ពលរដ្ឋខេត្តពោធិ៍សាត់លំបាកក្នុងការចុះឈ្មោះសមាជិកថ្មីក្នុងសៀវភៅគ្រួសារនៅស្នងការខេត្ត

លោក ជុំ ធឿង ចៅសង្កាត់លលកស ក្រុងពោធិ៍សាត់ បានលើកឡើងពីបញ្ហាលំបាករបស់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះសមាជិកបន្ថែមទៅក្នុងសៀវភៅគ្រួសារនៅក្នុងវេទិកាសាធារណ: (រូបភាពពីពលរដ្ឋអ្នកសារព័ត៌មាន)

ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននៅខេត្តពោធិ៍សាត់បានត្អូញត្អែរពីបញ្ហាលំបាកក្នុងការចុះឈ្មោះសមាជិកបន្ថែមនៅក្នុងសៀវភៅគ្រួសារ បន្ទាប់ពីក្រសួងមហាផ្ទៃតម្រូវឱ្យគ្រួសារនិមួយៗទៅចុះនៅស្នងការដ្ឋាននគបាលខេត្តជំនួសវិញ។

នៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិមួយដែលរៀបចំឡើងក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ កាលពីចុងសប្តាហ៍មុននេះ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ៥៧១នាក់ ហើយក្នុងវេទិការនោះ មានប្រជាពលរដ្ឋជាច្រើន រួមទាំងអាជា្ញធរមូលដ្ឋានបានលើកឡើងពីការលំបាកនិងចំណាយពេលយូរនៅពេលដែលពួកគេចុះឈ្មោះសមាជិកថ្មីនៅឯស្នងការដ្ឋាននគរបាលខេត្ត។

លោក ជុំ ធឿង ចៅសង្កាត់លលកស ក្រុងពោធិ៍សាត់ បានលើកឡើងពីបញ្ហាលំបាករបស់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះសមាជិកបន្ថែមទៅក្នុងសៀវភៅគ្រួសារ(ក៤)ដោយថ្នាក់លើតម្រូវឱ្យម្ចាស់សៀវភៅទៅចុះនៅស្នងការនគបាលខេត្ត។ លោកថា ប្រជាពលរដ្ឋភាគច្រើនមិនបានទៅចុះឈ្មោះសមាជិកថ្មីទេដោយគាត់មិនហ៊ានទៅតែម្តង។

លោក ជុំ ធឿង មានប្រសាសន៍ថា៖ «ពេលពួកគាត់មានបន្ថែមសមាជិកថ្មី ខ្ញុំបានណែនាំឱ្យទៅចុះឈ្មោះកូនទើបកើតចូលទៅក្នុងសៀវភៅគ្រួសារនៅស្នងការគាត់មិនទៅ។ គាត់ថាមិនដឹងស្នងការមុខដូចម៉េចផងមានតែនៅអត់ឈ្មោះនឹងសិនហើយ»

លោកបានបន្តថា កាលដែលប្រជាពលរដ្ឋមិនបានចុះឈ្មោះសមាជិកបន្ថែមទៅក្នុងសៀវភៅគ្រួសារធ្វើឱ្យចំនួនប្រជាពលនៅក្នុងស្ថិតិនិងនៅមូលដ្ឋានជាក់ស្តែងខុសគ្នា។ លោកបានសំណូមពរទៅថ្នាក់ជាតិឱ្យផ្តល់អំណាចនេះឱ្យចុះឈ្មោះត្រឹមប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ/សង្កាត់ដូចពីមុនវិញ។

លោក ជុំ រ៉េន ប្រជាពលរដ្ឋនៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ បាននិយាយថា  គាត់បានទៅចុះឈ្មោះឲ្យកូនដែលកើតក្រោយចំនួន១នាក់នៅស្នងការនគបាលខេត្តរួចរាល់ហើយ ដោយគេតម្រូវឱ្យមានឯកសារពាក់ព័ន្ធច្រើនដើម្បីយកទៅចុះឈ្មោះដូចជា លិខិតបញ្ជាក់ពីភូមិមានបោះត្រានៅឃុំ អត្រានុគោលដ្ឋាលឪពុកម្តាយ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ អត្រានុគោលដ្ឋានអ្នកត្រូវចុះឈ្មោះ និងមានលិខិតបញ្ជាក់ពីនគបាលប៉ុស្តិ៍រដ្ឋបាល។ លោកថា បើទុកឱ្យខាងប៉ុស្តិ៍រដ្ឋបាលគេរត់ការឲ្យគឺប្រើរយៈពេលយូរអាចជាង១ខែទើបាន ។

លោក​ ជុំ រ៉េន និយាយថា៖«កាលកូនមុនៗខ្ញុំធ្វើត្រឹមប៉ូលីសប៉ុស្តិ៍អត់សាំញ៉ាំចឹងទេ គឺកាន់តែសៀវភៅគ្រួសារយើងមានស្រាប់និងសំបុត្រកំណើតកូនទៅខាងប៉ុស្តិ៍គេចុះឱ្យភ្លាម ទៅថ្ងៃនឹងបានថ្ងៃនឹងឱ្យតែជួបគេ ដល់ឱ្យមកធ្វើនៅស្នងការរញ៉េរញ៉ៃច្រើនខ្ញុំធុញហ្មង»

អ្នកស្រី ចាន់ ថន រស់នៅសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បានឱ្យដឹងថា គាត់មានកូនចំនួន៤នាក់ កូន២នាក់មុនមានឈ្មោះនៅក្នុងសៀវភៅគ្រួសារ ឯកូន២នាក់ទៀតអត់បានយកទៅចុះឈ្មោះចូលក្នុងសៀវភៅគ្រួសារទេដោយគាត់ពុំមានឯកសារគ្រាប់គ្រាន់ដើម្បីយកទៅចុះឈ្មោះ ដូចជាលិខិតបញ្ជាក់អាពាហ៍ពិពាហ៍។

អ្នកស្រី ចាន់ ថន  ថា៖«ពេលខ្ញុំយកសៀវភៅគ្រួសារទៅចុះឈ្មោះឱ្យកូនទី៣នៅប៉ុស្តិ៍ដូចកូនមុនៗ ខាងប៉ុស្តិ៍ប្រាប់ថាឱ្យទៅធ្វើនៅស្នងការ។ ហើយខ្ញុំសួរថាមានយកអីទៅខ្លះ? ប៉ុស្តិ៍ប្រាប់ថាយកនេះយកនោះទៅច្រើនពេកខ្ញុំខ្ជិល ណាមួយមិនដែលស្គាល់ស្នងការផងអត់ទៅធ្វើហ្មងទៅ»

 ស្នងការរងខេត្តពោធិ៍សាត់ លោក អោ ហ៊ាង បានឱ្យដឹងថា ការចុះឈ្មោះសមាជិកចូលក្នុងសៀវភៅគ្រួសារ(ក៤)ផ្លាស់ប្តូពីប៉ុស្តិ៍រដ្ឋបាលមកស្នងការនគបាលខេត្តនេះគឺជាគោលការណ៍របស់ក្រសួងមហាផ្ទៃដែលតម្រូវឱ្យធ្វើ។

លោក អោ ហ៊ាង មានប្រសាសន៍ថា ៖«ខ្ញុំមិនហ៊ានបកស្រាយអីច្រើនទេ គឺខាងខ្ញុំធ្វើទៅតាមការណែនាំរបស់ថ្នាក់លើតែប៉ុណ្ណោះ ប៉ុន្តែកាលដែលមកធ្វើនៅស្នងការក៍មិនមានអ្វីលំបាក់ដែរ ឱ្យតែមានឯកសារគ្រប់គ្រាន់គឺមកដល់ភ្លាមខាងជំនាញគេពិនិត្យរួច ស្នងការស៊ីញ៉េជូនភ្លាម»

ក្រោយពីមានការបកស្រាយពីស្ថាប័នជំនាញរួចមក អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានណែនាំទៅលេខាធិការដ្ឋានឱ្យកត់ត្រាទុកដើម្បីយកទៅរាយការណ៍ជូនក្រសួងមហាផ្ទៃឱ្យជួយកែសម្រួលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលនឹងសហការល្អជាមួយអាជ្ញាធរ។

បន្ទាប់មកលោកអភិបាលខេត្តបានសំណូមពរទៅប្រជាពលរដ្ឋវិញ ឱ្យហ៊ាននិយាយ ហ៊ានថា ហ៊ានអប់រំដល់មន្ត្រីខិលខូចតាំងពីថ្នាក់ភូមិរហូតដល់លើ។ បើនិយាយហើយមិនកែចរិកត្រូវរាយការណ៍មកលោក ហើយលោកនឹងចាត់វិធានការទៅទាមផ្លូវច្បាប់។

លោក ម៉ៅ ធនិន មានប្រសាសន៍ថា៖«សូមពុកម៉ែបងប្អូនជួយសម្អាតបុគ្គលដែលខិលខូច ប្រព្រិត្តអំពើមិនល្អក្នុងសង្គមខ្ញុំមិនគាំទ្រទេ ហើយក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងខេត្តក៍មិនចង់ឱ្យថ្នាក់ក្រោមខ្លួន​ធ្វើអំពើមិនល្អដែរ តែបើធ្វើហើយហាមមិនស្តាប់គឺមានតែដកចេញ»

ក្រសួងមហាផ្ទៃបានសម្រេចផ្ទេរពីការចុះឈ្មោះសមាជិកថ្មីក្នុងសៀវភៅគ្រួសារពីប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់ទៅស្នងការដ្ឋានគរបាលខេត្តវិញចាប់ពីឆ្នាំ២០១៧។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ