ស្ថាប័នជំនាញ៖ហេដ្ឋារចនាសម្ព័ន្ធនៅព្រះសីហនុទ្រុឌទ្រោមព្រោះអភិវឌ្ឍន៍ខ្លាំង

ផ្លូវទៅកាន់ឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុរងការខ្ទេចខ្ទាំ រូបថតថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៩ (វណ្ណ វិចារ)

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើកឡើងថា ការខ្ទេចខ្ទាំហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ និងកង្វះប្រព័ន្ធចម្រោះទឹកស្អុយ ក្នុងខេត្តព្រះសីហនុគឺបណ្ដាលមកពីការអភិវឌ្ឍយ៉ាងគំហុក។

គណៈកម្មាធិការស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយនេះ បានបង្ហាញរបាយការណ៍ខ្វះខាត និងខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២៨ខែសីហា។​

របាយការណ៍បង្ហាញថា ផ្លូវក្នុងខេត្តចំនួន២២ខ្សែ ដែលមានចម្ងាយសរុប ៣៦ ៤៣៥ម៉ែត្រ កំពុងរងការខូចខាត រួមទាំងប្រព័ន្ធចម្រោះទឹកស្អុយកំពុងជួបបញ្ហានេះ ដោយសារសន្ទុះនៃការអភិវឌ្ឍន៍ខ្លាំងពេក។​

អ្នកនាំពាក្យសាលា ខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់ថាការអភិវឌ្ឍខេត្តព្រះសីហនុគឺធ្វើឡើងតាមដំណាក់កាលតាមប្លង់មេ ដែលសម្រេចដោយរាជរដ្ឋាភិបាល ។ ចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តវិញ អាជ្ញាធរខេត្តបានប្រមូលទិន្នន័យដាក់ជូនទៅថ្នាក់ជាតិរួចហើយ។

លោកឃាង ភារម្យ៖ ក្នុងនាមអាជ្ញាធរខេត្តយើងខ្ញុំ បានធ្វើបទបង្ហាញពីស្ថានភាពជាក់ស្តែងទៅកាន់ថ្នាក់លើពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចហើយ។ចំពោះចំនួនថវិកាដែលត្រូវចំណាយដែលលោកវិចារ(អ្នកសារព័ត៌មាន)សួរខ្ញុំវិញ ខ្ញុំមិនអាចបញ្ជាក់ពីបញ្ជាក់បានទេគ្រាន់តែដឹងថាមានក្នុងគម្រោងដែលមន្ត្រីជំនាញគេសិក្សារួចហើយ។

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ដែរថា ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកស្អុយក៏មិនអាចឆ្លើយតបនឹងកំណើននេះដែរខណៈដែលអាជ្ញាធររំពឹងថា ទឹកស្អុយនឹងកើនឡើងក្នុងបរិមាណ២៥០០០ម៉ែត្រគីបក្នុង១ថ្ងៃនៅឆ្នាំ២០១៨ រហូតដល់៤ ៦០០ម៉ែត្រគីប នៅឆ្នាំ២០២៣ខាង។

កាលពីសប្ដាហ៍មុនក្នុងផ្ដល់បទសម្ភាសន៍មួយជាមួយអ្នកកាសែតនាសិក្ខាសាលា ស្ដីពីលទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ នៅក្រុងព្រះសីហនុ រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល លើកឡើងថា ក្រុងព្រះសីហនុ ត្រូវការលុយប្រមាណ ១៧០ លានដុល្លារអាមេរិក ដើម្បីបញ្ចៀសបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ និងកែលំអរប្រព័ន្ធលូនិងផ្លូវដើម្បីបញ្ជៀស ជំនន់ទឹកភ្លៀង។ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះ មិនបានបញ្ជាក់ពីចំនួនប្រាក់ដែល ត្រូវចំណាយ ជុសជុលផ្លូវក្នុងខេត្តនោះទេ។

លោក ស៊ុន ចាន់ថុល បន្តថា ថវិកាទាំងអស់ជាថវិកាជាតិ សម្រាប់កសាងប្រព័ន្ធដោះស្រាយទឹកកខ្វក់ដំណាក់កាលទី១ និងប្រព័ន្ធទឹកភ្លៀងដំណាក់ទី១ ឆ្នាំ ២០១៩-២០២១ ដែលមានរួមបញ្ចូលប្រព័ន្ធចម្រោះមានសមត្ថភាពសម្អាតទឹកកខ្វក់ ៤ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ។កសាង បណ្ដាញលូមេ ៤៥ គីឡូម៉ែត្រ  បណ្ដាញលូខ្នែងប្រវែង ៤៧ គីឡូម៉ែត្រ  ស្ថានីយ៍បូមទឹកកខ្វក់បញ្ចូលអាងចម្រុះ និងប្រព័ន្ធលូទឹកភ្លៀងប្រវែង ២០គីឡូម៉ែត្រ។

លោក ស៊ុន ចាន់ថុល ៖ «យើងត្រូវតែជំរុញយ៉ាងណាឱ្យបានលឿន បើមិនដូច្នេះទេយើងមិនអាចគ្រប់គ្រងទឹកកខ្វក់ចូលសមុទ្របានទៀតទេ។

សកម្មជនបរិស្ថានយុវជន សាន់ ម៉ាឡា លើកឡើងថា បញ្ហាដែលកើតឡើងនៅខេត្តព្រះសីហនុ បណ្ដាលមកពី រាជរដ្ឋាភិបាល មិនបានរៀបចំយុទ្ធសាស្ត្រផែនការច្បាស់លាស់ ដើម្បីទទួលអ្នកវិនយោគចិន ដែលកើនឡើងខ្លាំង។ម៉ាឡា បន្ដថា ខេត្តព្រះសីហនុពេលនេះខ្ទេចខ្ទាំផ្លូវ និងប្រព័ន្ធលូហើយពលរដ្ឋមួយចំនួនអាចទទួលបានផលប្រយោជន៍ខ្លះមែន តែពេលខាងមុខនឹងជួបញ្ហាថ្មីផ្សេង

ទៀត។

សាន់ ម៉ាឡា៖« ពលរដ្ឋអាលូវអាចរកស៊ីជាមួយចិនបាន តាមរយៈលក់ដីឱ្យចិន ជួលផ្ទះអីឱ្យចិនបាន តែពេលដែលចិនទិញអចលនទ្រព្យអីបានហើយគាត់ប្រជាពលរដ្ឋខ្មែរអត់មានអីលក់ឱ្យចិនទៀតទេ។ ដូចការលក់បន្លែលក់អីតាមផ្សារសុទ្ធតែផលប្រយោជន៍រយៈពេលខ្លី នៅពេលដែលសេដ្ឋកិច្ចទាំងអស់គ្រប់គ្រងដោយចិន ពួកគេចិនគេនឹងទិញគ្នាគេខ្មែរគ្មានអីទៀតឡើយ។»

ទាក់ទងនឹងការដោះស្រាយបញ្ហាក្នុងខេត្តព្រះសីហនុនេះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញវិធានការបន្ទាន់មួយ ដោយតម្រូវឱ្យស្ដារអូរធម្មជាតិចំនួន៥និងលូដែលមានស្រាប់ ខណៈដែលតំបន់ទាំងអស់នោះកំពុងត្រូវបានកាន់កាប់ដោយប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ។ អង្គភាពជំនាញ ថែមទាំងបង្គាប់ឱ្យអាជ្ញាធរខេត្តដោះស្រាយបញ្ហានេះឱ្យបានម៉ឺងម៉ាត់ថែមទៀត។ ទោះយ៉ាងណាស្ថាប័ននេះមិនបានបញ្ជាក់ថា អូរធម្មជាតិ៥ដែលត្រូវដកហូតមកវិញនោះនៅទីតាំងណាខ្លះនោះទេ។

ចំពោះផ្លូវខូចទាំង២២ខែ្សវិញ អាជ្ញាធរខេត្តត្រូវសិក្សាលម្អិតជាថ្មីម្ដងទៀតដើម្បីដាក់ជូនថ្នាកជាតិពិនិត្យ។ ចំពោះវិធានការរយៈពេលវែងវិញគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ណែនាំអាជ្ញាធរខេត្តស្វែងរកលុយពីប្រភពហិរញ្ញប្បទាននានារាប់បញ្ចូលទាំងម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងខេត្តផង  តាមរូបមន្ត យកស្លឹកត្នោតខ្ចប់ស្ករត្នោត។

កាលពីចុងខែមិថុនា នៅក្នុងសន្និសីទកាសែតមួយបន្ទាប់ពីបញ្ចប់យុទ្ធនាការ រុករកជនរងគ្រោះនាហេតុការណ៍បាក់អគារចិន មានកម្ពស់៧ជាន់ក្នុងខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថាខេត្តព្រះសីហនុត្រូវការវិនិយោគចិនបន្ថែមទៀត ។លោកថា ដំបូងហេដ្ឋារចនាសម្ព័ន្ធខូចមែន ប៉ុន្តែពេលសំណង់សង់រួច នឹងមានសោភ័ណភាពឡើងវិញ។

លោក ហ៊ុន សែន៖« ផ្លូវស្អីៗហ្នឹងខូចមួយចំនួនមែនយើងយល់ តែសូមបងប្អូនប្រជាពលរដ្ឋយោគយល់ដែរ នៅពេលដែលគេអគារសង់រួចអស់គេនឹងធ្វើស្អាតវិញហើយកុំទៅភ័យពេក។»តួលេខដែលបញ្ជាក់ដោយសាលាខេត្តព្រះសីហនុ បង្ហាញថា សំណង់មានលិខិតអនុញ្ញាតសាងសង់ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែកក្កដា ឆ្នាំ២០១៩ មានចំនួន ៨១៩គម្រោង។ក្នុងនោះសំណង់មានកម្ពស់ចាប់ពី៥ជាន់ឡើងទៅ មាន១៩

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ