លោក ផៃ ស៊ីផាន ថាកម្ពុជាចង់ឃើញហុងកុងវិលទៅរកប្រក្រតីភាពឡើងវិញ

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី (រូបកាលពីពេលកន្លងទៅ)

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជា ចង់ឃើញស្ថានការវឹកវរនៅទីក្រុងហុងកុងដែលកំពុងបន្តកើនឡើង វិលទៅរកភាពស្ងប់ស្ងាត់វិញ និងគាំទ្រចំណាត់ការរដ្ឋអំណាចចិនលើក្រុមបាតុករ តែអ្នកជំនាញថា នេះជាការផ្គាប់ផ្គន់ចិន។  

ប្រធានអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានប្រាប់សារព័ត៌មានស៊ីនហួ នៅថ្ងៃសុក្រ សប្តាហ៍មុន ទៀតថា កម្ពុជា គាំទ្រនយោ​​បាយចិនតែមួយ ហើយចាត់ទុកបញ្ហារបស់ហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

លោក​ ផៃ ស៊ីផាន មានប្រសាសន៍ថា៖ «យើង[កម្ពុជា] ចង់ឃើញ ហុងកុងត្រឡប់ទៅរកស្ថិរភាពឡើងវិញ ដើម្បីឱ្យពលរដ្ឋអាចបន្តការរីករាយក្នុងជីវិតប្រចាំថ្ងៃ ហើយសេដ្ឋកិច្ចហុងកុងនឹងបន្តរីកចម្រើនកាន់តែរឹងមាំ»។

បន្ថែមពីនេះ លោកក៏បានថ្លែងអំពាវនាវ បាតុករហិង្សានានានៅហុងកុងបញ្ឈប់សកម្មភាពក្រៅច្បាប់របស់ពួកគេ និងគួរតែគោរពការសម្រេចចិត្តភាគច្រើនរបស់ពលរដ្ឋនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់អាស៊ីដែលចង់បានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឆ្ពោះទៅមុខ។

អ្នកវិភាគ និងអ្នកជំនាញ​គោលនយោបាយអន្តរជាតិ លោក អៀ សុផល បានចាត់ទុកការលើកឡើងរបស់​អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថាជាការបង្ហាញពីការគាំទ្រដូចគ្នារបស់​រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងភ្នំពេញ លើចំណាត់ការបង្រ្កាបទៅលើបាតុកម្មដោយសន្តិវិធីពីមហាជនហុងកុង​។

លោក អៀ សុផល បន្ថែមថា កម្ពុជា តែងបំពេញចិត្តរដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីទទួលបានមកវិញនូវប្រយោជន៍ផ្សេង​ៗសម្រាប់រដ្ឋបាលរបស់ខ្លួន។

សាស្ត្រា​ចារ្យ​ផ្នែក​សិក្សា​ពី​សហគម​ន៍​អាស៊ាន​នៅ​សាកល​វិទ្យាល័យ​នរេសួ​ន ប្រ​ទេស​ថៃ​ លោក​ ផូល ឆាំប៊ឺ ​(Paul​ Chambers​) ថាលោកមិន​ភ្ញាក់ផ្អើលនោះទេ​ចំពោះ សេចក្តីប្រកាសគាំទ្រម្តងហើយម្តងទៀតលើនយោបាយចិនពីរដ្ឋាភិបាលកម្ពុជា និងចាត់ទុកថា នោះបង្ហាញពីការពឹងផ្អែកលើរដ្ឋាភិបាលក្រុងប៉េកាំង។

លោក ផូល ឆាំប៊ឺ ឱ្យដឹងតាមសារអេឡិចត្រូនិកថា៖ «រដ្ឋាភិបាលលោក ហ៊ុន សែន នឹងនិយាយអ្វីៗបំពេញចិត្តចិន។ ដូច្នេះ យើងនឹងមិនភ្ញាក់ផ្អើលទៅលើការអធិប្បាយរបស់លោក ស៊ីផាន អំពីជំហរកម្ពុជាទេ»។ ពាក្យរបស់គាត់ ឆ្លុះបញ្ចាំងពីការបង្គាប់បញ្ជារបស់​ចិន»។

អស់រយៈពេល១២ សប្តាហ៍មកហើយដែលពលរដ្ឋហុងកុងរាប់សិប​ម៉ឺននាក់​បានចុះផ្លូវតវ៉ា រហូតឈានដល់​បិទព្រលាន​យន្តហោះតំបន់ស្វយ័តនេះទៀតផង។ ចលនាបាតុកម្ម​នេះ ផ្តើមចេញ​ពីការទាមទារឲ្យទម្លាក់ចោលសេចក្តីស្នើ​​ច្បាប់បត្យាប័ន​ដែល​អាចឲ្យរដ្ឋាភិបាល​ក្រុងប៉េកាំង​ស្នើ​បញ្ជូន​អ្នកទោស​ពី​ហុងកុង​ទៅកាត់ក្តីនៅចិន​ដីគោក។

ទាក់ទងទៅនឹងរឿងនេះ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសនៅថ្ងៃទី ១៧ សីហា គាំទ្ររាល់ចំណាត់ការចាំបាច់នានារបស់រដ្ឋអំណាចចិន ក្នុងការរក្សាសន្តិភាព​នៅក្រុងហុងកុង និងនយោបាយចិនតែមួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ