គ្រួសារអ្នកជាប់ឃុំដោយសារជម្លោះដីធ្លីម្នាក់ សុំទៅតុលាការខេត្តកោះកុងពិចារណា និងដោះលែងស្វាមីមានសេរីភាពវិញដោយថាគាត់ពុំមានកំហុសដូចការចោទប្រកាន់នោះទេ។
លោក ចេត ប៊ុន អាយុ៦៤ឆ្នាំ រស់នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានតុលាការកោះកុងសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត កាលពីម្សិលមិញ ក្រោមការចោទថារុករានដីព្រៃក្នុងតំបន់ការពារដែលធ្វើឡើងតាមបណ្តឹងរបស់មន្ទីរបរិស្ថាន និងអង្គការការពារសត្វព្រៃមួយនៅខេត្តកោះកុង។
ភរិយាលោក ចេត ប៊ុន គឺអ្នកស្រី ខន ផុន មានប្រសាសន៍ថាករណីតុលាការសម្រេចឃុំខ្លួនស្វាមីគាត់នោះជារឿងអយុត្តិធម៌ដោយថា ស្វាមីរបស់គាត់ពុំមានកំហុសដូចការចោទប្រកាន់នោះទេ។
អ្នកស្រី ខន ផុន អាយុ៥៧ឆ្នាំ បានទាមទារទៅតុលាការដោះស្រាយលែងប្តីរបស់គាត់មានសេរីភាពវិញ ដោយថា ស្វាមីរបស់គាត់គ្រាន់តែចូលទៅកាប់ស្ការព្រៃលើដីចម្ការដំណាំហូបផ្លែរបស់ខ្លួន ដែលបានកាន់កាប់ និងបង្ករបង្កើនផលតាំងពីឆ្នាំ១៩៧៩ប៉ុណ្ណោះ។
អ្នកស្រី បន្ថែមថា៖«គេរំលោភសិទ្ធិប្តីខ្ញុំ។ វាអយុត្តិធម៌ណាស់សម្រាប់គាត់ ព្រោះដីនេះជាដីខ្ញុំធ្វើចម្ការតាំងពីឆ្នាំ១៩៧៩។ មានដំណាំធំៗ ហើយប្តីខ្ញុំគាត់ទៅត្រាយព្រៃចន្ទីហ្នឹងមិនមែនជាព្រៃធំៗដែលធ្វើមិនបាននោះទេ តើវាខុសអីដែរ»។
កូនស្រីលោក ចេត ប៊ុន គឺអ្នកស្រី ប៊ុន ហាង បានបារម្ភពីបញ្ហាសុខភាពរបស់ឪពុក ដោយថាឪពុកគាត់កំពុងមានជំងឺប្រចាំកាយមិនអាចធ្វើអ្វីធ្ងន់នោះទេ។
អ្នកស្រី បន្ថែមថា៖« ខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់។ ឪពុករបស់ខ្ញុំគ្មានធ្វើអីខុសសោះហេតុអីចាប់គាត់ទាំងអត់អង្គការច្រកឆ្នាំង។ ហើយចោទថា គាត់ទៅបំផ្លិចបំផ្លាញព្រៃឈើ ទាំងដែលឪខ្ញុំជាមនុស្សចាស់ជរាឈឺព្រឹកឈឺល្ងាច»។
អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុងលោក អ៊ុន សុវណ្ណធានី មានប្រសាសន៍ថា ការសម្រេចរបស់តុលាការ គឺធ្វើតាមនីតិវិធីច្បាប់ ហើយថា លោក ចេត ប៊ុន ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទរុករានដីព្រៃខុសច្បាប់។
លោក បន្ថែមថា៖«ពាក់ព័ន្ធជាមួយសុំណុំរឿងគាត់បច្ចុប្បន្ន ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ ហើយក៏ត្រូវបានចៅក្រមស៊ើបសួរសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នដែរ។ បទចោទគេគឺ ករណីកាប់គាស់រុករានដីព្រៃខុសច្បាប់ ដោយសារតែធ្វើការកាប់រានទៅចូលដល់តំបន់ដែលអភិរក្ស»។
មន្រ្តីសម្រាប់សម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងលោក ហ៊ួរ អ៊ីន បានស្នើទៅតុលាការពិចារណា និងធ្វើស៊ើបអង្កេតឲ្យបានច្បាស់លាស់ករណីឃុំខ្លួនលោក ចេត ប៊ុន ដោយថា ជៀសវាងការសម្រេចខុសធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋ។
មន្រ្តីការពារសិទ្ធិមនុស្សរូបនេះ ឲ្យដឹងថាការសម្រេចរបស់តុលាការនោះគឺធ្វើតាមបណ្តឹងរបស់មន្ទីរបរិស្ថានខេត្តកោះកុង និងអង្គការសម្ព័នមិត្តសត្វព្រៃ ដែលលោកថា ចំណាត់ការ និងការអនុវត្តរបស់មន្ទីរបរិស្ថានកំពុងធ្វើនេះ គឺមានស្តង់ដារពីរ និងពុំមានតម្លាភាពនោះទេសម្រាប់ពលរដ្ឋក្រីក្រ។
លោក ហ៊ួរ អ៊ីន ឲ្យដឹងថា ក្នុងខេត្តកោះកុង មានមន្រ្តីមានលុយមានអំណាចមួយចំនួនបានរុករានយកដីព្រៃខុសច្បាប់ជាច្រើនករណី ដូចជាការកាប់ព្រៃលិចទឹកនៅក្រុងខេមរភូមិន្ទ ការចាក់ដីលុបសមុទ្រនៅឃុំជ្រួយស្វា ស្រុកស្រែអំបិល និងការរុករានដីព្រៃតំបន់ផ្សេងៗទៀតនៅស្រុកបុទុមសាគរនោះ គឺមិនត្រូវបានមន្រ្តីបរិស្ថានចាត់វិធានការនោះទេ។
លោក លើកឡើងថា៖«អីចឹងយើងឃើញថា ការអនុវត្តការងាររបស់មន្ទីរបរិស្ថានហ្នឹងមានភាពខុសគ្នាណាស់ រវាងប្រជាពលរដ្ឋក្រីក្រ និងអ្នកមានលុយមានអំណាចដែលបំផ្លាញព្រៃឈើទ្រង់ទ្រាយធំនោះគឺមិនត្រូវបានស៊ើបអង្កេតនិងមានចំណាត់ការតាមផ្លូវច្បាប់ទេ។ ចំណែកពលរដ្ឋដែលកាប់ស្ការលើដីចំការចាស់របស់គាត់ បែរជាត្រូវបញ្ជូនសំណុំរឿងរបស់គាត់មកតុលាការយ៉ាងឆាប់រហ័ស»។
បើតាមសេចប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែសីហា មន្ទីរបរិស្ថានខេត្តកោះកុង អះអាងថា លោក ចេត ប៊ុន បានរុករាន និងឈួសឆាយចូលដីព្រៃតំបន់ការពារធម្មជាតិទំហំ០.៣៥ហិកតាធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល។
ក្នុងសេចក្តីជូនដំណឹងដដែល មន្ទីរបរិស្ថានឲ្យដឹងថា កន្លងមកគ្រួសារលោក ចេត ប៊ុន ធ្លាប់ស្នើសុំកាត់ឆ្វៀលដីចំនួន១០ហិកតាចេញពីតំបន់ការពារ ដោយក្នុងនោះ៤ហិកតាបានអាស្រ័យផល និងសង់លំដ្ឋានដោយពុំមានការហាមឃាត់ពីអាជ្ញាធរឡើយ។ សម្រាប់៦ហិកតាទៀត ត្រូវបានអាជ្ញាធរហាមឃាត់ប៉ុន្តែលោក ចេត ប៊ុន មិនស្តាប់នៅតែបន្តរុករានទៀតទើបមានវិធានការបែបនេះ៕