បទយកការណ៍៖ កុមារ​មួយ​ចំនួន​នាភូមិ​បណ្តែត​ទឹក​​នៅ​បាត់ដំបង​មិនបាន​ចូល​រៀន​​ព្រោះ​បញ្ហា​ជីវភាព​

កុមារនៅភូមិបណ្តែតទឹក​ក្នុងខេត្តបាត់ដំបង

ភូមិក្បាលតោល ជាភូមិបណ្តែតទឹកមួយក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយពលរដ្ឋភាគច្រើនរស់ពឹងអាស្រ័យលើមុខរបរនេសាទ។ ដោយសារពលរដ្ឋរស់នៅភូមិនេះមួយចំនួន មានជីវភាពក្រីក្រគ្មានមុខរបរផ្សេងដើម្បីបានចំណូលនោះ ទើបពួកគេមិនបានបញ្ជូនកូនឱ្យទៅរៀន​ឡើយ និងមានកុមារខ្លះត្រូវឈប់រៀនទាំងវ័យក្មេងថែមទៀតផង។

និយាយមួយៗ យុវជនមានវ័យ១៨ឆ្នាំ លោក ខេង ទីឃា បានលើកឡើងថាគាត់ចង់បន្តការអប់រំឱ្យបានខ្ពស់និងចប់ចុងចប់ដើមដែរ ប៉ុន្តែដោយសារជីវភាព ទើបលោកសម្រេចចិត្តបោះចោលការសិក្សាត្រឹមថ្នាក់ទី៧ កាលពីបួនឆ្នាំមុន មកជួយនេសាទក្នុងគ្រួសារជំនួសវិញ។

យុវជនដដែល សង្កេតឃើញថា បញ្ហាក្មេងបោះបង់ចោលការសិក្សានេះ មានច្រើនណាស់ក្នុងភូមិរបស់ខ្លួន។

លោកបន្តថា៖ «ឈប់រៀនហ្នឹង ដោយសារខ្វះខាតក្នុងគ្រួសារ។ ពេលខ្លះកុមារគ្នារៀនបានតែមួយថ្ងៃទៅ ហើយឈប់កន្លះខែទៅ ដោយសារគ្រួសារគ្នាក្រ ហើយត្រូវទៅជួយឪជួយអីហ្នឹង។ បាទ រៀនខានៗ ហើយអ្នកខ្លះទៅរៀនអត់ទាន់គេ ក៏ឈប់រៀនឈប់អីទៅ ហើយទៅស៊ីឈ្នួលគេ។ គ្នាក្រពេកក៏ជួល(ស៊ីឈ្នួល)ឱ្យគេទៅ ក៏អត់បានរៀនទៅ»។

មានវ័យ៤៣ឆ្នាំ ជាពលរដ្ឋរស់នៅភូមិក្បាលតោលមួយរូប អ្នកស្រី យី រិទ្ធិ រៀបរាប់ថា ក្នុងចំណោមកូនរបស់អ្នកស្រី៦នាក់ គឺ មានតែ២នាក់ប៉ុណ្ណោះបានចូលរៀនដោយម្នាក់ថ្នាក់ទី៧ និងម្នាក់ទៀតថ្នាក់ទី១២នៅខេត្តសៀមរាប ក្រោមជំនួយឧបត្ថម្ភទាំងស្រុងពីអង្គការកូរ៉េមួយ ដោយឡែក៤នាក់ទៀតមិនបានចូលរៀនឡើយ ព្រោះតែជីវភាពខ្វះខាត។

អ្នកស្រីបន្តថា៖ «នៅនេះ ត្រឹមថ្នាក់ទី៦ ហើយណាមួយយើងម្តាយក៏គ្មានលទ្ធភាពឱ្យកូនរៀន ដោយទៅនោះ(សៀមរាប) គេចិញ្ចឹមហ្នឹង។ ខ្ញុំអត់បានផ្តល់លុយឱ្យកូនរៀនទេ តិចណាស់។ ដោយឡែកកូន៤នាក់ទៀតអត់បានរៀនទេ ទៅរើសអេតចាយ សូម្បីតែអាតូចមួយអាយុ៧ឆ្នាំ ក៏ទៅរើសដែរ»។

អនុប្រធានភូមិក្បាលតោល លោក ឡេង ខេង អះអាងថាបញ្ហាក្មេងបោះបង់ចោលការសិក្សា និងមិនបានចូលរៀនសូត្រ​នោះ ពិតជាកើតឡើងច្រើនប្រាកដមែនក្នុងភូមិរបស់លោក។

លោកបញ្ជាក់អំពីមូលហេតុនេះយ៉ាងដូច្នេះថា៖ «បើនិយាយពីបញ្ហាជីវភាពគាត់មានផលប៉ះពាល់ហើយ ក៏វាប៉ះពាល់ដល់ផ្នែកសិក្សាដែរ»។

តារាងទិន្នន័យរបស់អាជ្ញាធរមូលដ្ឋានកាលពីឆ្នាំមុនបានឱ្យដឹងថាឃុំកោះជីវាំងមានភូមិចំនួន៥ និងមានពលរដ្ឋជាង២ពាន់គ្រួសារ។ ដោយឡែក ​ភូមិក្បាលតោលមានពលរដ្ឋចំនួន៨០០គ្រួសារ ស្មើចំនួនប្រជាជនជាង៣ពាន់នាក់ ហើយកុមារមានអាយុពី៦ឆ្នាំទៅដល់១៧ឆ្នាំ មានចំនួនជាង១ពាន់នាក់។

នាយកសាលាបឋមសិក្សាក្បាលតោល លោក ទីវ ពិសិដ្ឋ លើកឡើងថាបច្ចុប្បន្នសាលានេះមានសិស្ស​ក្នុងបញ្ជីចុះឈ្មោះចូលរៀនជាផ្លូវការពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ មានចំនួន២៦២នាក់ប៉ុណ្ណោះ។

លោកបញ្ជាក់ទៀតថា កុមារនៅភូមិនេះអាយុចន្លោះពី៦ឆ្នាំដល់១១ឆ្នាំ មានចំនួនជាង៥រយនាក់ ប៉ុន្តែកុមារដែលបានមកចុះឈ្មោះចូលរៀនកាលពីដើមឆ្នាំសិក្សា២០១៨-២០១៩ កន្លងទៅមានប្រមាណ២រយនាក់ប៉ុណ្ណោះ។ នាយកសាលាដដែល អះអាងថាដោយសារជីវភាពគ្រួសារពួកគេ ទើបធ្វើឱ្យកុមារនៅភូមិនេះមិនបានមករៀន និងមករៀនមិនទៀងទាត់ ហើយក៏មានកុមារខ្លះឈប់តែម្តង​។

លោកបន្តថា៖ «ដល់ធំទៅ ម្តាយឪពុកយកឱ្យ(កូន)ធ្វើការនៅផ្ទះ ដោយសារបញ្ហាជីវភាពគ្រួសារអីចឹងលោកគ្រូ។ ដោយសារអីចឹងគេឈប់ ពាក់កណ្តាលឆ្នាំអីចឹងទៅ។ ចុងឆ្នាំនេះ សិស្សបោះបង់ច្រើនដែរ ពិសេសថ្នាក់ទី៥ទី៦ ដែលធំៗ ពួកគេមិនចង់ឱ្យកូនមករៀនទេ »។

លោកទីវ ពិសិដ្ឋ បន្ថែមថាបច្ចុប្បន្នសិស្សថ្នាក់ទី៦ មានចំនួន១០នាក់ប៉ុណ្ណោះ ហើយនៅពេលពួកគេបញ្ចប់ថ្នាក់​បឋមសិក្សាទៅក៏មិនបានបន្តទៅរៀនថ្នាក់អនុវិទ្យាល័យច្រើនដែរ។ លោកថា រៀងរាល់ឆ្នាំសាលាក្បាលតោល មានសិស្សអាចបន្តថ្នាក់អនុវិទ្យាល័យបាន២ឬ៣នាក់ប៉ុណ្ណោះ ហើយឆ្នាំខ្លះគឺអត់មានតែម្តង។

គ្រូបង្រៀននៅសាលាបឋមសិក្សាក្បាលតោលមួយរូប លោក ហុក រ៉ានោ អះអាងថាកុមារមករៀននៅសាលានេះមិនបានទៀងទាត់ឡើយ ដោយថាពេលពួកគេទំនេរក៏មករៀន ហើយពេលណាជាប់នេសាទក៏ខកខានតែម្តង។ លោកថា បញ្ហានេះ ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ក្មេង។ ​

លោកបន្តថា៖ «ធ​ម្មតាទេបង កាលណាតែយើងមករៀនមិនបានទៀងទាត់ នរណាក៏ដូចនរណាដែរ គឺវាពិបាកមែនទែនតែម្តង។ យើងបង្រៀនក៏ពិបាក ជួនកាល អំឡុងពេលយើងចុះឈ្មោះចូលរៀនហ្នឹងមានសិស្សភាគតិចបានមកចុះឈ្មោះចូលរៀន ដល់អីចឹងយើងមិនអាចទាល់តែចាំដល់មានសិស្សច្រើនបានរៀនទេ។ ដល់អីចឹងយើងបង្រៀនសិន ដល់ពេលពួកគាត់មកថ្មីទៀត ក៏យើងមិនអាចបង្រៀនបកក្រោយទៅឱ្យគាត់វិញបានដែរ។ អីចឹងយើងត្រូវតែតមេរៀន ដោយជួនកាលគាត់ក៏ចាប់បានទៅ ជួនកាលគាត់ក៏មិនអាចចាប់បានដែរ»។

បច្ចុប្បន្នសាលាបឋមសិក្សាក្បាលតោលមាន​ គ្រូក្របខណ្ឌរដ្ឋ និងគ្រូកិច្ចសន្យាចំនួន៦រូប ដោយបូករួមទាំងលោកគ្រូនាយកម្នាក់ផង។ ​សាលានេះ មាន២ខ្នង និងមាន៤បន្ទប់ ដោយត្រូវបែងចែកសិស្សរៀនវេនព្រឹក និងវេនរសៀល។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក ឌី ខាំបូលី មានប្រសាសន៍ថាជាគោលនយោបាយរបស់ក្រសួងគឺធានាការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន និងឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ​ និងបានរុញសេវាអប់ទៅកាន់តែកៀកនឹងពួកគេថែមទៀតផង។

យ៉ាងនេះក្តីលោកទទួលស្គាល់ថា បញ្ហាបោះបង់ចោលការសិក្សា និងរៀនត្រួតថ្នាក់នៅមានមួយចំនួនតូច​ ប៉ុន្តែលោកថាចំនួននោះ គឺបានកាត់បន្ថយច្រើនក្នុងរយៈកាលប៉ុន្មានឆ្នាំចុក្រោយនេះ។ ​

លោកមានប្រសាសន៍ថា៖ «អីចឹងយើងកាត់បន្ថយបានច្រើនណាស់ រឿងអាត្រាបោះបង់ រឿងអាត្រាត្រួតថ្នាក់ របស់សិស្សនេះ។ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ គឺនៅសល់ភាគរយតិចមែនទែនបាទ។ បើយើងនិយាយពីបឋមសិក្សាវិញ ការចូលរៀន ក៏ដូចការបញ្ចប់ការសិក្សាវិញ គឺសឹងតែមួយរយភាគរយទៅហើយ។ យើងបានរហូតដល់ឆ្នាំខ្លះបាន៩៨ភាគរយ ឆ្នាំខ្លះធ្លាក់មក៩៧ភាគរយ ប៉ុន្តែវានៅវិលជុំវិញហ្នឹង ៩៧ឬ ៩៨ភាគរយ អាត្រាចូលរៀនរបស់សិស្សនៅបឋមសិក្សារបស់សិស្សហ្នឹង»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថាក្រុមកុមារដែលប្រឈមនឹងការបោះបង់ចោលការសិក្សាឬ មិនបានចូលរៀន រួមមានកុមារតាមឪពុកម្តាយដែលធ្វើចំណាកស្រុក។ កុមារកើតក្នុងគ្រួសារមានភាពក្រីក្រ ដែលរស់នៅតំបន់ដាច់ស្រយាល ដូចជានៅតំបន់ទឹកលិច ឬរស់លើទូក និងកុមារជាកូនជនជាតិដើមភាគតិចផងដែរ។

លោកថា ដើម្បីដោះស្រាយបញ្ហាបោះបង់ចោលការសិក្សាឬ បញ្ហាមិនបានចូលរៀនរបស់កុមារនេះជារឿងចាំបាច់ ដោយថាជំហានដំបូងគេត្រូវរកមូលហេតុដែលបណ្តាលឱ្យពួកគេបោះបង់ចោលការសិក្សាឱ្យឃើញ ទើបអាចដោះស្រាយចេញ។

លោកបន្តថា៖ «នៅពេលមានការវាយតម្លៃថាតើ មានសិស្សបោះបង់ចោលការសិក្សា ដោយសារអី? ប្រសិនបើរកចម្លើយនេះឃើញ ពេលនោះការរកមធ្យោបាយដោះស្រាយ គឺអាចទៅរួច។ យើងមើលទៅលើទិដ្ឋភាពទី១ គឺការឧបត្ថម្ភទៅដល់មធ្យោបាយផ្សេងៗសម្រាប់ពួកគេអាចទៅរៀនបាន។ ក្នុងនោះដែរឪពុកម្តាយហ្នឹងត្រូវតែមានលក្ខខណ្ឌមួយហ្មត់ចត់ដែរ ដើម្បីធានាថា ពួកគេហ្នឹងមិនដកកូនចេញពីសាលាយកទៅធ្វើពលកម្មកុមារ»។

កាលពីខែឧសភា អង្គការ​សង្គ្រោះ​កុមារ​អន្តរជាតិ​ឬហៅថា Save The Children បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៩​ ដោយ​​រក​ឃើញ​ថា​កុមារ​កម្ពុជា​ដែល​មាន​អាយុ​ពី​៣ ដល់​៥​ឆ្នាំ​ ប្រមាណ​៦០​ភាគរយ​មិន​បាន​ចូល​រៀន​ថ្នាក់​មតេ្តយ្យ​នោះ​ទេ។

អង្គការ​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា​ កម្រិត​កុមារ​ដែល​មិន​បាន​ចូល​រៀន​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅឡើយ ដោយអះអាង​​ថាមាន​កុមារ​ជាង​ ២២ភាគរយ​នៃ​កុមារ​ទាំង​អស់នៅកម្ពុជា​មិន​​ទទួល​បាន​ការ​អប់រំ​ទាំងនៅ​ថ្នាក់កម្រិត​បឋមសិក្សា និងនៅកម្រិត​វិទ្យាល័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ