ពលករខ្មែរ​៨៥នាក់​ដែល​ថៃ​ចាប់​ដាក់​ឃុំ ​ប្រឈម​នឹង​បញ្ហា​បំណុល​ក្រោយ​ត្រូវ​បាន​ដោះ​លែង​មក​វិញ

ពលរកខ្មែរថតរូបជុំគ្នានៅការិយាល័យព្រំដែនខេត្តសាកែវ ប្រទេសថៃ (ប្រភព: ហ្វេសប៊ុក ក្រសួងការបរទេសកម្ពុជា)

ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចំនួន ៨៥​នាក់ ត្រូវបានដោះលែង និងបាន​វិល​ត្រឡប់មក​ដល់​ផ្ទះសម្បែង​របស់​ពួកគេ​វិញហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ប៉ុន្តែ ពលករទាំងនោះកំពុងជួបបញ្ហាជំពាក់បំណុលមីក្រូ​ហិរញ្ញវត្ថុ។

យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងការបរទេស ការដោះលែងនេះ គឺធ្វើឡើងក្រោយពីមានកិច្ចអន្តរាគមន៍ស្នើសុំជាបន្តបន្ទាប់ពីស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសថៃ និងស្ថានកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ។

ប្រភពដដែលឱ្យដឹងថា ការដែលអាជ្ញាធរថៃទើបតែដោះលែងពលករខ្មែរទាំងនោះ គឺដោយប្រទេសក្បែរខាងរបស់កម្ពុជាមួយនេះ បានដាក់ចេញច្បាប់ថ្មីក្នុងការទប់ស្កាត់ការជួញដូរម​នុស្ស ដែលទាមទារការស៊ើបអង្កេតម៉ត់ចត់ ដើម្បីឈានទៅចាប់ខ្លួនមេខ្យល់។

ពលរដ្ឋរស់នៅភូមិឃ្ជាយ ឃុំតាគង់ ស្រុកម៉ាឡៃ លោក គង់ សុផាត ឱ្យដឹងថា កូនគាត់ពីរនាក់ប្តីប្រពន្ធ បានត្រឡប់មកផ្ទះវិញហើយនៅព្រឹកនេះ ហើយថា គាត់កំពុងជួបបញ្ហារំលស់បំណុលមីក្រូហិរញ្ញវត្ថុ ដោយសារកូនៗត្រូវជាប់ឃុំ និងមិនអាចចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ​បាន។

លោក សុផាត លើកឡើងថា៖ «កម្ពុជាយើងរាល់ថ្ងៃហ្នឹង​ សំខាន់​ទៅលើធ្វើការចំណាកស្រុកដើម្បីយកប្រាក់មកផ្គត់ផ្គង់ក្រុមគ្រួសារ។ ដល់ពេលគ្នាជាប់ឃុំនេះ គ្នាខាតប្រាក់ច្រើន ដោះបំណុលគេរហូតដល់ម្នាក់ ៣ម៉ឺនបាតទៅ ៤ម៉ឺនបាតអីណោះ ព្រោះអ្នកជំពាក់គេ បានបង្ខំទៅរកស៊ីចំណាកស្រុក។ ពេលគ្នាទៅចំណាកស្រុកនោះខុសច្បាប់ទៀត ដល់គេចាប់ហឹត[រឹត]ខាតទៀត។ បើអត់មានប៉ះពាល់នឹងគេចាប់គេអី ទៅដល់កន្លែងគេធ្វើលាក់បំបាំងចេះតែបានលុយបន្តមកចិញ្ចឹមជីវភាពគ្រួសារ និងជួយដោះបំណុលមីក្រូហិរញ្ញវត្ថុ»

លោក ផ្លុង ជាតិ ពលរដ្ឋរស់នៅភូមិមុខពែន ឃុំមុខពែន ស្រុកពួក ដែលមានប្អូនថ្លៃ និងប្អូនជីដូនមួយស្ថិតក្នុងចំណោមពលករទាំង ៨៥នាក់​នោះ បាន​ឱ្យ​ដឹង​ថា ប្អូន​ជីដូន​មួយ​និងប្អូនថ្លៃរបស់​លោក​ កំពុងជួបបញ្ហាមិនអាចដោះបំណុលដែលពួកគេបានខ្ចីសម្រាប់ការធ្វើចំណាកស្រុក។

លោក ផ្លុង ជាតិ ប្រាប់ថា៖ «យើងមិនមានលុយមានកាក់ ទ័ល។ ​អីចឹងទៅ យើងមានតែខ្ចីអ្នកជិតខាងទៅ ដើម្បីក្រែងបានទៅដោយសុខស្រួល គ្មានជាប់ជំពាក់នៅកន្លែងណាមួយ។ គ្មានជាប់ជំពាក់ដូចជាកន្លែងគេចាប់បានចាប់អីពូ។ នឹកឃើញយើងទៅបានសុខ​បានស្រួលនុះ ដល់ពេលទៅជួបឧបសគ្គអីចឹង ដូចគ្នាខ្ចីប្រាក់អ្នកជិតខាងផង គ្នាមកវិញគ្នាបានអីសង»

ពលរដ្ឋម្នាក់ទៀត រស់នៅស្រុកព្រះនេត្រព្រះ កញ្ញា សំឡី ពៅ ដែល​ជា​ប្អូន​ស្រី​​ពលករ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ដាក់​ឃុំ​ផង​ដែរ​នោះ បានឱ្យដឹង​ដែរថា ខ្លួនកំពុងប្រឈមបញ្ហាដោះបំណុលជំនួសបងប្រុស ដែលទើបត្រូវគេចាប់បញ្ជូនត្រឡប់មកវិញ។ កញ្ញា ពៅ បន្ថែមថា បងប្រុសកញ្ញាគ្មានលុយធ្វើលិខិតឆ្លងដែន ក៏សម្រេចទៅដោយខុសច្បាប់ ដើម្បីអាចធ្វើការរកលុយធ្វើលិខិតស្របច្បាប់នៅទីនោះ។

លោក ស៊ុំ ចន្ទគា មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្សនៃស​មាគមអាដហុក​ប្រចាំខេត្ត​បន្ទាយ​មា​ន​ជ័យ ដែលបានចូលរួមអន្តរាគមន៍ជាមួយអាជ្ញាធរកម្ពុជា​ឱ្យដោះលែងពលករទាំង ៨៥នាក់​នោះ បានរិះគន់អាជ្ញាធរកម្ពុជា ដែលមិនអាចទប់ស្កាត់ការឆ្លងដែនខុសច្បាប់ដែលនាំឱ្យមានការចាប់ខ្លួនពីតម្រួតថៃជាបន្តបន្ទាប់។

លោក ស៊ុំ ចន្ទគា មានប្រសាសន៍ថា៖ «រដ្ឋាភិបាលយើងច្រើនអាណត្តិមកហើយ មិនទាន់បានធ្វើអ្វីដែល​ដើម្បីឱ្យខ្មែរលែងជាប់គុកទេ និយាយឱ្យចំ។ យើងមានកម្លាំងទៅលក់ទីផ្សារនៅថៃ ប៉ុន្តែ មិនដែលបានសម្រួលធ្វើម៉េចឱ្យថៃហ្នឹងជួយខ្មែរកុំឱ្យជាប់គុកបានរហូតដល់រាល់ថ្ងៃហ្នឹង»

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កេត សោផាន់ ​បដិសេធ​បក​ស្រាយ​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​នៅ​ថ្ងៃ​នេះ។

ពលករ​ខ្មែរ ៩០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា​កន្លង​មក អំឡុង​ពេល​ពួកគេ​ឆ្លង​ដែន​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ប៉ុន្តែ ពលករ ៥​នាក់ ត្រូវ​បាន​ដោះ​លែង​វិញដោយសារ​ពួកគេ​មាន​ឯកសារ​ឆ្លង​ដែន​ត្រឹម​ត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ