វិភាគ៖ តើ​កម្ពុជា​អាច​សម្រេច​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១លាន​តោន​ដែរ ឬទេ?

អ្នកលក់អង្ករមួយកន្លែង នៅផ្សារធំថ្មី ក្រុងភ្នំពេញ (រូបភាពដោយ៖ ណាត សុភាព)

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​ដែល​ទើប​ត្រូវ​បានបោះ​ឆ្នោត​ជ្រើស​តាំង​កាល​ពី​ចុង​សប្ដាហ៍​មុន​លោក សុង សារ៉ន មាន​ប្រសាសន៍​ថា​ក្នុង​អាណត្តិ​របស់​លោក លោក​​នឹង​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សម្រេច​ឱ្យ​បាន​១លាន​តោន​ក្នុង​មួយឆ្នាំ​។

លោក​​សុង សារ៉ន៖ « យើងបានឃើញហើយ កសិករមានវិបត្តិរបស់កសិករ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនឯកជន គាត់មានវិបត្តិរបស់គាត់។ ខ្ញុំសន្យាថា នឹងលើករាល់បញ្ហាមកកាន់រដ្ឋាភិបាល និងអង្គការដៃគូរអភិវឌ្ឍន៍ នាំគ្នាដោះ[ស្រាយ]។ យើងគិតថា នឹងសម្រេចបាន ១​លានតោននេះឡើងវិញ » ។ ​​

កម្ពុជា​មាន​ផែន​ការ​នាំ​ចេញ​ស្រូវ​ឲ្យ​បាន​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ តែ​គម្រោង​នេះ​មិន​ត្រូវ​បាន​សម្រេច​ផែន​ការ​នោះ​ទេ ដោយ​សារ​កង្វះ​ឃ្លាំង​ស្ដុក​ និង​ឡ​សម្ងួត​ ខណៈ​តម្លៃ​ស្រូវ និង​ទីផ្សារ​​របស់​កសិករ​ភាគ​ច្រើន​ពឹងផ្អែក​លើ​ប្រទេស​ជិត​ខាង​។

តើផែនការនេះអាចសម្រេចបានដែរឬទេក្នុងដំណាក់កាលថ្មីនេះ​?

ទីប្រឹក្សាអង្គការកសិកម្ម​សេដាក លោក សម វិទូ យល់ថា​សមត្ថភាព​កម្ពុជាពិត​ជា​អាចនាំអង្ករចេញទៅក្រៅប្រទេសបាន ១​លានតោន តែ​លោក​ថា​មិន​មែន​ពេល​នេះ​នោះ​ទេ។

លោក សម វិទូ ប្រាប់ថា៖ « ទាក់ទងរឿងប្រឡាយទឹក រឿងម៉ាស៊ីនកិនស្រូវ ការកែច្នៃ តម្លៃ​ទាំងអស់ហ្នឹងសុទ្ធ​តែធ្វើ​ឱ្យ​ពិបាក​ក្នុងការ​ប្រកួតប្រជែង អាហ្នឹងរឿងមួយ ធនធានមនុស្សយើង មិនទាន់មានសមត្ថភាពគ្រប់គ្រាន់។ មិនមែនមានន័យថា គាត់អត់​សមត្ថភាព​ទេ ប៉ុន្តែ នៅមានភាគតិច ដែលគាត់មានសមត្ថភាព គ្រប់គ្រាន់ផលិត ឱ្យការផលិតរបស់យើងវា សមស្រប​ឱ្យ​មាន​គុណភាព សម្រាប់ការនាំចេញទៅទីផ្សារ ក៏ដូចជាធ្វើឱ្យថ្លៃដើមយើងអាចប្រកួតប្រជែងគេបាន »

ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កសិកម្ម​មួយ​​អាច​ផលិតអង្ករ​បាន​ជាង​១០លាន​តោន​ក្នុង​មួយ​ឆ្នាំ ប្រទេស​នេះ​ត្រូវ​ការ​តែ​ជាង​៤លាន​​តោន​ប៉ុណ្ណោះ​ដើម្បី​ចិញ្ចឹម​ពលរដ្ឋ ខណៈ​ជាង​៥លាន​តោន​ត្រូវ​បាន​ប្រទេស​ជិត​ខាង​នាំ​គ្នា​ចូល​មក​ទិញ​ពី​កសិករ ហើយ​​ការ​នាំ​ចេញ​ទៅ​អន្តរជាតិ​ដោយក្រុម​ហ៊ុន​ឯកជន​ក្នុង​ស្រុក​មាន​ចន្លោះ​តែ​ ពី​៥០ម៉ឺន ទៅជាង​៦០​ម៉ឺន​តោន​ប៉ុណ្ណោះ។

ការ​​នាំ​ចេញ​អង្ករកម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៨ ​បាន​ជាង ៦២​ម៉ឺន​តោន ដោយ​បាន​ធ្លាក់​ចុះ​ចំនួន ១,៥​ភាគរយ បើ​ធៀប​នឹង​ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ​ជាង​ ៦៣​ម៉ឺន​តោន​​កាល​ពី​ឆ្នាំ​២០១៧​។

អ្នកជំនាញកសិកម្មលោក សាន ប៊ុននីកា មាន​ប្រសាសន៍​ថា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​កម្រិត​ទាប​នោះ​ដោយ​សារ​​ស្រូវ​ក្នុង​ស្រុក​របស់​កម្ពុជា ដែលផលិត​បាន​ភាគច្រើន​មិន​មែន​ជា​ស្រូវដែល​ជា​តម្រូវ​ការ​របស់​ទីផ្សាររបស់​អន្តរជាតិ​ លើស​ពី​នេះ​ដោយ​សារ​គ្មាន​ការ​សម្របសម្រួល​រវាង​រដ្ឋាភិបាល​ និង​កសិករ​ដែល​ដាំ​ដុះ​។

សម្រាប់​លោក សាន ​ប៊ុននីកា ថា​លោក​គ្មាន​សង្ឃឹម​ទេ​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា​អាច​សម្រេច​បាន​១លាន​តោន​នោះ ដរាប​ណា​មិន​ទាន់​មាន​ផែន​ការ​ច្បាស់​លាស់​ក្នុង​ការ​នាំ​ចេញ មាន​អំពើ​ពុករលួយ ហើយ​រដ្ឋាភិបាល​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ទីផ្សារ​របស់​ពលរដ្ឋ​​ដូច​សព្វថ្ងៃ​នេះ​។

លោកថា៖ « អត់បានទេខ្ញុំជឿថាមិនបានទេ! បើសិនជាបងប្អូនយើងទាំងខាងកើត និងខាង​លិច​គេលូកដៃ​បំផ្លាញ​ទីផ្សារ​យើង​គ្រប់​ជំហាន​ខ្ញុំជឿ​ថាអត់ទៅរួចទេ។ ដោយសារអីដោយសាររដ្ឋាភិបាលយើងអត់រួមសហការគ្នា »

នាយក​គ្រប់គ្រង​នៃ​អង្គការ​កសិកម្ម Agribuddy ​លោក យ៉ង ប៉ាក់ មាន​ប្រសាសន៍​ថា​កម្ពុជា​អាច​ធ្វើ​ទៅ​បាន​តែ​មិន​មែន​ក្នុង​ពេល​ឆាប់ៗ​នេះទេ វា​ត្រូវ​ការ​ពេល​​យ៉ាង​ហោច​ណាស់​​ក៏ ៥​ឆ្នាំ​ទៀត​ដែរ​​ក្នុង​ការ​ពង្រឹង​ការងារ​កសិកម្មក្នុង​ប្រទេស​កម្ពុជា។ លោក​ថាបញ្ហា​៣ ​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​នៅពេល​ដែល​ដាក់​គោល​ដៅ​បែប​នេះ​គឺ​ ទុន​សម្រាប់​ធ្វើ​ និង​ទិញ​ស្រូវ ការ​បង្កើន​រោង​ម៉ាស៊ីន​កិន​ស្រូវ និងបង្កើន​​ជំនាញ​កសិកម្ម​របស់​កសិករ​កម្ពុជា លើស​ពី​នេះ​ទៀត​ស្ថានទូត​កម្ពុជា​នៅតា​ម​បណ្ដា​ប្រទេស​នានា​ត្រូវ​ធ្វើ​ការ​រឿង​នេះ​ឱ្យ​ខ្លាំង​ក្លា។

លោក យ៉ង ប៉ាក់៖ « ខ្ញុំ​គិត​ថា​១លាន​តោន​បើយើង​តាំង​ចិត្ត​ធ្វើ​គឺ​៥​ឆ្នាំ​យើង​អាច​ធ្វើ​កើត​ហើយ ជួយ​ជ្រោម​ជ្រែង​គ្នា​ តែ​សហព័ន្ធ​ស្រូវ​អង្ករ​តែ​ម្នាក់​ឯង​ធ្វើ​អត់​កើត​ទេ! ខ្ញុំ​ជឿ​ថា​ត្រូវ​ការ​ជួយ​ជ្រោម​ជ្រែង​ច្រើន​ពីស្ថាប័ន​ពាក់ព័ន្ធ​ដូ​ចជា​ធនាគារ​ឯកជន ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​អភិវឌ្ឍន៍ផ្លូវ​ថ្នល់​អី​ហ្នឹង ហើយ​ខាង​អគ្គិសនី​ទៀត ព្រោះ​ឥឡូវ​តម្លៃ​ថ្លៃ​ដើម​យើង​វា​ខ្ពស់ វា​មាន​ការ​ប្រឈម​ច្រើន »

កាល​ពី​ថ្ងៃ​ទី២០ មិថុនា​កន្លង​ទៅ កម្ពុជា​ និង​ចិន​បាន​​បង្កើត​គម្រោង​ជំរុញ​ផលិត​កម្ម និង​រក្សា​តម្លៃ​អង្ករ​របស់​កសិករ​ខ្មែរ តាម​រយៈ​​ការ​សាងសង់​ឃ្លាំង​ស្រូវ-អង្ករ ចំនួន​១២ ដែល​មាន​សមត្ថភាព​ស្ដុក​សរុប​ជាង ៨២ម៉ឺនតោន និង​ឡ​សម្ងួត​ ១០​កន្លែង ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន​ជាង​១ម៉ឺន៣ពាន់​តោន​ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្ដាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ដែល​អាច​នឹង​ចេញ​រូប​រាង​នៅ​ឆ្នាំ​២០២០​ខាង​មុខ។

សម្រាប់​លោក យ៉ង ប៉ាក់ ប្រសិន​ជា​កម្ពុជា​វិនិយោគ​កសិកម្ម​អង្ករ​បាន​ជោគជ័យ ហើយ​អាច​នាំ​ចេញ​អង្ករ​បាន​១លាន​តោន​ដូច​ការ​បេ្តជ្ញា​នោះ វា​នឹង​អាច​ធ្វើ​ឱ្យ​ចំណូល​ពី​ការ​នាំ​ចេញ​​អង្ករមាន​តម្លៃ​ជាង​១ពាន់​លាន​ដុល្លារ ដែលស្មើ​នឹង​​១ភាគ៦​នៃកញ្ចប់​ថវិការ​​ជាតិ និង​ផ្ដល់​ប្រយោជន៍​ដល់​កសិករ​ជាង​២លាន​គ្រួសារ​ផ្សេង​ទៀតផង​ដែរ។

លោកថា៖ « មាន​ន័យ​ថា​ទំហំ​ជួយ​ច្រើន​ណាស់ ទាំង​ការ​បង្កើត​ការងារ​ទាំង​អី​ទាំង​អស់! ដែល​វិស័យ​កាត់​ដេរ​បើ​តាម​ខ្ញុំ​ចាំ​ប្រហែលជា​៣ពាន់​លានដុល្លារ​។ តែ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​គ្រាន់​តែយើង​អាច​ដំឡើងដល់​១លាន​ដុល្លារ​វា​អាច​នាំ​ចំណូល​បាន​ជាង​១ពាន់លានដុល្លារ ដែល​ស្មើ​នឹង​១ភាគ​៣​នៃ​វិស័​យ​កាត់ដេរ។ អញ្ចឹង​វា​បង្កើត​ការងារ​ច្រើន​ណាស់​តែ​វា​មាន​បញ្ហាប្រឈម​ច្រើន ត្រូវ​ការ​ជួយ​ជ្រោម​ជ្រែង​គ្នា យើង​មិន​គួរ​អង្គុយ​បន្ទោស​មេឃ បន្ទោស​ផ្កាយ បន្ទោស​រដ្ឋាភិបាល​ គ្រប់​ផ្នែក​ទាំង​អស់​យើង​ត្រូវ​ជួយ​គ្នា! »

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ