកឡើងរបស់ភាគីខាងក្រៅតុលាការដែលមិនដឹងពីការអនុវត្តការងាររបស់តុលាការទេ។ សាលាក្តីខ្មែរក្រហមអនុវត្តតាមនីតិវិធីច្បាប់ដែលមាន។ »

ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ ៦​ មករា​ ឆ្នាំ​១៩៧៩ ពល​រដ្ឋ​ខ្មែរ​ប្រមាណ​២លាននាក់​បាន​បាត់​បង់​ជីវិត​ក្រោម​ការ​ដឹក​នាំ​មនោគមវិជ្ជា​កុំមុយនីស្ត​ខ្មែរ​ក្រហម។

​​សម្រាប់​លោក អៀ សុផល ថា​ការ​ចំណាយ​លុយ​ដ៏​ច្រើន​ដើម្បី​កាត់​ទោស​ខ្មែរ​ក្រហម​តែ​ប៉ុន្មាន​នាក់​នេះ​វា​មិន​អាច​ធ្វើ​ឱ្យ​លោក​ និង​ប្រជាជន​ខ្មែរ​ស្ងប់​ចិត្ត​នោះ​ទេ តែ​លោក​ជឿថា​អ្វី​ដែល​អាច​ឱ្យ​ពួក​គាត់​ស្ងប់​ចិត្ត​បាន​នោះ​គឺ​ការ​រំងាប់​កំហឹង​តាម​រយៈការ​បដិបត្តិ​តាម​មេរៀន​របស់​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ។

លោក អៀ សុផល៖ « នៅពេល​ដែល​អង្គភាព​ជនរងគ្រោះ​នៃ​សាលា​ក្ដី​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ចង់​បាន​សំណង​អ្វី​ខ្លះ។ ខ្ញុំ​ប្រាប់​ថា​ “ ខ្ញុំ​ចង់​បាន​ឪពុក​ខ្ញុំ​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​នោះ​មក​វិញ ” ។ តែ​សំណង​នោះ​មិន​មែន​ជា​​ជនគ្រោះ​នោះ​ទេ ​មាន​តែ​ការ​ខូចខាត ហើយ​ប្រសិន​មាន​ការ​ខូច​ខាត​វា​ត្រូវ​តែ​មាន​សំណង វា​ត្រឹមត្រូវ​តាម​ច្បាប់​ប៉ុន្ដែ​ខ្ញុំ​គិត​ថា​នៅ​ចុង​បញ្ចប់​មាន​តែ​យុត្តិធម៌​ក្នុង​នៃ​ព្រះពុទ្ធ​ប៉ុណ្ណោះ រាល់​ការ​ស្អប់ខ្ពើម​ និង​អំពើ​អាក្រក់​នឹង​នាំ​ឱ្យ​មាន​ការ​ចាប់​បដិសន្ធិ​ឡើង​វិញ​ទៅ​ក្នុង​ជីវិត​ដែល​អាក្រក់​ជាង​ជិវិត​នេះ » ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ