លោក ហ៊ុន សែន បញ្ជាឱ្យបង្ក្រាបល្បែងភ្នាល់​តាម​អនឡាញ​ និង​ហាម​ចេញ​អាជ្ញា​ប័ណ្ណ​ថ្មី

កាស៊ីណូនិងសណ្ឋាគារ ជីនប៉ី នៅខេត្តព្រះសីហនុ។ រូបភាព៖ វណ្ណ វិចារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​បង្ក្រាប​ល្បែង​ស៊ីសង​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត​​ដែល​គ្មាន​អាជ្ញា​ប័ណ្ណ​ទាំង​អស់ និង​បាន​ហាម​ឃាត់​ការ​ចេញ​អាជ្ញាប័ណ្ណ​​បន្ត​ដល់​ក្រុមហ៊ុន​ល្បែង​ស៊ី​សង​តាម​បណ្ដាញ​អនឡាញ។

លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​បែប​នេះ​នៅ​ក្នុង​សារាចរ​​ណែនាំ​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​​សង្កេត​ឃើញ​ថា ក្រុម​ឧក្រិដ្ឋជន​បរទេស​បាន​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា​ជា​កន្លែង​ចាប់​ជំរិត​ទារ​ប្រាក់​តាម​រយៈ​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ិនធឺណិត។

បើ​តាម​សារា​ចរ​ណែនាំ​នោះ លោក ហ៊ុន សែន បញ្ជាក់​ថា ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ិនធឺណិត បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ និង​របៀប​រៀប​រយ​សង្គម។

លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​បែប​នេះ​តែ ៤​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពីនគរបាល​នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ ដែល​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចិន​នោះ បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ដល់​ទៅ ១២៧​នាក់​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា​នេះ ក្រោម​ការ​សង្ស័យ​ថា បាន​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ិនធឺណិត។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សម្ដែង​ការ​ស្វាគមន៍​ចំពោះ​វិធានការ​បង្ក្រាប​នេះ ប៉ុន្តែ លោក​ក៏​ស្នើ​​ឲ្យ​ពង្រីក​ការ​បង្ក្រាប​ទៅ​លើ​ល្បែង​ឆ្នោត​ផង​ដែរ។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំគាំទ្រសារាចរនេះ តែនឹងតាមឃ្លាំមើលថា មានប្រសិទ្ធភាពប៉ុណ្ណា។ ឃើញថា ថ្មីៗនេះ ឃើញមានការអនុញ្ញាតផ្ដល់អាជីវកម្មឆ្នោតថែមទៀតណា។ កាលណាលេងល្បែង វាមិនចម្រើនទេ ជាការពិនិត្យរបស់យើង យើងឃើញថា មានបញ្ហាច្រើនណាស់​ក្នុងការគ្រប់គ្រងអាជីវកម្មទាំងអស់ហ្នឹង ជាពិសេសអនឡាញទៅទៀត។ សមត្ថកិច្ចគួរណាស់តែរកវិធានការបែបណាដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាព»

ក្នុង​សារាចរ​ណែនាំ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី លោក ប៊ិន ឈិន មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ មេ​នគរបាល​ជាតិ និង​អភិបាល​ខេត្ត​ទាំង​អស់ ឲ្យ​អនុវត្ត​តាម​បទ​បញ្ជា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ថ្លែងថា ក្រសួង​លោក​ទទួលបានសារាចរណែនាំនេះរួចហើយ ហើយលោកកំពុងឱ្យសហការីផ្ដល់ព័ត៌មានបន្ថែមពីចំនួនអាជ្ញាប័ណ្ណកាស៊ីណូអនឡាញនៅកម្ពុជាឱ្យសាធារណៈជនបានជ្រាបជាព័ត៌មាន។

លោក មាស សុខសេនសាន៖«ខ្ញុំបានទទួលលិខិតនិងព័ត៌មាននេះហើយ ខ្ញុំកំពុងឱ្យសហការីរកតួលេខ»

តួលេខ​ផ្ដល់​ឲ្យ​ដោយ​នាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភរវកម្ម នៃក្រសួងសេដកិច្ច និងហិរញ្ញវត្ថុបង្ហាញថា កម្ពុជា​បាន​ផ្ដល់​អាជ្ញា​ប័ណ្ណ​ឲ្យ​បើក​កាស៊ីណូ ១៦៣​កន្លែង​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​បំណាច់​ខែ​មិថុនា​ឆ្នាំ​នេះ ខណៈ​ដែល​កាស៊ីណូ​​ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណ និង​កំពុង​ដំណើរការ​អាជីវកម្ម​ល្បែង​ភ្នាល់​នៅ​ទូទាំង​ប្រទេស មាន​ចំនួន ៥៣​កន្លែង។

ទោះជាយ៉ាងណាក៏ដោយ តួលេខនៃអាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូអនឡាញ មិនទាន់ត្រូវបានក្រសួងសេដ្ឋកិច្ចបង្ហាញជាសាធារណៈនោះទេ។

មន្ត្រី​ម្នាក់​បម្រើ​ការនៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា កាស៊ីណូដែលមានអាជ្ញាប័ណ្ណហើយកំពុងដំណើរការរកស៊ីទាំងនោះភាគច្រើន បើកល្បែងអនឡាញនៅជាមួយតុល្បែងក្នុងកាស៊ីណូដែរ។

កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងកាស៊ីណូនោះឡើយ ខណៈដែលសេចក្ដីព្រាងច្បាប់គ្រប់គ្រងកាស៊ីណូ និងល្បែងភ្នាល់ កំពុងស្ថិតនៅក្នុងដៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​មុន​ បង្ហាញ​ថា កម្ពុជា​ប្រមូល​ពន្ធ​ពី​កាស៊ីណូ​បាន​ចំនួន ៤៦​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ