ក្រុមហ៊ុនកាណាដា Angkor Gold Corp. បានប្រកាសថា ខ្លួនត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់ការអនុញ្ញាតឲ្យស្រាវជ្រាវ និងរុករករ៉ែប្រេង និងឧស្ម័ននៅតំបន់ប្លុក ៨ ដែលមានទំហំ ៧៣០០គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។
ក្រុមហ៊ុននេះ បានប្រកាសបែបនេះនៅលើសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៣ ខែសីហា ដែលបង្ហាញថា ក្រុមហ៊ុន EnerCam Resources Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Angkor Gold Corp. បានស្ថិតក្នុងដំណាក់កាលចរចាសុំអាជ្ញាប័ណ្ណ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានអនុម័តលើសម្បទានរបស់ខ្លួន។
ក្នុងសេចក្តីប្រកាសដដែល នាយកប្រតិបត្តិក្រុមហ៊ុន Angkor Gold Corp. លោក Stephen Burega បានថ្លែងថា៖ «Angkor គឺជាក្រុមហ៊ុនរុករករបស់ប្រទេសកាណាដាដំបូងដែលទទួលបានឱកាសស្វែងរុករករ៉ែប្រេង និងឧស្ម័ននៅកម្ពុជា ក្រោយពីរដ្ឋាភិបាលពិនិត្យឃើញក្រុមហ៊ុន EnerCam មានសក្តានុពលគ្រប់គ្រាន់ក្នុងការរុករក និងអភិវឌ្ឍសម្បទានប្រេង និងឧស្ម័ន»។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដដែល លោក Mike Weeks ត្រូវបានដកស្រង់សម្ដីនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ «ក្រុមហ៊ុន Angkor កំពុងទន្ទឹងរង់ចាំការចរចារលើកិច្ចព្រមព្រៀងបែងចែកផលិតកម្ម (Production Sharing Agreement) និងចាប់ផ្តើមពិនិត្យទិន្នន័យ និងសិក្សាសំណាកដីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
អគ្គនាយកនៃនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះថា រដ្ឋាភិបាលកម្ពុជា រីករាយធ្វើការជាមួយក្រុមហ៊ុន Angkor ក្នុងការអភិវឌ្ឍសក្តានុពលប្រេងកាត និងឧស្ម័នរបស់កម្ពុជា។
អ្នកនាំពាក្យរូបនេះ បន្ថែមថា រដ្ឋាភិបាលបានឯកភាពជាគោលការណ៍នៅជំហានទី១ ក្នុងការផ្តល់សម្បទានដល់ក្រុមហ៊ុន EnerCam បន្ទាប់ពីពិនិត្យឃើញក្រុមហ៊ុនកាណាដាមួយនេះ មានលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងវិស័យប្រេង និងឧស្ម័ន។
លោក ជៀប សួរ ប្រាប់វីអូឌីបន្ថែមថា៖ «ជំហានទៅមុខតិចទៀត គឺយើងហ្នឹងបង្កើតគណៈកម្មការអន្តរក្រសួងអីហ្នឹង ដើម្បីធ្វើការចរចាកិច្ចព្រមព្រៀងប្រេងកាតហ្នឹង ដើម្បីអនុញ្ញាតឱ្យគាត់ចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវ»។
លោក សួរ ឱ្យដឹងបន្ថែមថា ប្រសិនបើក្រុមហ៊ុនកាណាដានោះ រកឃើញថា តំបន់សម្បទាន មានរ៉ែប្រេងកាត និងឧស្ម័នមែន ពួកគេអាចស្នើសុំនិតិវិធីធ្វើអាជីវកម្មបាន មុនរយៈពេលកំណត់ដោយច្បាប់ ៧ឆ្នាំ និងអាចពន្យាបន្ត ៣ឆ្នាំទៀត។
ទាក់ទងទៅនឹងសំណើសុំរុករកធនធានរ៉ែនេះ ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិច ហ្គូនសាឡេស ដាវិដសុន ធ្លាប់លើកឡើងពីក្តីកង្វល់ចំពោះផលប៉ះពាលទៅលើបរិស្ថាន និងពលរដ្ឋក្នុងតំបន់។
ប៉ុន្តែ លោក ជៀប សួរ បញ្ជាក់ថា រាល់ការស្រាវជ្រាវ និងរុករកធនធានរ៉ែរបស់ក្រុមហ៊ុន EnerCam គឺសុទ្ធតែត្រូវសិក្សាពីផលប៉ះពាលទៅលើបរិស្ថាន។
ក្រុមហ៊ុន EnerCam ក៏ទទួលបានការអនុញ្ញាតសិក្សាស្រាវជ្រាវធនធានរ៉ែប្រេងកាត និងឧស្ម័នលើដែនដីគោកស្ថិតនៅតំបន់ភាគឦសានប្រទេសកម្ពុជាផងដែរ។
បើតាមការឱ្យដឹងពីលោក ជៀប សួរ ក្រុមហ៊ុន Petrovietnam របស់ប្រទេសវៀតណាម ត្រូវបានរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក អនុញ្ញាតឲ្យរុករករ៉ែប្រេងកាត និងឧស្ម័ននៅប្លុក១៥ដែលលាតសន្ធឹងក្នុងខេត្តសៀមរាប និង កំពង់ធំ ប៉ុន្តែ ដោយសារមានវិប្បត្តិតម្លៃប្រេង ក្រុមហ៊ុននោះ ក៏ដកខ្លួនទៅវិញ៕