ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ជំរុញទៅអង្គភាពប្រឆាំងអំពើពុករលួយឲ្យពង្រឹងប្រសិទ្ធភាពទប់ស្កាត់អំពើពុករលួយនៅប្រព័ន្ធតុលាការ ដោយថាដើម្បីធានាយុត្តិធម៌សង្គម ។
នៅថ្ងៃអង្គារនេះ អង្គភាពប្រឆាំងអំពើពុករលួយបានពិភាក្សាជាមួយឧត្តមក្រុមប្រក្សាពិគ្រោះនិងផ្តល់យោបល់នៅរាជធានីភ្នំពេញ ដើម្បីឆ្លងរបាយការណ៍សេចក្តីព្រាងស្តីពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយនៅកម្ពុជាដែលត្រូវធ្វើការវាយតម្លៃរៀងរាល់៥ឆ្នាំម្តងមុន ដាក់ជូនទៅអង្គការសហប្រជាជាតិ។
សមាជិកមួយរូបនៃឧត្តមក្រុមប្រឹក្សានេះ និងជាប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ប្រាប់ VOD ថា ក្នុងកិច្ចពិភក្សានោះលោកបានលើកឡើងថា ការបង្ក្រាបអំពើពុករលួយហាក់ធ្វើតែទៅលើករណីតូចតាច។ លោក ថា ករណីធំៗដូចជាអ្នកមានអំណាច និងមានលុយ មិនទាន់ឃើញលេចចេញជារូបរាងនៅឡើយទេ ជាពិសេសអំពើពុករលួយនៅតុលាការនៅតែកើតមានឡើង។
លោក មានប្រសាសន៍ថា៖ «ករណីនេះយើងនៅតែជឿជាក់ថាកើតករណីប្រភេទនេះច្រើនទៀតនៅក្នុងកម្ពុជា។ ដូច្នេះហើយយើងចង់ឲ្យអង្គភាពប្រឆាំងអំពើពុករលួយមានក្រចកកាន់តែស្រួចដើម្បីបកសម្បកក្រូចដែលក្រាស់ហ្នឹងឲ្យបាន។ដូច្នេះហើយបានយើងជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយហ្នឹងពង្រឹងប្រសិទ្ធភាព»។
សមាជិកមួយរូបទៀត និងជាប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ មានប្រសាសន៍ប្រហាក់ប្រហែលដែរថា ក្នុងកិច្ចប្រជុំនោះ លោក ប្រាប់ទៅប្រធានអង្គភាពប្រឆាំងអំពើពុកលរលួយលោក ឱម យ៉ិនទៀង ថា អំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការនៅតែកើតមាន តាមរយៈមេធាវីជាអ្នករត់ការផ្តល់សំណូកឲ្យទៅក្រឡាបញ្ជី ព្រះរាជអាជ្ញានិងចៅក្រម មុនជម្រះក្តី។
លោក ថា៖«សម្រាប់គណបក្សយុវជនកម្ពុជា យើងមើលឃើញថាយុត្តិធម៌សង្គមសំខាន់ពិសេសការពង្រឹងច្បាប់និងការអនុវត្តច្បាប់ ឲ្យមានតម្លាភាពនិងយុត្តិធម៌ ។ អញ្ចឹងផ្តើមចេញពីយុត្តិធម៌សង្គម យើង ត្រូវសម្លឹងមើលទៅការប្រព្រឹត្តអំពើពុករលួយ។ នៅពេលដែលមានអំពើអយុត្តិធម៌កើតឡើង វាជ្រកនៅក្រោមស្លាកអំពើពុកលរួយនេះឯង។អញ្ចឹងយើងត្រូវយកចិត្តទុកដាក់ឲ្យមែនទែនព្រោះពលរដ្ឋសព្វថ្ងៃស្រេកឃ្លានអំពើយុត្តិធម៌ណាស់»។
បើតាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ឱម យ៉ិនទៀង ទទួលយកការជំរុញនេះ ប៉ុន្តែលោករំឭកកុំឲ្យមើលមកស្ថាប័ននេះថាជាស្ថាប័នមិនឯករាជ្យចាត់វិធានការរើសមុខអ្នកដែលប្រព្រឹត្តបទល្មើស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន មាលីន ស្វាគមន៍ការលើកឡើងនេះ តែលោកជំរុញឲ្យសហការផ្តល់ភស្តុតាង ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធងាយស្រួលចាត់វិធានការ។
លោក ថា៖«ក្នុងនាមស្ថាប័នមានសមត្ថកិច្ចទទួលខុសត្រូវលើការកែទម្រង់ យើង ស្វាគមន៍នូវយន្តការទប់ស្កាត់អំពើពុករលួយ មិនថាតែប្រព័ន្ធយុត្តិធម៌ទេ គ្រប់ស្ថាប័នរដ្ឋទាំងអស់ ។ យើង លើកទឹកចិត្តដល់គ្រប់ភាគីទាំងអស់បើមានភស្តុតាងថាមន្ត្រីណាមួយបានប្រព្រឹត្តអំពើពុករលួយចូលរួមជាមួយកម្លាំងសមត្ថកិច្ចរួមមានក្រសួងយុត្តិធម៌ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម»។
អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project)កាលពីខែកុម្ភៈ បានចេញផ្សាយរបាយការណ៍ស្ដីពី «សន្ទស្សន៍និតីរដ្ឋសម្រាប់ឆ្នាំ២០១៩» បន្តចាត់ថ្នាក់កម្ពុជា ជាប្រទេសមានប្រព័ន្ធយុត្តិធម៌ទន់ខ្សោយបំផុត ក្នុងចំណោមប្រទេស១២៦ ដែលកម្ពុជាជាប់លេខ១២៥ លើតែប្រទេសវេណេស៊ុយអេឡាមួយប៉ុណ្ណោះ។
របាយការណ៍ ផ្ដល់ពិន្ទុនេះ ផ្តោតលើសូចនាករ ឬកត្តាវាស់វែង មួយចំនួន ដូចជា ការទប់អំណាចរបស់រដ្ឋាភិបាល អំពើពុករលួយ ការអនុវត្តច្បាប់ យុត្តិធម៌សង្គម និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ៕