វិភាគ៖ អាចមានការចាប់ខ្លួនឬសម្របសម្រួលបើលោកសម រង្ស៊ីចូលស្រុកតាមការគ្រោងទុក?​

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងសមាជិកគណបក្សសង្គ្រោះជាតិ (FB: លោក សម រង្សុី)

មេដឹក​នាំ​ចលនា​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កាល​ពី​ចុង​សប្ដាហ៍​មុន​បាន​ប្រកាស​វិល​ចូល​ស្រុក​​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ​​បន្ទាប់​ពី​លោក​រស់​នៅ​ក្រៅ​ប្រទេស​ជាង​៤​ឆ្នាំ​មក​នេះ។

ការ​វិល​ត្រលប់​របស់​លោក​នៅ​ពេល​នេះ​គឺ​ដោយ​មាន​ការ​ត្រៀម​រង់ចាំ​វិធាន​ការ​ជា​បន្តបន្ទាប់​​ទាំង​ប៉ូលីស និង​ទាហានរបស់​ ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ក្នុង​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ​ទៅ​អនុវត្តន៍​ទោស​នៅ​​​តុលាការ​។

តើអាចមានរឿងអ្វីខ្លះដែលអាចកើតឡើង​​នៅពេលលោក សម រង្ស៊ី វិលជាន់ដីកម្ពុជាសាជាថ្មី​?

ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះគឺ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​​​ពោល ​គឺក្នុ​ងមួយ​ឆ្នាំ​លោក សម រង្ស៊ី តែ​ងតែ​ប្រកាស​យ៉ាង​ហោច​ណាស់​ក៏​ម្ដង​​​ដែរចាប់​ពី​ពេល​ដែល​លោក​លែង​ចូល​ស្រុក​ក្នុង​ឆ្នាំ​២០១៥​មក។ ទោះ​ជា​យ៉ាង​ណា​ក្នុង​ឆ្នាំ​២០១៩​សារ​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី ហាក់​រន្ថើន​ជា​បន្តបន្ទាប់​ជាប់ៗ​គ្នា ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន​ សែន កាន់​តែ​ប្រុង​ប្រៀប​កាន់​តែ​ខ្លាំង​ផង​ដែរ។

ថ្លែងប្រាប់ក្រុមអ្នកគាំទ្រខ្លួននៅប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ១៨ សីហា កន្លងទៅ លោក សម រង្ស៊ី បានប្រកាស​ថា​ក្នុង​ដំណើរ​ចុងក្រោយរបស់លោកលើកនេះលោកនឹងធ្វើដំណើរឆ្វែល​កាត់ប្រទេសអាស៊ី​មួយចំនួនមុនទៅហោះទៅ​កម្ពុជា​នៅ​ថ្ងៃទី​៩ វិច្ឆិកា ខាងមុខ។

លោកថា៖ « យើងអាណិតប្រជារាស្ត្រយូរឆ្នាំ អាណិតពីក្រៅ! តែជួយមិនបាន តែឥឡូវអត់ទេ យើងឃើញ​ថាស្ថានការណ៍​ទុំ​ហើយ​ដែលយើងត្រូវទៅជួយប្រជារាស្ត្រខ្មែរពីក្នុងប្រទេសទៅបំផុសកម្លាំងស្នេហាជាតិ កម្លាំងប្រជាធិបតេយ្យ ដើម្បីដណ្ដើម​យក​ជ័យជំនៈ​ជូនប្រជារាស្ត្រខ្មែរ »

សម្រាប់​អ្នក​វិភាគ​នយោបាយ​លោកបណ្ឌិត​ឡៅ ម៉ុងហៃ ហាក់​មិន​សូវ​មាន​ជំនឿ​ចំពោះ​ការ​ប្រកាស​របស់​លោក សម រង្ស៊ី​នៅពេល​នេះ​នោះ​ទេ តែ​លោក​ថា​មាន​សេណារីយ៉ូ​២ ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​លោក សម រង្ស៊ី ចូល​ស្រុកគឺ​ការ​ចូល​ដោយ​គ្មាន​ការ​ចាប់​ខ្លួនដោយ​សារ​ការ​ចរចារ​នយោបាយ​ត្រូវ​រវាង​លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន និង​មួយ​ទៀត​គឺ​ការ​ចូល​ទាំង​ប្រថុយ។

លោក​ឡៅ ម៉ុងហៃ៖ « ខ្ញុំ​ឃើញ​ថា​អាច​មាន​នៅ​សេណារីយ៉ូ ដែល​ធ្លាប់​មាន​ហើយ​គឺ​នៅ​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣ ដែល​គាត់​ត្រលប់​មក​ហ្នឹង​នេះ​ជា​សេណារីយ៉ូ​មួយ។ សេណារីយ៉ូ​មួយ​ទៀត​គឺ​នឹង​មាន​ការ​ប្រទូសប្រទះ​គ្នា​ខ្លះ​រួម​ទាំង​ការ​ចាប់​គាត់​(សម រង្ស៊ី) ផង »

បើ​តាម​លោក​ឡៅ ម៉ុង​ហៃ មាន​តែ​ការ​ជជែក​គ្នា​រវាង​លោក​ហ៊ុន សែន និង​លោក​ សម រង្ស៊ី ដើម្បី​បើក​ផ្លូវ​ឱ្យ​មក​វិញ​ទេ​ទើប​ជា​មធ្យោបាយ​ដែល​មាន​សុវត្ថិភាព​ទាំង​ជាតិ​ និង​លោក សម រង្ស៊ី​ផ្ទាល់។

ទោះជា​យ៉ាង​ណា​សម្រាប់​អ្នក​វិភាគ​ម្នាក់​ទៀត​គឺ​លោក គឹម សុខ យល់​ថា​សេណារីយ៉ូ​ទាំង​ពីរ​សុទ្ធ​តែ​ជា​គ្រោះ​ថ្នាក់ដល់​ជាតិ​ដូច​គ្នាដោយ​សារ ការ​បើក​ផ្លូវដោយ​គ្មាន​ការ​ចាប់​ខ្លួន​វា​ប្រាកដ​ណា​ស់ថា​លោក​ ហ៊ុន សែន ពិតជា​មាន​លក្ខខណ្ឌ​ជា​មួយ​លោកសម រង្ស៊ី ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បក្សប្រជាជន​ចំណេញ ហើយ​ចំពោះ​ការ​ចូល​ទាំង​ប្រថុយរបស់​លោក សម រង្ស៊ី វិញ​វា​ប្រាកដ​ជា​ជា​មាន​ការ​ចាប់​ខ្លួន តែ​លោក​ថា​អាច​មាន​រូបភាព​ធ្ងន់ធ្ងរ​ជាង​នេះ ។

លោក​គឹម សុខ៖ « ឧបមា​ថា​លោក​សម រង្ស៊ី ប្រថុយ​ចូល​ស្រុក​ដោយ​គ្មានការ​ព្រមព្រៀង​គ្នា​ជាមុនរវាង​ក្រុម​លោក ហ៊ុន សែន និងក្រុម​លោក​សម រង្ស៊ី ក្នុង​ករណី​នេះ​ខ្ញុំ​គិត​ថា​ស្រាល​បំផុតលោក​សម រង្ស៊ី នឹង​ត្រូវ​ចាប់​ដាក់គុក​ហើយ​បើ​ធ្ងន់​ជាង​នេះ​នឹង​ត្រូវ​បាតុករ​ដៃ​ទី​៣​របប​ក្នុង​ភ្នំពេញ​វ៉ៃ​បែក​ក្បាល​សិន​ ហើយ​អាជ្ញាធរ​នៃ​ក្រុម​លោក ហ៊ុន សែន ប្រើលេស​ការពារ​សុវត្ថិភាព​ និង​ព្យាបាល​របួស​ចាប់​យក​ទៅ​ដាក់​ឃុំ​ក្នុង​ផ្ទះ​ដូច​លោក​ កឹម សុខា អញ្ចឹង។ តែ​នេះ​ស្រាល​បំផុត​ហើយ! » 

គួរ​រំលឹក​ផង​ដែរ​ថា​ដោយ​សារ​ទំនាស់​នយោបាយ​ជាមួយ​​លោក ហ៊ុន សែន បាន​ធ្វើឱ្យ​លោក​ សម រង្ស៊ី ចាក​ចេញ​ពី​កម្ពុជា​ជា​ច្រើន​លើកដោយ​សារ​តែ​ជាប់​បណ្ដឹង​នានា​របស់​រដ្ឋាភិបាលលោក​ហ៊ុន សែន តែជា​ទូទៅ​នៅ​ពេល​ដែល​លោក​ សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ​គឺ​តែ​ងតែ​មាន​ភ្លើង​ខៀវ​ពី​លោក​ ហ៊ុន សែន ជា​និច្ច។ ​

សម្រាប់​​​លោក គឹម សុខ ប្រសិន​ជាការ​វិល​ចូលស្រុក​នៅ​ពេល​នេះ​​ដោយដោយ​មាន​ភ្លើង​ខៀវ​ពី​លោក​ហ៊ុន សែន ​​វា​អាចជា​អន្ទាក់​មួយ​ដើម្បី​​​ បញ្ចប់​ជិវិត​នយោបាយ​របស់​លោក សម រង្ស៊ី តែ​ម្តង​ លើស​ពី​នោះ​ទៀត​អាច​ឱ្យ​បក្ស​ប្រជាជន​បន្ត​ដំណើរ​ដល់​ទៅ​១៥​ឆ្នាំ​ទៀត​ដោយ​​គ្មាន​ការ​បារម្ភពី​សម្ពាធអន្តរជាតិ។​ ចំណែក​ឯ​​​ការ​ចូល​ទាំង​ប្រថុយ​របស់​លោក​សម រង្ស៊ី វិញនឹង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​រវាង​អ្នក​គាំទ្រ​បក្ស​ទាំង​ពីរ​ ហើយ​អន្តរជាតិ​នឹង​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ថែម​ទៀត​មក​លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន។

ទោះ​ជាយ៉ាង​ណា​លោក គឹម សុខ វិភាគ​​ថា​ប្រសិន​ជា​បក្សប្រឆាំង​អាច​រៀប​ចំយុទ្ធសាស្ត្រ​របស់​ខ្លួន​បាន​ច្បាស់​ក្នុង​វិល​ត្រលប់​នេះ​ វា​នឹងហុច​ប្រយោជន៍​ដល់​លោក​ សម រង្ស៊ី វិញ​ទេ។

លោក​ គឹម សុខ៖ « ទោះ​ជា​ប្រថុយ​ក៏​ដោយ​ តែ​មាន​យុទ្ធសាស្ត្រ​ដល់​កម្រិត​ និង​បណ្ដាញ​តវ៉ា​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​សកម្មភាព​ក្រោយ​ពេល​ដែល​គេ​ចាប់​លោក សម រង្ស៊ី នោះខ្ញុំ​គិត​ថា​កម្ពុជានឹង​មាន​ការ​ប្រែប្រួល​មុខ​មាត់​ខ្លះ បន្ទាប់​ពី​ឆ្លងកាត់ភាព​សោកសៅ​មួយ​ឆុតធំ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​រវាង​របបក្រុង​ភ្នំពេញ​លោក ហ៊ុន សែន និង​អ្នក​គាំទ្រ​លោក សម រង្ស៊ី »

លោក​សម រង្ស៊ី ផ្ទាល់​ធ្លាប់​ប្រកាស​ជា​ច្រើន​លើកច្រើន​សារ​ទាំង​សាធារណៈ និង​ក្នុង​ហ្វេស​បុក​របស់​លោក​ពី​ការ​វិល​ត្រលប់​មក​កម្ពុជាវិញ ​ទោះ​ជា​យ៉ាង​ការ​លើក​ឡើង​របស់​លោក​ប្រែ​ប្រួល​ជា​និច្ចនៅ​ពេល​ដែល​ដល់​ថ្ងៃ​ត្រូវ​មក ជាក់​ស្ដែង​កាល​ពី​ខែវិច្ឆិកា ​ឆ្នាំ​២០១៥​ក្នុ​ងពេល​ដែល​លោក​​ជួប​ជុំ​អ្នក​គាំទ្រ​នៅ​កូរ៉េ​ខាង​ត្បូងលោកក៏​បាន​ប្រកាស​ជា​ឱឡារិក​​ថា​លោក​នឹង​វិល​ចូល​ស្រុក​វិញ​ទោះ​បី​ជា​ត្រូវ​ស្លាប់​ក៏​ដោយ​ តែ​នៅ​ពេល​ថ្ងៃ​មក​ដល់​លោក​បាន​បង្វែរ​ជើង​យន្ត​ហោះ​របស់​លោក​ទៅ​ប្រទេស​បារាំង​វិញ។

លោក សម រង្ស៊ី បានលុបចោលគម្រោងវិលចូលប្រទេសវិញជាញឹកញាប់ ធ្វើឱ្យការប្រកាសលើកនេះទោះជាហាក់ច្បាស់លាស់ក៏ដោយប៉ុន្តែនៅតែមានអ្នកមិនជឿ។​

អ្នក​វិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា​លោក​មិន​សូវ​មាន​ជំនឿ​ចំពោះ​ការ​ប្រកាស​របស់​លោក សម រង្ស៊ី លើក​នេះ​នោះ​ទេ​ដោយ​សារ​វា​នៅ​មិន​ទាន់​ដល់​ដំណាក់​កាល​ចុងក្រោយនៃ​ជីវិត​នយោបាយ​របស់​លោក​សម រង្ស៊ី។

លោកថា៖ « កាល​ណា​គាត់​ចូល​គេចាប់​គាត់​ហើយ​ទី១ ហើយ​ទី២​វា​អាច​ធ្វើ​ឱ្យ​សម្ពាធ​ពី​អន្តរជាតិ​លើ​រដ្ឋាភិបាល​កាន់​អំណាច​​លើក​ការ​អនុវត្តន៍​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ ព្រោះ​គាត់​ជា​អ្នក​ដឹក​នាំ​បក្ស​ប្រឆាំង​មួយ​ដែល​លេចមុខ​ជាង​គេខ្ញុំ​គិត​ថា​នេះ​ជា​រឿង​មួយ​ តែ​នេះ​សម្រាប់​តែ​អត់​ជំរើស​ទេ បើ​គាត់​មាន​ជំរើស​គឺ​គាត់​នៅ​ខាង​ក្រៅ​ហើយ​  »

ឆ្នាំ​២០១៣ ការបើកភ្លើងខៀវចុងក្រោយចំពោះលោក សម រង្ស៊ី ដោយលោកហ៊ុន សែន គឺនៅខែកក្កដា ឆ្នាំ២០១៣ ខណៈដែលការបោះឆ្នោតកាន់តែកៀក ស្របពេលដែលលោកហ៊ុន សែនកំពុងកាន់ទុក្ខឪពុកស្លាប់ផងដែរនោះលោក បានស្នើសុំព្រះមហាក្សត្រឱ្យព្រះរាជទានទោសលោកសម រង្ស៊ី ដែលតុលាការក្រុងភ្នំពេញសម្រេចឱ្យលោកសម រង្ស៊ីជាប់ពន្ធនាគាររយៈពេល១១ឆ្នាំក្នុងករណីដកបង្គោលព្រំដែន និងផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងព្រំដែនកម្ពុជា វៀតណាមឆ្នាំ២០១០។

ចំណុចខ្លះអាចបញ្ជាក់ថា លោក សម រង្ស៊ី មិនចង់ឱ្យមានការចាប់ខ្លួន ចំណែកលោកហ៊ុន សែន ក៏មិនចង់ចាប់ខ្លួនលោក សម រង្ស៊ីដែរ។​ លោក ហ៊ុន សែន​ ប្រើសារគំរាមបន្តបន្ទាប់ចង់បញ្ជាក់ឱ្យដឹងថា បើលោក សម រង្ស៊ីហ៊ានចូលស្រុកនឹងមានការចាប់ខ្លួន​ ចំណែកលោក សម រង្ស៊ី​ប្រកាសកៀងគរឱ្យពលរដ្ឋទទួលការវិលត្រលប់របស់លោកឱ្យបានច្រើនចៀសវាងការបាញ់សម្លាប់ដូចលោកកែម ឡី ឬ ចាប់ខ្លួនដូចលោកកឹម សុខា។​

ហេតុផលទាំងនេះអាចបង្ហាញថា ក្តីស្រមៃរបស់លោក សម រង្ស៊ី មិនមែនត្រូវចាប់ខ្លួន ឬ បាញ់សម្លាប់ទេ គឺជាការចរចាដែលអាចផ្តល់ភាពប្រសើរឡើងដល់អតីតមន្ត្រីបក្សសង្គ្រោះជាតិក្នុងការវិលចូលឆាកនយោបាយវិញ ប៉ុន្តែក្តីស្រមៃលោកសម រង្ស៊ីអាចសម្រេចបានដល់កម្រិតណានោះគឺអាស្រ័យលើសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋ​និងសហគមន៍អន្តរជាតិ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ