ក្រសួង សន្យាចុះពិនិត្យដីជម្លោះជាក់ស្តែងនៅកោះកុងក្រោយពលរដ្ឋឡើងមកតវ៉ានៅភ្នំពេញជាបន្តបន្ទាប់

តំណាងប្រជាពលរដ្ឋ ១៩៧គ្រួសារនោះមកពីខេត្តកោះកុងបន្តតវ៉ានៅមុខក្រសួងរៀបចំដែនដី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ (រូបពី៖ វីដេអូរបស់វីអូឌី)

ក្រសួងរៀបចំ​ដែនដីនគររូបនីយកម្ម និងសំណង់ បានសន្យាចុះពិនិត្យផ្ទាល់លើដីមាន​ជម្លោះនៅកោះកុង បន្ទាប់ពីតំណាង​ប្រជាពលរដ្ឋ១៩៧គ្រួសារឡើងមកតវ៉ានៅភ្នំពេញជាបន្តបន្ទាប់ ដោយចោទថា ​ក្រុមហ៊ុន ហេង ហ៊ុយ      អេគ្រីខាល់ឈ័រគ្រុប បានរំលោភយកដីរបស់ពួកគេ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដីបានសន្យាចុះពិនិត្យករណីវិវាទនោះដល់ទីតាំងផ្ទាល់ ដើម្បីធ្វើ​អត្តសញ្ញាណកម្មដីរបស់ក្រុមហ៊ុន អត្តសញ្ញាណកម្មដីពលរដ្ឋ និងអត្តសញ្ញាកម្មដីរបស់ពលរដ្ឋ១៩៧គ្រួសារដែលឡើងមកតវ៉ានោះ។

ក្រសួងបញ្ជាក់ថា បើសិនជាចុះពិនិត្យរកឃើញថា ទីតាំងដីមានវិវាទនោះស្ថិតនៅលើដីមានកម្មសិទ្ធិរបស់ក្រុមហ៊ុន ឬបុគ្គលផ្សេង ត្រូវដោះស្រាយតាមផ្លូវតុលាការ។ ប្រភពដដែលឲ្យដឹងទៀតថា ក្រុមពលរដ្ឋសន្យាលែងឡើងមកតវ៉ានៅភ្នំពេញទៀត និងទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងករណីក្លែងការពិតក្នុងការតវ៉ា។

តំណាងពលរដ្ឋម្នាក់អ្នកស្រី អិន ធូ បានឯកភាពចំពោះក្រសួងដែលចុះពិនិត្យមើលដីជាក់ស្តែង ប៉ុន្តែថា អ្នកស្រីមិនយល់ស្របឲ្យក្រសួងជំរុញរឿងវិវាទដីធ្លីរបស់ពួកគាត់ទៅតុលាការនោះទេ ដោយថា ពួកគាត់ជាពលរដ្ឋក្រីក្រមិនអាចតតាំងក្តីជាមួយលោក ហេង ហ៊ុយ ឈ្នះឡើយ។

តំណាងពលរដ្ឋរូបនេះបន្តថា ប្រសិនបើពុំមានដំណោះស្រាយសមស្របណាមួយសម្រាប់អ្នកភូមិនោះទេ ពួកគេនៅតែបន្តឡើងមកតវ៉ានៅភ្នំពេញទៀត ដើម្បីរកអន្តរាគមន៍ពីអាជ្ញាធរជាតិពាក់ព័ន្ធផ្សេងទៀតជួយដោះស្រាយ។

អ្នកស្រី លើកឡើងថា«ខ្ញុំមិនបោះបង់ការតវ៉ាទេ ព្រោះអីខ្ញុំខំធ្វើតាំងពីដូនតាមកហេតុអីបានជាដីរបស់ខ្ញុំអត់មានប្លង់? ចុះហេតុអីឧកញ៉ា​ហេង ហ៊ុយ គាត់មកក្រោយសោះ ហេតុអីបានជាគាត់ មានប្លង់ជាន់លើដីពួកខ្ញុំ? ហេតុអីឲ្យខ្ញុំទៅតុលាការវិញ? អីចឹងមកក្រសួងរៀបចំដែនដីទៀតឲ្យគាត់ដោះស្រាយឲ្យពួកខ្ញុំមានភាពយុត្តិធម៌»

មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា ករណីក្រសួងរៀបចំដែនដីសន្យាចុះពិនិត្យមើលដីជម្លោះជាក់ស្តែងនោះ វាជាសញ្ញាល្អមួយ ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពលរដ្ឋ១៩៧គ្រួសារ។ ប៉ុន្តែលោក ជំរុញទៅមន្រ្តីក្រសួងត្រូវស្រាវជ្រាវឲ្យបានច្បាស់ លាស់ករណីវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន ហេង ហ៊ុយនេះ។

លោក បន្ថែមថា«ប៉ុន្តែយើងទាមទារឲ្យក្រសួងហ្នឹងស្រាវជ្រាវឲ្យបានម៉ត់ចត់ គ្រប់ជ្រុងជ្រោយ ស្វែងរកមើលថា តើពលរដ្ឋពិតជាបានបាត់បង់ដីពិតមែនអត់ អំឡុងឆ្នាំ២០០៧ហ្នឹង?  ហើយបើក្នុងករណីរកឃើញថា ដីពលរដ្ឋទាំងនោះស្ថិតក្នុងប្លង់របស់ ហេង ហ៊ុយ មែន ក្រសួងក៏ត្រូវមើលដែរថា តើការធ្វើប្លង់ហ្នឹងវាយ៉ាងម៉េច? ព្រោះថា តាមពលរដ្ឋបញ្ជាក់ថា មានបញ្ហាតាំងពីឆ្នាំ២០០៧ ហើយការធ្វើប្លង់របស់លោក ហេង ហ៊ុយ ហ្នឹងធ្វើឆ្នាំណា និងធ្វើហ្នឹងមានភាពត្រឹមត្រូវដែរទេ»

ក្រុមពលរដ្ឋ១៩៧គ្រួសារ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុបនៅស្រុកស្រែអំបិល ខេត្តកោះកុងនោះ ត្រូវបានក្រសួងរៀបចំដែនដីប្រកាសបដិសេធដោះ​ស្រាយចំនួន៣ដងរួចមកហើយ ដោយថា ពលរដ្ឋទាំងនោះមិនជាប់ពាក់ព័ន្ធវិវាទដីធ្លីនោះទេ ហើយ​ក្រសួង​ក៏​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ​ទាំង​នោះ​ទៀត​ផង។

បច្ចុប្បន្ននេះ ពលរដ្ឋ ១០នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ១៩៧​ គ្រួសារ​នោះ ត្រូវបានតុលាការ​ខេត្ត​កោះកុង កោះហៅជា​បន្ត​បន្ទាប់ ទៅតាមបណ្តឹងរបស់ប្រធានក្រុមហ៊ុន ហេង ហ៊ុយ ដោយចោទប្រកាន់ពីបទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ