លោក ហ៊ុន សែន ហាមមិនឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានងារជា «ឧកញ៉ា»

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ (ប្រភព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តីហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាមដាច់ខាតមិនឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ មានងារជា «ឧកញ៉ា» ដើម្បីយកងារនោះទៅប្រព្រឹត្តបទល្មើសខុសច្បាប់បន្តទៀតឡើយ។

ការដាក់​បំរាម​របស់​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្វើឡើង​ ក្រោយពីសមត្ថកិច្ចរដ្ឋាភិបាល  ឃាត់ខ្លួន មន្ត្រីយោធា ឈ្មោះ គង់ ក្រឹង កាលពីថ្ងៃទី១៧ ខែសីហានេះ។ មន្ត្រីយោធារូបនោះ បានប្រើងារជា «ឧកញ៉ា» ដើម្បីរកស៊ីទិញ ឈើខុសច្បាប់ ពីខេត្ត​មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ហើយយកទៅលក់នៅប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហោះសារលើហ្វេសប៊ុក​របស់លោកនៅថ្ងៃនេះថា កន្លងមកមានអ្នកធ្វើការងារនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធមួយចំនួន ដូចជា ទាហាន នគរបាល និងកងរាជអាវុធហត្ថ បានយកតូនាទីជា «ឧកញ៉ា» ទៅប្រកបការងារផ្សេងៗខុសច្បាប់។

លោក ហ៊ុន សែន បានសរសេរថា៖ «នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងដាច់ណាត់ គឺហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានដូចជា ទាហាននគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតឡើយ ដែលកន្លងមកមានមួយចំនួនបានយកតួនាទីទាំងនេះទៅប្រកបការងារផ្សេងៗខុសច្បាប់។»

អ្នក​នាំពាក្យគណបក្ស​ប្រជាជន​ លោក សុខ ឥសាន មានប្រសាសន៍ឲ្យដឹងបន្ថែម​ថា ដើមចមដែលនាំឲ្យលោកនាយករដ្ឋមន្ត្រីហាមមិនឲ្យកងកម្លាំងប្រដាប់អាវុធមានងារជា «ឧកញ៉ា» គឺ​ដើម្បី​ជួយទប់ស្កាត់ភាពអសកម្មនានាដែលកើតមានឡើងក្នុងសង្គម។

លោកមានប្រសាសន៍ថា៖ «ការចាត់វិធានការ ដើម្បីកុំឲ្យត្រួតគ្នា ស័ក្តិផង ហើយងារជា«ឧកញ៉ា»   ផង វាជាបញ្ហាមួយដើម្បីទប់ស្កាត់ជនល្មើសមួយចំនួន ហើយមានស័ក្តិ ហើយមានងារជា«ឧកញ៉ា»  ដើម្បីយកទៅប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ឬមួយកាត់បន្ថយបាតុភាពអសកម្ម ដែលកើតឡើងនូវអំពើប្រព្រឹត្តអំពើល្មើសច្បាប់របស់សាម៉ីជនទាំងឡាយនោះ»

ចំណែក អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោក អេង ហ៊ី មានប្រសាសន៍ថា ក្រុមការងាររបស់លោកបានជូនដំណឹងទៅមន្ត្រីពាក់ព័ន្ធទាំងអស់ឲ្យស្រង់ឈ្មោះ អ្នកដែលមានតួនាទីជា «ឧកញ៉ា» ដើម្បីអនុវត្តតាមប្រសសន៍របស់រដ្ឋាភិបាលរួចរាល់ហើយ​។

លោក មានប្រសាសន៍ថា៖ «កងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍មេបញ្ជាការ បានឲ្យជំនាញខាងកសាងកម្លាំងគឺបានឲ្យមើល បានឲ្យប្រកាសអ្នកដែលមានងារជា «ឧកញ៉ា» សុំឲ្យឈប់ សុំឲ្យលាលែង។»។

អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណា មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាយឺតពេលបន្តិច ក្នុងការទប់ស្កាត់មិនឲ្យមន្ត្រីកងកម្លាំងប្រដាប់អាវុធមួយចំនួនមានងារជា «ឧកញ៉ា»​ ដែលបណ្តែតបណ្តោយឲ្យពួកគេប្រើអំណាចប្រព្រឹត្តបទល្មើសប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

លោក មានប្រសាសន៍ថា៖ «បើយើងគិតវាយឺតខ្លះហើយ ប៉ុន្តែវាប្រសើរជាងមិនលើកឡើង ថ្វីត្បិតតែយឺត ប៉ុន្តែវាត្រូវការចាំបាច់ ដើម្បីទប់ស្កាត់បញ្ហាអនាធិបតេយ្យហ្នឹង។​ កន្លងមកធ្លាប់មានច្រើន មិនត្រឹមតែឥឡូវឯណា មានច្រើនណាស់ វាយូឆ្នាំហើយ។ វាកើតបញ្ហាផ្សេងៗ ប៉ុន្តែទើបតែចាប់អារម្មណ៍»។

បើតាម​លោក សុខ ឥសាន មានប្រសាសន៍បន្ថែមទៀតថា កាលពីមុន អ្នកដែលមានងារជា «ឧកញ៉ា» ត្រូវមានលុយបរិច្ចាកជូនរដ្ឋប្រហែលជា១០ម៉ឺនដុល្លារ ខណៈបច្ចុប្បន្ននេះ លោកថា អ្នកដែលចង់ទទួលបានងារជា «ឧកញ៉ា» ត្រូវបរិច្ចាកលុយជូនរដ្ឋប្រហែលជា៥០ម៉ឺនដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ