រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​​​ចាត់​ទុ​​ក​កា​​​រ​​ចរា​​ចរ​​លុ​យខុ​សច្បា​ប់ប​ង្ក​ឲ្យមា​នប​ទឧ​ក្រិដ្ឋ​​ច្រើ​ន​នៅកម្ពុជា

លោក ស ខេង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧កក្កដា ឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ស ខេង)

រ​ដ្ឋម​ន្ត្រីក្រសួ​ងមហា​ផ្ទៃ លោ​ក ​ស ខេ​ង ជំរុញទៅ​ក្រសួងពាក់ព័ន្ធឲ្យចាត់វិធានាការបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ ​ការ​ជួញ​ដូរ​គ្រឿងញៀន និងការ​ជួញ​ដូរមនុស្ស ដើម្បីឲ្យការទប់ស្កាត់បទល្មើស​មានប្រ​សិទ្ធ​ភាព​។

រដ្ឋ​មន្ត្រី​មហាផ្ទៃ​ បាន​ថ្លែង​បែប​នេះ​ក្នុងវេទិកាជាតិអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុ​ស្ស នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ​នេះ។

ក្នុងពិធីនោះ លោក ស ខេង ថ្លែងថា ការចរាចរលុយខ្មៅ ឬលុយខុសច្បាប់ បង្កឲ្យមាន​ឧក្រិដ្ឋកម្មព្រៃឈើ ឧក្រិដ្ឋកម្មគ្រឿងញៀន និងការ​ជួញដូរមនុស្ស។ លោកថា ដើម្បីទប់ស្កាត់បញ្ហានេះ កម្លាំងអនុវត្តច្បាប់ មាននគរបាលយុត្តិធម៌ ស្ថាប័នតុលាការ ចាំបាច់សហការគ្នាអនុវត្តឲ្យបានល្អ បង្កក​ទ្រព្យសម្បត្តិពួកឧក្រិដ្ឋជនទាំងនោះ។

លោក ស ខេង ថ្លែង​ថា៖ «គ្រឿងញៀនក្តី ជូញដូរមនុស្សក្តី រកស៊ីឈើខុសច្បាប់ក្តី បើយើញគ្រាន់តែចាប់មនុស្សបានមក យកមនុស្សទៅកាត់ទោស ប៉ុន្តែ អាចចរាចរលុយនោះ។ អាលុយខ្មៅនោះនៅតែចរាចរដដែលយើងអត់មានបង្កកទុកវាអត់មានប្រយោជន៍ទេ[គ្មានប្រសិទ្ធិភាព]»

សហរដ្ឋអាមេរិក បាន​ដាក់​កម្ពុជា​ឲ្យ​​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រទេស​ស្រទាប់​ទី២ នៅ​ក្នុង​រយៈ​ពេល ៣ឆ្នាំជាប់ៗគ្នា ដែល​មាន​ន័យ​ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែល​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ការ​ឃ្លាំមើល​​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស។ នេះបើតាមរបាយការណ៍​ស្ដី​ពី​ការ​ជួញ​ដូរ​មនុស្ស ដែល​ចេញ​ដោយ​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ឆ្នាំ២០១៨។

លោក ស ខេង លើកឡើងថា ចំណាត់ថ្នាក់នេះ កម្ពុជាជាប្រទេសលាងលុយខ្មៅ។ លោកថា បើលុយខ្មៅ​របស់ឧក្រិដ្ឋជន​ចរាចរលើទីផ្សារកម្ពុជាធម្មតាបាន កម្ពុជាក្លាយជាប្រទេសលាងលុយ ដែលជាបញ្ហាត្រូវទប់ស្កាត់ ដើម្បីមុខមាត់រដ្ឋាភិបាល។

លោក ស ខេង អះអាងទៀតថា  ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំមន្ត្រីអនុវត្តច្បាប់​កំណត់នីតិវិធីជាក់លាក់ថា ឧក្រិដ្ឋជនគ្រឿងញៀន ដែលសមត្ថកិច្ចចាប់បាន មិនត្រឹមតែផ្តន្ទាទោសដាក់គុកប៉ុណ្ណោះទេ តែត្រូវបង្កកទ្រព្យសម្បត្តិទៀត។ ប៉ុន្ត លោកថា វិធានការនេះត្រូវអនុវត្តទៅលើ ឧក្រិដ្ឋជនជួញដូរមនុស្ស និងឧក្រិដ្ឋជនព្រៃឈើផងដែរ។

VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ដើម្បីបញ្ជាក់ពីការជំរុញរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយទូរសព្ទមិនអាចទាក់ទងបាន។

ការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្លឹមកំសាន្តរ៉ក់ កាលពីថ្ងៃទី២៣កុម្កះដើមឆ្នាំនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ឧកញ៉ា គិត ធាង នៅពន្ធនាគារ ដោយចោទថាជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងគ្រឿងញៀន។

ការបង្ក្រាបបទល្មើសព្រៃឈើនៅភាគឦសានប្រទេស ក្នុងខេតមណ្ឌលគិរី តុលាការខេត្តនេះ បានសម្រេចឃុំខ្លួនឧកញ៉ា សឹង​ សំអុល កាលពីថ្ងៃទី១២កក្កដាពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ អះអាងថា ជាប់រវល់ ពេលសួរចប់ថា តើការឃុំខ្លួនលោកឧកញ៉ា គិត ធាង មានចំណាត់ការបង្កកទ្រព្យសម្បត្តិដែរ ឬក៏អត់។

អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី លោក មាស ប្រុស អះអាងថា លោក ឧកញ៉ា ស៊ឹង សំអុល មិនទាន់មានវិធានការច្បាប់ដើម្បីបង្កកទ្រព្យសម្បត្តិនៅឡើយទេ។

លោក មាស ប្រុស ប្រាប់ថា៖ «ចៅក្រមកំពុងតែស៊ើបអង្កេត អត់ទាន់ចេញសេចក្តីសម្រេចជាសាលក្រមនៅឡើយទេ [ចៅក្រម]កំពុងបន្តដើម្បីរកបក្ខពួកបន្តទៀត»

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ស្របទៅនឹងចំណាត់ការ​របស់លោក ស ខេង ប៉ុន្តែ លោកបារម្ភថា ការជំរុញនេះអាចនឹងគ្មានប្រសិទ្ធិភាព បើរដ្ឋាភិបាលមិនអាចទប់ស្កាត់អំពើពុករលួយ​ពីមន្ត្រីខិលខូចដែលទទួលផលពីឧក្រិដ្ឋជនទាំងនេះបាន។

លោក អំ សំអាត ប្រាប់ថា៖ «ដើម្បីឲ្យវាមានប្រសិទ្ធភាពទី១រដ្ឋាភិបាលត្រូវតែមានឆន្ទះពិតប្រាកដក្នុងការបង្ក្រាបបទឧក្រិដ្ឋទាំងអស់ហ្នឹង។ ទី២ ត្រូវធានាថា មន្ត្រីរដ្ឋាភិបាលមិនពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋទាំងអស់ហ្នឹងនោះទេ។ អញ្ចឹង អ្នកណាដែលពាក់ព័ន្ធ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ដើម្បីធ្វើជាគំរូ»

លេខាធិការដ្ឋាន​បោស​សម្អាត​លុយ​កង្វក់​អន្តរជាតិ (Financial Action Task Force) ហៅ​កាត់​ថា​ FATF កាល​ពី​ខែ​កុម្ភៈ​ឆ្នាំនេះ​ បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជី​ប្រផេះ​របស់​ខ្លួន សម្រាប់​តាមដាន​ការ​លាង​លុយ​កខ្វក់​ពី​លំហូរ​ហិរញ្ញវត្ថុ វិនិយោគ និងពាណិជ្ជកម្ម​ ចេញ​ និង​ចូល​ក្នុង​ប្រទេស​នេះ​។

អង្គការអន្តរជាតិមួយនេះ ឲ្យដឹងថា ​បច្ចុប្បន្ន​ ប្រទេស​ចំនួន ​២ ​ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ ​គឺ​ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ដែល​ប្រទេស​ទាំង​ពីរ​នេះ​ កំពុង​ត្រូវ​បាន​ពិភព​លោក​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​​ ខណៈ​ប្រទេស​កម្ពុជា និង​ប្រទេស​ ៩​ទៀត ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​តាម​ដាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ