តារាកំប្លែងអ្នកនាង ភីម មិនទទួលយកនាយ តាក់ស៊ី ជាស្វាមីវិញ ក្រោយសឹក

អ្នកនាងភីម និង នាយតាក់ស៊ី ពេលបួសជាព្រះសង្ឃ (ប្រភពរូបពី បណ្តាញសង្គម)

ក្រោយពីនាយតាក់ស៊ី សឹកពីបួស តារាកំប្លែងអ្នកនាង ភីម បានសារភាពថាអ្នកនាងមិនអាចទៅមើលថែលោកក្នុងនាមជាប្ដីប្រពន្ធដូចមុនទេ ដោយសារតែមុនទៅបួស អតីតព្រះសង្ឃជាស្វាមី បានផ្ដិតមេដាយលះលែងអ្នកនាងជាផ្លូវការរួចទៅហើយ។

តារាកំប្លែងអ្នកនាង ភីម បដិសេធបន្តការរស់នៅជាមួយ នាយតាក់ស៊ី​ ដោយអ្នកនាងបានទម្លាយពីមូលហេតុជាច្រើនដែលមិនអាចត្រលប់មកធ្វើជាប្ដីប្រពន្ធនឹងគ្នាជាថ្មី ក្នុងនោះមានទាំងការរត់ចោលផ្ទះញឹកញាប់ផងដែរ។

ថ្លែងតបនឹងកិច្ចសម្ភាសន៍ អ្នកនាង ភីម និយាយថា រវាងអ្នកនាង និង នាយតាក់ស៊ីបានលែងលះគ្នាហើយ ដោយបានផ្ដិតមេដៃ ព្រមទាំងមានគ្រួសារ  និងមន្ត្រីអាជ្ញាធរដឹងឮនោះផង។ យ៉ាងណាមិញអ្នកនាងថា ហេតុផលផ្ដិតមេដៃលែងគ្នាមិនមែនជាមូលហេតុ ធ្វើអោយអ្នកនាង ឈប់ទទួលយកនាយតាក់ស៊ីក្រោយពេលសឹកនោះទេ ប៉ុន្តែបញ្ហាសំខាន់គឺលោកមានចំណុចជាច្រើនដែលមិនអាចអោយអ្នកនាងទទួលយកវិញតែម្ដង។ 

អ្នកនាង ភីម​ និយាយថារយៈពេលនៃការរួមរស់ជាមួយគ្នា នាយតាក់ស៊ីធ្វើអោយអ្នកនាង និងកូនប្រុសពិបាកផ្លូវចិត្តច្រើនសណ្ឋាន ជាពិសេសក្នុងពេលដែលលោកមានសតិអារម្មណ៍បន្តិចបន្តួច គឺចង់តែរត់ចោលប្រពន្ធកូន ធ្វើអោយអ្នកនាងមានអារម្មណ៍ខ្វះភាពកក់ក្ដៅ។ ជាក់ស្ដែង មុនពេលទៅបួសលើកចុងក្រោយ លោកនាយតាក់ស៊ី រត់ចោលផ្ទះសម្បែង ដោយអោយអ្នកនាង និងកូនទៅតាមរក និងអង្វរទម្រាំព្រមត្រលប់មកផ្ទះម្ដងជាពីរដងមកហើយ។  អ្នកនាងថាមានបញ្ហាជាច្រើនទៀត ដែលអ្នកនាងព្រលយថា ពិបាកនិយាយ។

អ្នកនាង ភីម និយាយថា៖ «ខ្ញុំអត់ចង់និយាយអីពីគាត់ទេ តែមានរឿងច្រើនទៀត ដែលខ្ញុំមិនអាចនិយាយ។ អញ្ចឹងហើយទើបក្រោយគាត់សឹកពីបួស បើទោះជាខ្ញុំចង់ផ្ដល់ឱកាសអោយគាត់ម្ដងទៀត ក៏គាត់ខ្មាស់ខ្លួនឯង មិនហ៑ានចូលផ្ទះវិញដែរ»

អ្នកនាង ភីម បានបន្ថែមថា​ អ្នកនាងនៅតែទៅសួរសុខទុក្ខ និងបានប្រគល់លុយមួយចំនួនជូនដល់លោកជាប់ខ្លួន ជាថ្នូរដែលលោកសម្រេចចិត្តលែងលះ និងប្រគល់ផ្ទះអោយអ្នកនាង មុនទៅបួស។

អ្នកនាង ភីម និយាយថា៖ «មនុស្សទាំងអស់គេថាខ្ញុំឃើញគាត់ឈឺបោះបង់គាត់ ប៉ុន្តែគាត់ដឹងខ្លួនគាត់ហើយ ថាគាត់បានធ្វើអ្វីខ្លះមុនពេលផ្តិតមេដៃលែងខ្ញុំ មុនទៅបួស។ ខ្ញុំអង្វរគាត់ណាស់ ថាអោយគាត់បួសតែមួយរយៈហើយវិលវិញទៅ តែគាត់នៅតែចង់លែងខ្ញុំ។ ហើយចង់បួសមួយជីវិត ដល់លូវគាត់បួសអត់កើត តើខ្ញុំត្រូវតាមគាត់បែបនឹងដល់អង្កាល់ទៀត»

ឆ្លើយតបនឹងការលើកឡើងរបស់ អ្នកនាង ភីម នាយតាក់ស៊ី អះអាងថា អត់ខឹងរឿងអ្នកនាងភីម មិនទទួលយកលោកជាស្វាមីដូចដើមនោះទេ។ លោកបញ្ជាក់ថានោះជាការសម្រេចចិត្តរបស់លោក។

នាយតាក់ស៊ី និយាយថា៖ «សម្រាប់ខ្ញុំពេលនេះ ខ្ញុំនឹងចូលកំប្លែងនៅ CTN វិញ ហើយសម្រាប់ការរស់នៅ ខ្ញុំអាចជួលបន្ទប់ស្នាក់នៅ ឬ នៅផ្ទះបងប្អូនអត់អីទេ។ សំខាន់ខ្ញុំ និង អូនភីម អស់និស្ស័យនឹងគ្នាទៅហើយ គឺចប់ត្រឹមហ្នឹងចុះ»។ 

នាយតាក់ស៊ី  បានបន្ថែមថា លោកមិនស្ដាយក្រោយចំពោះអ្វីដែលបានសម្រេចចិត្តទេ បើទោះជាលោកមិនអាចបួសមួយជីវិត ព្រោះតែជំងឺប្រចាំកាយដូចការចង់បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ