លោក សម រង្ស៊ី បន្ត​អំពាវ​នាវ​ពី​ក្រៅ​ស្រុក​ឲ្យ​កង​ទ័ព​ប្រឆាំង​នឹង​លោក ហ៊ុន សែន

លោក ហ៊ុន សែន និង លោក សម រង្ស៊ី ជួបគ្នានៅពេលកន្លងទៅ(រូបពីហ្វេសប៊ុក លោក សម រង្ស៊ី)

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ​បាន​បន្ត​អំពាវ​នាវ​ទៅ​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ប្រឆាំង​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​អំឡុង​ពេល​លោក​វិល​ត្រឡប់​មក​កាន់​ប្រទេសក​ម្ពុជា​វិញ​នា​ពេល​ខាង​មុខ​នេះ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​​កាល​ពី​ថ្ងៃ​១៦​សីហា​ថា លោក​នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ដែល​ចំ​ខួប ៦៦​ឆ្នាំ​នៃ​​បុណ្យ​​ឯករាជ្យ​ជាតិ។

មុន​ដំណើរ​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ លោក សម រង្ស៊ី ដែល​ប្រកាស​ខ្លួន​ឯង​ជា​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ កំពុង​ស្ថិត​ក្នុង​ដំណើរ​កៀរ​គរ​ការ​គាំ​ទ្រ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី និង​ណូវែលហ្សេឡង់។

ក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​​ទីក្រុង​ Brisbane ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក សម រង្ស៊ី បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ទៅ​កង​កម្លាំង​ប្រដាប់​អាវុធ​ កុំ​ឲ្យ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ខ្មែរ ​ដែល​នឹង​ចូលរួម​​ទទួល​ដំណើរ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​របស់​លោក។

ក្នុង​វីដេអូ​រយៈ​ពេល​ជាង ១០​នាទី​​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ លោក សម រង្ស៊ី ថ្លែង​ថា​៖ «បើ​ហ៊ុន សែន បញ្ជា​ឲ្យ​ទាហាន​បាញ់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់ អត់​បាញ់​ទេ។ ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​ទាហាន​បែរ​ចុង​កាណុង​ បាញ់​ទៅ​ ហ៊ុន សែន វិញ​។ បើ​បាញ់​យើង បាញ់​វិញ មិន​មែន​មក​ធ្វើ​បាប​យើង​»

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥​មក​នោះ បាន​អំពាវ​នាវ​ជា​រឿយៗ​ទៅ​កង​កម្លាំង​ប្រដាប់​អាវុធ​ ឲ្យ​ឈរ​នៅ​ខាង​ប្រជាជន ឬ​ក៏​កុំ​ស្ដាប់​បញ្ជា​​មេ​កើយ​របស់​ពួកគេ​ផង​ដែរ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧​មក បន្ទាប់​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​ក្រោម​ការ​ចោទ​ប្រកាន់​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ «ក្បត់​ជាតិ» ​របស់​លោក កឹម សុខា។

លោក សម រង្ស៊ី ក៏​ត្រូវ​ក្រុម​ឧត្ដមសេនីយ៍​ប្ដឹង​ផង​ដែរ​​កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មក ជុំ​វិញ​ការ​អំពាវ​នាវ​ឲ្យ​កង​ទ័ព​មិន​ស្ដាប់​តាម​បញ្ជា​របស់​ពួកគេ។

នគរបាល​ជាតិ​កម្ពុជា​ បាន​ប្រកាស​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​ថា នគរបាល​ជាតិ​នឹង​ចាត់​វិធានការ​គ្រប់​មធ្យោបាយ​ដើម្បី​តាម​ចាប់​ខ្លួន​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ