កម្មកររោងចក្រម្នាក់នៅកំពង់ឆ្នាំង ប្ដឹងប្រធាន​ជាជន​ជាតិចិនក្រោយ​ប្រើអំពើហិង្សាលើខ្លួន

លោក ហឿន ចាន់ថន កំពុងផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន មុនពេលដាក់ពាក្យបណ្តឹង សាលាដំបូងខេត្តកំពង់ឆ្នាំង (ប្រភពរូប៖ ហ្វេសប៊ុក សង់ត្រាល់)

កម្មករបម្រើការងារនៅរោងចក្រមួយស្ថិតនៅខេត្តកំពង់ឆ្នាំង បានប្ដឹងជនជាតិចិនដែលជាប្រធានអគារនៃក្រុមហ៊ុនជីនយីទៅតុលាការ ក្រោយពីអ្នកទទួលខុសត្រូវផ្នែកដេររូប​នោះ បានប្រើអំពើហិង្សាលើរូបគេ។

កម្មករកាត់ដេរសម្លៀកបំពាក់នៅរោងចក្រជីនយីលោក ហឿន ចាន់ថន អះអាងថា កាលពីថ្ងៃទី ១៤ សីហា ២០១៩ អ្នកទទួលខុសត្រូវផ្នែកដេរ ជាជនជាតិចិនបានប្រើអំពើហិង្សាលើរូបលោក ក្រោយពីលោកបដិសេធមិនទទួលការងារ ដែលមិនមែនជាតួនាទីរបស់ខ្លួន។ លោកបន្តថា លោកបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីម្សិលមិញរួចហើយ ពាក់ព័ន្ធនឹងប្រធានអគារនៃក្រុមហ៊ុនជីនយីបានវាយលើរូបលោក។

លោក បាននិយាយថា៖« ការងារហ្នឹង ខ្ញុំអត់ធ្លាប់ធ្វើទេរយៈពេល ៣ ឆ្នាំហើយ ដល់ពេលខ្ញុំនិយាយប្រាប់គាត់ថា ហ៊ាឯងប្រើខ្ញុំ!  ខ្ញុំមាន​ការងារធ្វើដែរ ហើយការងារនោះខ្ញុំអត់ធ្លាប់ទេ។ បើសិនជាខុសទៅកាត់លុយខ្ញុំច្រើនណាស់។ អ៊ីចឹងខ្ញុំធ្វើការងារខ្ញុំសិន ដល់ពេលអ៊ីចឹងគាត់ក៏បានស្រែកដាក់ខ្ញុំ គាត់ចង្អុលមុខខ្ញុំ ជេរខ្ញុំ។ ខ្ញុំឃើញគាត់ហក់មករកខ្ញុំម្ដងខ្ញុំគេច   ខ្ញុំដឹងសភាពការមិនស្រួល ខ្ញុំក៏ដកកាំមេរ៉ាថតវាយត្រូវដៃនឹងខ្លួនតិចតួច ខ្លាំ​ង​គឺគ្រេចជើង​ខាងឆ្វេង ដោយសារ ខ្ញុំថយរងផង ថតផង»

លោក ហឿន ចាន់ថន អះអាងថា កាលពីខែឧសភា កន្លងមក ប្រធានអគារនៃក្រុមហ៊ុនជីនយីរូបនេះ ធ្លាប់បញ្ឈប់​លោកពីការងារម្ដងរួចមកហើយ បន្ទាប់ពីលោកបានបង្កើតសហជីពនៅក្នុងរោងចក្រ ប៉ុ​ន្តែក្រោយពីកម្មករតវ៉ាប្រធានអគាររូបនេះ បានទទួលយកលោកចូលធ្វើការងារវិញ។

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ឆ្នាំង លោក  ឡុង ស៊ីថា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ  តុលាការមិនទាន់ទទួលបានពាក្យបណ្ដឹងរបស់លោក ហឿន ចាន់ថន នៅឡើយទេ។

លោកថា៖«រោងចក្រជីនយី ខាងខ្ញុំមិនទាន់ទទួលបានពាក្យបណ្ដឹងទេ ​ប៉ុន្តែ[តុលាការ]ទទួលបានពាក្យបណ្ដឹងមួយទៀត កាលពីថ្ងៃទី១២ នៅក្រុមហ៊ុនឃែមស្ប៉ត រឿងប្រើហិង្សាដែរ»។

អនុប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំង លោក ស៊ឹម វណ្ណ មានប្រសាសន៍ថា ខាងមន្ទីរការងារមិនទាន់ទទួលបានពាក្យបណ្ដឹងពីកម្មករនៅឡើយទេ រហូតមកដល់ពេលនេះ។

លោកថា៖«[មន្ទីរ]មិនទាន់ទទួលបានពាក្យបណ្ដឹងពីកម្មករទេ [បើមានករណីនេះ] យើងចាត់វិធានាការតាមនីតិវិធីច្បាប់»។

បើតាមលោក ហឿន ចាន់ថន អះអាងថា រោងចក្រជីនយីមានទីតាំងស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានបើកដំណើការកាលពីឆ្នាំ២០១២ ដែលមានកម្មករប្រមាណ ៣០០០ នាក់ កំពុងបម្រើការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ