សាលារាជធានីថា នឹងរៀបចំបឹងសំរោងជាប្រយោជន៍សាធារណៈ

កន្លែងចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋដែលរស់នៅបឹងសំរោង។ ថតថ្ងៃទី៩ខែសីហាឆ្នាំ២០១៩(រូបផ្តល់ឱ្យដោយប្រជាសហគមន៍)

សាលារាជធានីភ្នំពេញ បានណែនាំឱ្យប្រជាពលរដ្ឋរស់នៅក្នុងបរិវេណផ្ទៃបឹងសំរោងទាំងអស់ រៀបចំឯកសារត្រៀមដោះស្រាយទទួលសំណងតាមគោលនយោបាយ ហើយឈប់នៅអាស្រ័យផលទីនោះ ដោយប្រគល់ឱ្យអាជ្ញាធររៀបចំជាកន្លែងបម្រើប្រយោជន៍សាធារណៈ។​

យោងតាមសេចក្តីប្រកាសចុះថ្ងៃទី៧ខែសីហា រដ្ឋបាលសាលារាជធានីកំណត់ពេលឱ្យពលរដ្ឋពាក់ព័ន្ធធ្វើការវាស់វែង និងយកឯកសារមកដោះស្រាយជាមួយអាជ្ញាធរ រយៈពេល ៣០ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ សីហា ដល់ ថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០១៩។ បើផុតឱសានវាទ ខាងរដ្ឋបាលរាជធានីនឹងមិនធ្វើការសម្របសម្រួល ឬដោះស្រាយតាមសំណូមពរណាមួយឡើយ។

លិខិតដដែលឱ្យដឹងទៀតថា កន្លងមកពលរដ្ឋដែលបានអាស្រ័យផលលើស៊ង និងស្រះចិញ្ចឹមត្រីនៅលើផ្ទៃបឹងសំរោង បានយល់ព្រមទទួលយកដំណោះស្រាយគោលនយោបាយពីអាជ្ញាធរ នៅសល់តែពលរដ្ឋមួយចំនួនដែលមិនទាន់ចូលខ្លួនមកដោះស្រាយ។

សេចក្តីជូនដំណឹងបានឱ្យដឹងបន្ថែមថា សាលារាជ្យធានីភ្នំពេញគ្រោងនឹងកែលំអរសោភណ្ឌភាពផ្ទៃបឹងសំរោងឱ្យមានលក្ខណៈល្អប្រសើរ និងធ្វើការសាងសង់ផ្លូវថ្មើរជើង រួមទាំងសួនសាធារណៈនៅជុំវិញបឹងសម្រាប់ជាទីលំហែ និងជាប្រយោជន៍ដល់សាធារណជន។

ប្រធានអង្គការធាងត្នោត លោក សឿង សារ៉ន ដែលបានចុះអង្កេតពីបញ្ហានេះ បានប្រាប់ វីអូឌី​ តាមសារអេឡិចត្រូនិចថា កន្លងមក ក៏មានពលរដ្ឋដែលមានដីនៅលើផ្ទៃបឹងសំរោងមួយចំនួន បានចេញមុខតវ៉ាជាមួយអាជ្ញាធរផងដែរ។

លោក សារ៉ន ឱ្យដឹងបន្ថែមថា៖ «នៅថ្ងៃទី ១៦ ឧសភា ២០១៩ មានប្រជាពលរដ្ឋប្រមាណ២០ នាក់ បានទៅតវ៉ាជាមួយអាជ្ញាធរសង្កាត់រួចមកហើយទាក់ទងនឹងករណីនេះ។ ហើយប្រជាពលរដ្ឋមួយចំនួនក៏គាត់មិនសុខចិត្តដែរ ព្រោះគាត់កាន់កាប់ដីនេះតាំងពីយូរណាស់មកហើយ ចំណែកផ្ទៃបឹងទើបតែកំណត់ក្នុងឆ្នាំ២០០៨។»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឱ្យ វីអូឌី ដឹងតាមបណ្តាញ Telegram ថា កន្លងមកពលរដ្ឋដែលអាស្រ័យផលនៅលើផ្ទៃបឹង បានយល់ព្រមទទួលយកដំណោះស្រាយគោលនយោបាយពីអាជ្ញាធរ នៅសល់តែពលរដ្ឋមួយចំនួន។

លោក មាសភក្តី៖ «មានបងប្អូនរបស់យើង អ្នកធ្វើស្រះ ធ្វើស៊ងចិញ្ចឹមត្រីអីហ្នឹង លោកបានចូលរួម លោកបានសហការដកចេញដកអីទៅ មានសំណង មានអីប៉ះប៉ូវជាមួយនឹងទន់ ជាមួយនឹងអី ជូនពួកគាត់អស់ហើយ អ្វីដែលនៅសេសសល់កន្ទុយបន្តិចហ្នឹង»

បន្ថែមពីលើនេះ លោក មាសភក្តី សំណូមពរឱ្យពលរដ្ឋដែលមិនទាន់ចូលខ្លួនដោះស្រាយ សូមប្រញាប់មកធ្វើការសហការដោះស្រាយបញ្ចប់ ដើម្បីប្រយោជន៍ជាតិ ដោយលោកថា អាជ្ញាធរមិនចង់ប្រើវិធានការផ្សេង។

ពាក់ព័ន្ធបញ្ហានេះដែរ លោក សារ៉ន យល់ឃើញថា អាជ្ញាធរគួរតែបង្ហាញពីតម្លាភាពតាំងពីពេលកំណត់ផ្ទៃបឹងដំបូង ដោយគួរមានការពិភាក្សាជាមួយភាគីពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីកាត់បន្ថយជម្លោះ។ បន្ទាប់មក គួរមានការបិទផ្សាយជាសាធារណៈឱ្យប្រជាពលរដ្ឋប្តឹងតវ៉ា និងជួយពិនិត្យផ្ទៀងផ្ទាត់មុននឹងទំហំផ្ទៃបឹងផ្លូវការត្រូវបានកំណត់។ អាជ្ញាធរគួរតែបង្កើតគណៈកម្មការមួយដោះស្រាយ និងប្រឹក្សា គូសវាស់លើផែនទីជាក់ស្តែងទើបជាការល្អ។

អ្នកស្រី ជា សុធារី ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅបឹងសំរោងតាំងពីឆ្នាំ ២០០៦-២០០៧ មិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ប៉ុន្តែ អ្នកស្រីចង់បានដំណោះស្រាយសមស្របមួយ។

លោកស្រី សុធារី បានប្រាប់ វីអូឌី ថា គាត់នឹងចូលទៅដោះស្រាយនឹងអាជ្ញាធរ តាមការជូនដំណឹង ព្រមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដែលសរុប លោកស្រីអះអាងថាមាន​ ៤ គ្រួសារ ក្នុងសង្កាត់ព្រែកព្នៅ និងជាង ១០ គ្រួសារ នៅសង្កាត់សំរោង ដែលទាំងអស់សុទ្ធតែបានអាស្រ័យផលនៅបឹងតាំងពីមុនអនុក្រិត្យចេញនៅឆ្នាំ ២០០៨។

អ្នកស្រី ​សុធារី លើកឡើងថា៖ «បើសិនបើសាលាក្រុងគាត់ចេញឱ្យថាដោះស្រាយឱ្យពួកខ្ញុំនៅសល់ប៉ុន្មានគ្រួសារហ្នឹង ពួកខ្ញុំនឹងប្រមូលគ្នា នាំគ្នាទៅ។ ពួកខ្ញុំចង់ស្នើឱ្យពួកគាត់[អាជ្ញាធរ]ដោះស្រាយធ្វើជាកញ្ចប់[ថវិកា]…ដូចជាពួកគាត់ដោះស្រាយឱ្យពួកខ្ញុំប៉ុន្មានអីប៉ុន្មានចឹង…ប្រសិនបើសមស្របពួកខ្ញុំនឹងចេញ»

ពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលពីបឹងសំរោងមួយរូបទៀត ដែលស្នើសុំមិនបញ្ចេញឈ្មោះ ក៏មិនជំទាស់ចំពោះគម្រោងរបស់សាលាក្រុងដែរ ឱ្យតែមានការដោះស្រាយគោលនយោបាយសមស្របណាមួយសម្រាប់គាត់ ហើយជាការអភិវឌ្ឍពិតប្រាកដ។

លោកប្រាប់ វីអូឌី ថា៖ «ខ្ញុំអត់មាន[ថា]អីទេ ប្រសិនបើរដ្ឋគាត់អភិវឌ្ឍ។ ខ្ញុំសុំដោះស្រាយគោលនយោបាយសមស្របណាមួយឱ្យខ្ញុំ ខ្ញុំក៏មិនប្រកែក ហើយបើគាត់ស្តារបឹង ឱ្យប្រាកដថាស្តារបឹង បើគាត់លុបបឹង គាត់ឱ្យថាលុបបឹងចុះណាស៎»

យោងតាមអនុក្រិត្យលេខ៦៥ ចុះថ្ងៃទី៩ មិថុនា ២០០៨ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ផ្ទៃបឹងសំរោង ដែលបច្ចុប្បន្នឋិតក្នុងភូមិសាស្រ្តសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទំហំ ៣៣៦ ហិចតា ដែលក្នុងបរិវេនផ្ទៃបឹង បានមានការកាន់កាប់ពីឯកជនមួយចំនួន និងជារដ្ឋមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ