អាជ្ញាធរខេត្តមណ្ឌលគិរីរារាំងការរៀបចំពិធីជនជាតិដើមភាគតិចពិភពលោក​

ជនជាតិដើមភាគតិចបា្ររព្ធពិធីអបអរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក (រូបថតដោយ លោក គ្រើង តុលា)

អាជ្ញាធររារាំងជនជាតិដើមភាគតិចមិនឱ្យប្រារព្ធពិធីទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកនៅថ្ងៃទី៩ ខែសីហានេះដោយអាជ្ញាធរលើកហេតុផលថា ពួកគាត់រៀបចំពិធីនេះ មុនពិធីរបស់ថ្នាក់ជាតិ។

តំណាងជនជាតិដើមភាគតិចពូនង លោក គ្រើង តុលា ប្រាប់វីអូឌីនៅថ្ងៃនេះថា ប្រធានមន្ទីរអភិភិវឌ្ឍន៍ជនបទបានបញ្ជាឱ្យកម្លាំងរារាំងពួកគាត់មិនឱ្យរៀបចំពិធីអបអរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកដែលមានអ្នកចូលរួមជាង៣០០នាក់ បើទោះបីជាពួកគាត់បានដាក់លិខិតទៅអាជ្ញាធរពាក់ព័ន្ធរួចហើយក៏ដោយ។

លោកថា៖«គាត់ថាទោះបីជាយ៉ាងណាអត់ឱ្យធ្វើទេ​។ អ៊ីចឹងខ្ញុំថា ហេតុផលអីបានមិនឱ្យធ្វើ ? គាត់ថា បើធ្វើបានលុះត្រាតែក្រោយក្រសួងមន្ទីរ ធ្វើ ។ ខ្ញុំថា រឿងក្រោយឬមិនក្រោយមិនសំខាន់ទេ​ គ្រាន់តែប្រជាពលរដ្ឋភាគច្រើន សំណូមពរធ្វើថ្ងៃទី៩ សីហានេះ ទោះតូចឬធំគាត់ត្រូវធ្វើថ្ងៃទី៩ នេះ ដល់ពេលធ្វើនៅក្រសួង និងមន្ទីរ យើងសុំចូលរួចដែរ [ប៉ុន្តែគាត់ថាអត់]»។

លោកបន្តថា អាជ្ញាធរបានរារាំងពួកគាត់ចាប់តាំងពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៩ ទើបបានអនុញ្ញាតឱ្យធ្វើវិញ ក្រោយមានអន្តរាគមន៍ពីអភិបាលខេត្តមណ្ឌលគិរី។ លោកបន្តថា ពួកគាត់ប្រារព្ធពិធីទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកនៅថ្ងៃទី៩នេះ ដោយផ្អែកទៅតាមការកំណត់របស់ច្បាប់ជាតិនិងអន្តរជាតិ។

អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុខ សារ៉ា មានប្រសាន៍ថា ខេត្តអនុញ្ញាតឱ្យជនជាតិដើមភាគតិចធ្វើនោះ ដោយខេត្តយល់ថា ការរៀបចំពិធីមានលក្ខណៈតូចជាងការរៀបចំពិធីនៅថ្នាក់ខេត្ត  និងមិនបានប៉ះពាល់អ្វីដល់សង្គម។

លោកថា៖«ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានខលមកខ្ញុំដែរ ថាហេតុអ្វីបានជាអនុញ្ញាតឱ្យគេធ្វើ។ ខ្ញុំក៏បានប្រាប់គាត់ដូចខ្ញុំបានប្រាប់វីអូឌីអ៊ីចឹងដែរ។ យើងត្រូវពិនិត្យគាត់ធ្វើខុសអ្វីដែលគាត់សុំយើង អាហ្នឹងយើងសុំការអនុញ្ញាតហាមឃាត់គាត់អត់អាចធ្វើដល់ប៉ុណ្ណឹងទេ ព្រោះប៉ុណ្ណឹងថ្នាក់ជាតិគាត់ធ្វើហើយ។ គាត់ខ្ញុំសុំ គឺគាត់សុំសែនព្រានជាលក្ខណៈប្រពៃណី មិនប្រមូលផ្ដុំគ្នា។[…] ​ដូច្នេះ ជារបៀបសាសនា ជារបៀបសែនព្រានអត់អីទៅឃាត់ទេ អ៊ីចឹងខ្ញុំប្រាប់មន្ទីរថាគួរតែចូលរួមនិងតាមមើលពួកគាត់ទៅ មិនមែនពួកគាត់ធ្វើចលនាអីកើតទេ…»

ប្រធានមន្ទីរអភិភិវឌ្ឍន៍ជនបទលោក លោក យន់ សារ៉ោម​ សុំមិនធ្វើអត្ថាធិប្បាយជុំវិញការមិនអនុញ្ញាតឱ្យជនជាតិដើមភាគតិចបា្ររព្ធតាមបែបសាសនានេះបានទេ ដោយថា លោកជាប់រវល់ប្រជុំ។

មន្ត្រីសម្របសម្រួសសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក អ៊ាង ម៉េងលី ចាត់ទុកការរារាំងនេះថាជាការរំលោភសិទ្ធិសេរីភាពរបស់ជនជាតិភាគតិចនផ្ទុយទៅនឹងច្បាប់ជាតិ និងអន្តរជាតិផងដែរ។

លោកថា៖«វាជាការបំបិទសិទ្ធិសេរីភាពជនជាតិដើមភាគតិចទូទាំងខេត្តមណ្ឌលគិរីនេះ ហើយវាផ្ទុយទៅនឹងសេចក្ដីប្រកាសរបស់ជនជាតិដើមភាគតិចដែលទទួលស្គាល់ដោយអន្តរជាតិ។ជាទូទៅ​សូម្បីតែនាយករដ្ឋមន្ត្រីក៏ធ្លាប់ចេញសារអបអរសាទទិវាជនជាតិដើមភាគតិចនេះដែរ»

លោក អ៊ាង ម៉េងលី ស្នើឱ្យរដ្ឋាភិបាលពិនិត្យ​និងចាត់វិធានការទៅលើមន្ត្រីណាដែលមិនបានគោរពទៅតាមច្បាប់ ដើម្បីកុំករណីនេះ កើតមានឡើងនៅពេលក្រោយទៀត។

ទិវាជនជាតិដើមភាគតិចពិភពលោក ត្រូវបានរៀបចំឡើងលើកទី១ នៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០០៥ ក្រោយការផ្ដួចផ្ដើមដោយអង្គការសហប្រជាជាតិ សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងអង្គការមួយចំនួនផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ