កម្ពុជា គ្រោងស្នើដាក់ម្ហូប និងបង្អែមខ្មែរ១០មុខក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

មុខម្ហូប និងបង្អែមប្រពៃណីខ្មែរ តាំងបង្ហាញនៅសន្និសីទអន្តរជាតិលើកទី១ ស្ទីពីទេសចរណ៍ម្អូបអាហារ នៅសណ្ឋាគារសុខា ថ្ងៃទី២១ សីហា ២០១៩ (រូបភាពៈ ក្រសួងទេសចរណ៍)

កម្ពុជា គ្រោងស្នើសុំចុះមុខម្ហូប៥មុខ និង បង្អែម៥មុខ ក្នុងបញ្ជីបេតិកភណ្ឌអរូបីយពិភពលោករបស់អង្គការ​យូណេស្កូ (UNESCO) ដើម្បី​លើកស្ទួយ​វិស័យទេស​ចរណ៍ម្ហូបអាហារ។

គម្រោងនេះ ត្រូវបានលើកឡើងដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងសន្និសីទអន្តរជាតិលើ​ក​​ទី១ ស្តីពីទេសចរណ៍ម្ហូបអាហារ ថ្ងៃទី២១ សីហា នៅសណ្ឋា​គារ​សុខា ក្នុងគោលដៅលើកកម្ព​ស់​គុណតម្លៃម្ហូបអត្តសញ្ញាណជាតិខ្មែរ ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ។

យោងតាមសំណេរលើទំព័រ Facebook ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តី​​ក្រសួងទេសចរណ៍ លោក​ ថោង ខន បានលើកឡើងថា វិស័យម្ហូបអាហារ ជាកម្លាំងចល​ករ​​ដ៏សំខាន់ក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។

លោក ថោង ខុន មានប្រសាសន៍ថា៖ «ម្ហូបអាហារ បានចូលរួមដល់ការបង្កើតភាពចងចាំដល់​ទេស​ចរ អំពីគោលដៅដែលបានទស្សនា និងជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណ ការរស់នៅរបស់ប្រជាជនក្នុងតំបន់ប្រាប់ទៅភ្ញៀវទេសចរ»។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ឱ្យដឹងដែរថា ការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ​មនុស្សជាតិនេះ នឹងជំរុញឱ្យទេសចរអន្តរជាតិស្គាល់មុខម្ហូបខ្មែរ និងចង់មកភ្លក់ ដូចពួកគេចង់មកទស្សនាប្រាសាទបុរាណរបស់ខ្មែរ ដែលបានចុះក្នុងបញ្ជីអង្គការ​យូណេស្កូ។

លោក សុភ័ក បន្ថែមថា៖ «ការស្នើបញ្ចូលម្ហូបអាហារហ្នឹង…គឺក្នុងគោលបំណងមួយ យើងចង់លើ​កពីគុណតម្លៃនៃម្ហូបអាហារខ្មែរ ដែលទាក់ទងទៅនឹងប្រពៃណីទំនៀមទម្លាប់ និងបតិកភ​ណ្ឌ​​របស់ជាតិខ្មែរ ដើម្បីបង្ហាញអន្តរជាតិឱ្យបានស្គាល់ថា កម្ពុជា ជាគោលដៅទេសចរណ៍មួយល្អ មិនត្រឹមតែ[មាន]សម្បត្តិបេតិកភណ្ឌប្រាង្គប្រាសាទបុរាណនានា រួមនឹងអេកូទេសចរណ៍អីទេ ប៉ុន្តែ មានមុខម្ហូបដ៏ឆ្ងាញ់សម្រាប់ជានិមិត្តរូបរបស់កម្ពុជា»។

បើតាមលោក សុភ័ក ប្រាប់ វីអូឌី តាមប្រព័ន្ធ Telegram មុខម្ហូបទាំង៥ នោះ មានដូចជាសម្លកកូរ សម្លម្ជូរខ្មែរ សម្លប្រហើរ ហ​​ហ្មុក(អាម៉ុ​ក) និងនំបញ្ចុក។  ចំណែកបង្អែម ៥មុខនោះ រួមមាន នំអន្សម នំស្លឹកស្រស់ នំចក្រច័ន្ទ នំផ្លែ​អាយ និងបាយដំណើបសង់ខ្យា។​  

លោក តុប សុភ័ក បញ្ជាក់ថា មុននឹងដាក់មុខម្ហូប និងបង្អែមទាំងនោះទៅកាន់អង្គការយូនី​ស្គូ កម្ពុជា ត្រូវការសិក្សាស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់ និងត្រូវឆ្លងច្រើនដំណាក់កាល ដែលអាចនឹងត្រូវការពេលច្រើនឆ្នាំ។ 

សហប្រធានក្រុមការងារទេសចរណ៍ឯកជន​ លោក លូ ម៉េង គាំទ្រចំពោះគម្រោងស្នើខាងលើ ដោយលោកយល់ឃើញថា អាហារគឺជាផ្នែកសំខាន់បំផុតមួយសម្រាប់វិស័យទេសចរណ៍។​

លោក ម៉េង ប្រាប់បន្ថែមថា៖ «​នេះគឺជាគំនិតល្អដែលយើងលើកវប្បធម៌ខ្មែរយើងតាមម្ហូបហ្នឹង។ ព្រោះយើងដឹងថា វិស័យទេសចរណ៍ ភ្ញៀវនឹងជ្រើសរើសទីតាំងដើរលេង ហើយសំខាន់បំផុតហ្នឹងកន្លែងកម្សាន្ត ហើយក្បែរហ្នឹងក៏ម្ហូបអាហារហ្នឹងដែរ»។

លោក លូ ម៉េង ប្រាប់ថា ក្នុងនាមជាតំណាងសហព័ន្ធទេសចរណ៍កម្ពុជា លោកនឹងជំរុញឱ្យ​សមាជិក ជួយផ្សព្វផ្សាយមុខម្ហូបខ្មែរបន្តទៅដល់អតិថិជន ឱ្យពួកគេបានស្គាល់ និងភ្លក់មុខម្ហូបអត្តសញ្ញាណរបស់ខ្មែរ។  

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីង សាទរយ៉ាងចំពោះគំនិតផ្តួចផ្តើម​ដាក់បញ្ចូលមុខម្ហូបអាហារប្រពៃណីខ្មែរជាសម្បត្តិបេតិកភណ្ឌអរូបីយរបស់ពិភពលោក នៅអង្គ​​ការ​យូណេស្កូ។ លោកស្រីបន្ថែមថា មុខម្ហូបអាហារ និងបង្អែមខ្មែរ មិនត្រឹមតែមានរសជាតិ​ឆ្ងាញ់ទេ តែក៏​ជាអាហារសុខភាព សម្បូរទៅដោយវីតាមីនផងដែរ។

យ៉ាងណា លោកស្រី ស៊ីវលីង ចង់ឃើញប្រតិបត្តិករទេសចរណ៍ ចូលរួមលើកស្ទួយវិស័យ​​អា​ហាររបស់ជាតិ ដោយបញ្ចូលមុខម្ហូបដែលជាអត្តសញ្ញាណខ្មែរ យ៉ាងហោចណាស់២ មុខ ទៅក្នុងបញ្ជីរាយនាមនៃកញ្ចប់មុខម្ហូបសម្រាប់អតិថិជនរបស់ពួកគេ។

មកទល់ពេល​នេះ អង្គការយូណេស្កូ បាន​ទទូលស្គាល់​​សម្បត្តិវប្បធម៌រូបី និង​អរូបីយកម្ពុជាចំនួន​៨រួចហើយចូលក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ សម្បត្តិវប្បធម៌រូបី និងអរូបីយទាំង៨នោះរួមមាន​តំបន់​អង្គរវត្ត របាំ​ព្រះរាជ​ទ្រព្យ​ ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ ប្រាសាទ​ព្រះវិហារ ល្បែង​ទាញព្រ័ត្រ  ចាប៉ី​ដងវែង​  ប្រាសាទ​សំបូរ​ព្រៃគុក និង​ល្ខោនខោលវត្ត​ស្វាយអណ្ដែត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ