កម្មកររោងចក្រមួយស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញបានចោទថៅកែថា អត់បើកប្រាក់អតីតភាពការងារឱ្យពួកគេទៅតាមច្បាប់កំណត់ ឬមិនទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ។
កម្មករប្រមាណជាង៤០នាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ៊ឹង ជីង ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យបានផ្ទុះការតវ៉ាឈរមុខរោងចក្រនៅថ្ងៃនេះ ដើម្បីទាមទារទៅថៅកែបើប្រាក់អតីតភាពការងាររបស់ពួកគេរយៈពេល៦ខែម្តង។
កម្មការនីផ្នែកដេរអ្នកស្រី ភួន ស្រីពៅ ប្រាប់វីអូឌីថា រហូតមកពេលនេះកម្មករបម្រើការងារនៅរោងចក្រ ហ៊ឹង ជីង ពុំទាន់ទទួលបានប្រាក់អតីតភាពមុនឆ្នាំ២០១៩ និងក្រោយឆ្នាំ២០១៩នៅឡើយទេ។ អ្នកស្រីបន្តថា បើទោះបីជាកន្លងមកក្រុមកម្មករធ្លាប់សួរនាំ និងមានកិច្ចអន្តរាគមន៍ពីក្រសួងការងារក៏ដោយ ក៏ថៅកែរោងចក្រមួយនេះ មិនព្រមបើកប្រាក់អតីតភាពការជូនកម្មករដែរ ដោយបានត្រឹមតែសន្យាថ្ងៃនេះថ្ងៃនោះប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា«ថៅកែក្រុមហ៊ុនបានសន្យាថ្ងៃនេះថ្ងៃនោះ ពួកយើងចេះតែរងចាំរហូត ប៉ុន្តែក្រុមហ៊ុនហ្នឹងនៅតែមិនបើកឲ្យ រហូតពួកខ្ញុំដាក់ញតិ្តតាមនីតិវិធីទៅក្រសួងឲ្យជួយដោះស្រាយ ហើយក្រសួងបានបញ្ជាកឲ្យបើកឲ្យកម្មករ និងព្រមានដាក់ពិន័យក៏ដោយក៏ខាងក្រុមហ៊ុនហ្នឹងព្រមបើកឲ្យដែរ»។
កម្មការនីផ្នែកដេរម្នាក់ទៀតកញ្ញា ពៅ លីណា ឲ្យដឹងថា នៅរោងចក្រ ហ៊ឹង ជីង មានកម្មករជាង១០០នាក់កំពុងបម្រើការងារដោយភាគច្រើនជាកម្មករប្រើកិច្ចសន្យាខ្លីរយៈពេល៣ខែ និងកម្មករដេរគិតថ្ងៃ ហើយមានកម្មករប្រើកិច្ចសន្យារយៈពេលវែងមិនកំណត់ប្រហែលជាង៤០នាក់ប៉ុណ្ណោះ។
កម្មការិនីរូបនេះបន្តថា កម្មករដែលប្រើកិច្ចសន្យាមិនកំណត់ជាង៤០នាក់ជាកម្មករចាស់ដែលបានបម្រើការងារនៅរោងចក្រនោះចន្លោះពី៥ទៅ១០ឆ្នាំ។
កញ្ញាបន្ថែមថា«ខ្ញុំអំពាវនាវទៅក្រសួងការងារ និងអាជ្ញាធរជួយដោះស្រាយកម្មករផង ព្រោះលុយមិនច្រើនទេកម្មករប្រហែលជាង៤០នាក់ជាងទេ រោងចក្រគេទូរទៅកម្មកររាប់ពាន់នាក់គេបើកអស់ហើយនៅតែរោងចក្រខ្ញុំមួយទៀត មានបញ្ហាមិនចេះអស់ប្តឹងឈ្នះក៏ថៅកែមិនអនុវត្ត»។
ប្រធានរដ្ឋបាលរោងចក្រ ហ៊ឹង ជីង អ្នកស្រី អួយ ណៃស៊ីម សុំមិនធ្វើអត្ថាធិប្បាយតាមទូរស័ព្ទទេ ដោយអ្នកស្រីស្នើឲ្យទៅជួបអ្នកស្រីដល់រោងចក្រ។
អ្នកស្រីបន្ថែមថា«អត់បានទេបង[អ្នកសាព័ត៌មាន]បើបងមានការអី បងមកដល់រោងចក្រខ្ញុំផ្ទាល់ចូលក្នុង Office ខ្ញុំទើបខ្ញុំផ្តល់ព័ត៌មានដល់បងបាន»។
វីអូឌីមិនអាចសុំការឆ្លើយពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានទេចំពោះករណីនេះ។
មន្រ្តីដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត ដែលចុះដោះស្រាយករណីនេះមានប្រសាសន៍ថា ថៅកែរោងចក្រ ហ៊ឹង ជីង កំពុងតែធ្វើបំពានច្បាប់ ដោយលោកថា ក្រសួងការងារត្រូវចាត់វិធានការផាកពិន័យ និងរដ្ឋាភិបាលគួរតែផ្តល់ប្រាក់បុរេប្រទានដោះស្រាយជូនកម្មករសិន ដើម្បីដោះស្រាយផលលំបាករបស់កម្មករ។
លោកបន្ថែមថា«ចំពោះយន្តការក្រសួងគួរតែយកចិត្តទុកដាក់ហើយត្រូវតែពិន័យ ឬក៏មានយន្តការណាមួយ ដើម្បីដោះស្រាយបញ្ហាហ្នឹង ព្រោះអីយើងឃើញថា ភាគច្រើននយោជកក្នុងវិស័យកាត់ដេរហ្នឹងគឺបានបើកប្រាក់អតីតភាពការងារជូនបងប្អូនកម្មករអស់ហើយ នៅតែរោងចក្រហ៊ឹងជីងហ្នឹងដែលមិនបើកឲ្យកម្មករ មិនថាមានគោលបំណងអីពីក្រោយខ្នងនៃការមិនបើកហ្នឹងទេ»។
កាលពីឆ្នាំ២០១៨ ក្រសួងការងារបានផ្លាស់ប្តូរនីតិវិធីអនុវត្តការទូទាត់ប្រាក់អតីតភាពការងារជូនកម្មករនិយោជិកក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ពីការបើកសរុបនៅពេលបញ្ចប់ការងាររបស់កម្មករ មកបើកជាទៀងទាត់ក្នុង ១ឆ្នាំ ២ដង វិញ។ ហើយត្រូវអនុវត្តជាដំណាក់កាលទាំងប្រាក់អតីតភាពការងារថ្មី និងប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ដោយចាប់ពីខែ មិថុនា ឆ្នាំ២០១៩។
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំបន្ថែមដោយរំលឹកទៅម្ចាស់ សហគ្រាស គ្រឹះស្ថានដែលពាក់ព័ន្ធផ្សេងទៀតត្រូវអនុវត្តការបើប្រាក់អតីតភាពការងារជូនកម្មករនយោជិតតាមគោលការណ៍ថ្មីឲ្យខានតែបាន និងព្រមានចាត់វិធានការពិន័យចំពោះរោងចក្រសហគ្រាសទាំងឡាយណា ដែលអនុវត្តមិនបានត្រឹមត្រូវតាម សេចក្តីណែនាំនោះ៕