ពលរដ្ឋកំពង់ឆ្នាំងជាង១០០គ្រួសារតវ៉ាមុខសាលាស្រុកកំពង់លែងទាមទារដំណោះស្រាយដីធ្លី

ពលរដ្ឋខេត្តកំពង់ឆ្នាំកំពុងតវ៉ានៅមុខសាលាស្រុក កំពង់លែង (រូបភាពពីវីដេអូ)

ពលរដ្ឋជាង ១០០នាក់មកពីឃុំចំនួន ២ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានប្រមូលផ្តុំគ្នាតវ៉ាមុខសាលាស្រុកនៅថ្ងៃនេះ ទាមទារទៅអាជ្ញាធរឲ្យ​ជួយដោះស្រាយវិវាទដីធ្លីជូនពួកគេ។

លោក ពច ជា ដែលអះអាងថា ជាតំណាងពលរដ្ឋនៅឃុំដា​នោះ បាន​ប្រាប់ វី.អូ.ឌី ថា អ្នកភូមិប្រមាណជាង ១០០នាក់តំណាងឲ្យពលរដ្ឋជាង១០០គ្រួសារមកពីឃុំច្រណូក និងឃុំដា បាន​ទាមទារទៅអាជ្ញាធរស្រុក​ឱ្យ​ជួយ​ផ្តល់ដីធ្លីជូនគេបានអាស្រ័យផលវិញ។

តំណាងពលរដ្ឋរូបនេះ ឲ្យដឹងថា ដីធ្លីទំហំ ១៨០ហិកតារបស់ពលរដ្ឋនៅឃុំដា ដែលថា អ្នកភូមិបានកាន់កាប់ និងអាស្រ័យផលតាំងឆ្នាំ១៩៨៨នោះ ត្រូវបានអាជ្ញាធរពាក់ព័ន្ធនៅស្រុកកំពង់លែង ចុះហាមឃាត់មិនឲ្យពលរដ្ឋភ្ជួររាស់ ដើម្បីបង្កបង្កើនផលទៀតឡើយ និងមិនប្រាប់ហេតុផលច្បាស់លាស់ថែមទៀត។

លោក ពច ជា បន្ថែមថា៖ «ពួកខ្ញុំធ្លាប់អាស្រ័យដោយយកអាត្រាក់ឈួសឆាយបន្តិចបន្តួចហ្នឹងរាល់ឆ្នាំ មិនដែលមានបញ្ហាអីទេ ទើបតែឆ្នាំនេះពួកខ្ញុំយកអាត្រាក់ទៅមិន​បានភ្ជួរផង ខាងសមត្ថកិច្ច ខាងជលផលហ្នឹងគេទៅហាមឃាត់ គេទៅដេញយើង អត់ឲ្យយើងភ្ជួរទេ។ ពេលយើងសួរគេគ្រាន់តែប្រាប់ថា ដីហ្នឹងជាដីរបស់មេ ប៉ុន្តែ មិនប្រាប់ថា មេណាទេ។ អញ្ចឹង​ហើយបានជាពួកខ្ញុំឡើងមកតវ៉ាដល់សាលាស្រុក»

ពលរដ្ឋម្នាក់លោក ទុយ លី ដែលអះអាងថា ជាតំណាងពលរដ្ឋនៅឃុំច្រណូក និយាយថា ដីធ្លីស្រែជាង ២០០ហិកតារបស់អ្នកភូមិនៅឃុំច្រណូកក៏ត្រូវបានអាជ្ញាធរស្រុកចុះហាមឃាត់មិនឲ្យអាស្រ័យផងដែរ ខណៈដល់រដូវភ្ជួររាល់ដីសម្រាប់ទុកធ្វើស្រែប្រាំងនៅរដូវទឹកស្រកវិញនោះ។

លោក ទុយ លី និយាយថា ប្រសិនជាអាជ្ញាធរមិនដោះស្រាយឲ្យពួកគាត់បានធ្វើស្រែអាស្រ័យផងវិញនោះទេ អ្នកភូមិនឹងជួបបញ្ហាជីវភាពក្នុងគ្រួសារ និងជំពាក់បំណុលធនាគារជាដើម។

លោកបន្ថែមថា៖ «អ្នកភូមិគាត់ទាមទារដីស្រែរបស់គាត់ដែលធ្លាប់អាស្រ័យផលតើ។ អញ្ចឹង ខ្ញុំ​សូមអំពាវនាវទៅសម្តេច ហ៊ុន សែន និងលោកអភិបាលខេត្តកំពង់ឆ្នាំ ជួយដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋនៅឃុំច្រណូក និងឃុំដានេះផង ធ្វើយ៉ាងម៉េចឲ្យពួកគាត់បានភ្ជួរបានរាស់ផង ព្រោះដល់រដូវហើយ ហើយពលរដ្ឋពួកខ្ញុំនៅជនបទក្រីក្រតោកយ៉ាកខ្លាំងណាស់»

អភិបាលស្រុកកំពង់លែង លោក សំ ចាន់ថន បានទទួលស្គាល់ថា អាជ្ញាធរពិតជាបានចុះហាមឃាត់មិនឲ្យពលរដ្ឋធ្វើសកម្ម​ភាពភ្ជួររាស់លើដីស្រែមែន ដោយថា បារម្ភខ្លាចពលរដ្ឋទាំងនោះលួចឈូសឆាយពង្រីកដីប៉ះពាល់ដល់ដីព្រៃលិច​ទឹក​ក្នុងតំបន់ការពារសម្រាប់ត្រីពងកូនតែប៉ុណ្ណោះ។

អភិបាលស្រុករូបនេះ អះអាងថា ប្រសិនបើ​មន្រី្តជំនាញចុះពិនិត្យរកមិនឃើញថា ពលរដ្ឋទាំងនោះមិនបានលួចឈូសឆាយដីប៉ះពាល់ដល់ការពាររបស់រដ្ឋទេ គឺអ្នកភូមិអាចបន្តអាស្រ័យផលលើដីនោះបានដដែល។

លោកបន្ថែមថា៖ «ការងារនេះ យើងបានជម្រាបជូនគាត់ជាបន្តបន្ទាប់ថា នៅក្នុងតំបន់កំពង់លែងនេះ វាពាក់ព័ន្ធទៅនឹងព្រៃលិចទឹក។ អីចឹងរាល់ការចូលភ្ជួររាស់ឈូសឆាយ សុំឲ្យពួកគាត់ដាក់ជាសំណើ​មកអាជ្ញាធរ យើងនឹងចុះទៅដើម្បីពិនិត្យជាមួយជំនាញ។ បើគាត់ធ្វើលើដីស្រែគាត់ធ្លាប់ពីមុននោះ យើងមិនជំទាស់ទេ។ បញ្ហាជម្លោះនេះ មិនជាប់ពាក់ព័ន្ធជាមួយអ្នកណាទេ»

មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា បានស្នើទៅអាជ្ញាធរខេត្តកំពង់ឆ្នាំត្រូវធ្វើការស៊ើបអង្គេតរកដើមចមដែលបណ្តាលឲ្យពលរដ្ឋផ្ទុះការតវ៉ា និងដោះស្រាយជូនពលរដ្ឋឲ្យមានតម្លាភាព ដោយថា ជៀសវាងដោះស្រាយមិនត្រឹមត្រូវធ្វើឲ្យប៉ះពាល់ និងខាត់បង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «នៅក្នុងតំបន់ហ្នឹង [តំបន់ការពារព្រៃលិចទឹកសម្រាប់ត្រីពង] មានប្រជាពលរដ្ឋរាប់រយរាប់ពាន់គ្រួសារនៅក្នុងតំបន់ ៣ហ្នឹងតាំងពីជីដូនជីតាមក។ អីចឹងប្រសិនជាអាជ្ញាធរមិនធ្វើការដោះស្រាយសម្របសម្រួលក្នុងរឿងហ្នឹងទេ អាជ្ញាធរត្រូវតែទទួលខុសត្រូវចំពោះជីវភាពគ្រួសាររបស់ពួកគាត់។ អីចឹងអាជ្ញាធរស៊ើបអង្កេតដោះស្រាយឲ្យពួកគាត់បានអាស្រ័យផលរហូតមានការបោះបង្គោលព្រំត្រឹមត្រូវ»

តំណាងពលរដ្ឋឲ្យដឹងថា ប្រសិនបើពុំមានដំណោះស្រាយសមស្របសម្រាប់អ្នកភូមិទេ ពួកគាត់នឹងនាំគ្នាឡើងទៅតវ៉ាដល់សាលាខេត្តកំពង់ឆ្នាំង ដើម្បីសុំអន្តរាគមន៍ពីអភិបាលកំពង់ឆ្នាំ លោក ឈួរ ច័ន្ទឌឿន ជួយដោះស្រាយបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ