លោក កឹម សុខា អំពាវ​នាវ​ទៅ​អ្នក​នយោបាយ​ឱ្យ​បញ្ឈប់​នយោបាយ​យក​ជាតិ និង​រាស្ត្រ​ជា​ឈ្នាន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក កឹម សុខា (កណ្ដាល) និងអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី (ស្ដាំ)

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះនៅឡើយ បានអំពាវ​នាវ​ទៅ​ខ្មែរគ្រប់និន្នាកាឱ្យ​បញ្ឈប់នូវនយោបាយ​យកឈ្នះចាញ់ខ្មែរគ្នាឯង ដោយយកប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិជាឈ្នាន់ ឬជារបាំងតទៅទៀត ដោយ​ថា ខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ។

សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានរៀបរាប់ពីហេតុការណ៍កាលពី​ ២ឆ្នាំមុន ពោលគឺកាលពីថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ២០១៧ ដែល​លោកត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​សម្រុកចូលចាប់ខ្លួន​ក្នុងគេហដ្ឋាន​ទាំងកណ្តាលអាធ្រាត្រ។

លោកបន្តថា ពេលនោះ សមត្ថកិច្ចបានបំបែករូបលោកចេញពីភរិយា ទាំងដែលភរិយាលោ​កមិនដឹងថា គេចាប់លោកយកទៅទីណា ហើយ​ធ្វើអ្វីខ្លះទៅលើរូបលោកនោះឡើយ។

អតីតមេបក្សប្រឆាំងរូបនេះ បន្តថា សម្រែកលាយឡំនឹងទឹកភ្នែករបស់ភរិយាលោកនាយប់នោះ គឺជាការឈឺចាប់បំផុត ដែលអ្នកទាំងឡាយណាធ្លាប់ជួបប្រទះ នឹងដឹងច្បាស់ ហើយរូបលោកក៏បានចាំច្បាស់នូវសម្រែករបស់អ្នកម្តាយ​ និងក្រុមគ្រួសារលោក នៅពេល​ឪពុករបស់លោក ត្រូវបានក្រុមប្រដាប់អាវុធខ្មែរក្រហមចាប់យកទៅទាំងកណ្តាលអាធ្រាត្រកាលពីឆ្នាំ១៩៧៥។

ហ្វេសប៊ុកលោក កឹម សុខា បន្តថា៖ «ខ្ញុំស្គាល់ច្បាស់ពីការឈឺចាប់ដែលត្រូវគេចាប់ដោយអយុត្តិធម៌ ហើយរឹតតែដឹងច្បាស់ថា អ្នកដែលខ្លោចផ្សាបំផុត គឺក្រុមគ្រួសារដែលមិនថា គេចាប់យកឪពុក និងស្វាមីទៅណា។ ខ្ញុំបានដឹងហើយថា ជីវិតជាអ្នកប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងក្នុងតួនាទីជាមេដឹកនាំបក្សប្រឆាំងនេះ នឹងអាចនាំមកនូវគ្រោះថ្នាក់ និងការឈឺចាប់រាប់មិនអស់»

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះរូបនេះ អះអាងថា ទោះបីជាដឹងអំពីឧបសគ្គ និងគ្រោះថ្នាក់រាប់មិនអស់បែបនេះក្តី ប៉ុន្តែ លោកស្ម័គ្រចិត្តធ្វើពលីកម្មជូនជាតិនេះ មិនមែនលោកមិនចេះខ្លាច មិនមែនលោកមិនដឹងពីគ្រោះថ្នាក់ ឬ​មិនមែនព្រោះតែលោកល្ងង់នោះទេ។ តែលោកថា ​នេះជា​តួនាទី​អ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ។

សាររំលឹកខួបពីរឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​រូប​លោក​នេះ បញ្ជាក់ថា ចៅហ្វាយ ឬថៅកែគេជាអ្នកចាំយកលទ្ធផលពីការងាររបស់យើង តែអ្នកដឹកនាំ គឺជាអ្នកដែលលះបង់មុនគេ និងច្រើនជាងគេ ដើម្បីជាគម្រូដល់អ្នកគាំទ្រ។ អ្នកដឹកនាំដែលមានគុណធម៌ មិនដែលរុញច្រានឱ្យ​អ្នកគាំទ្រខ្លួនធ្វើអ្វីដែលខ្លួនមិនហ៊ានធ្វើឡើយ។

សំណេរ​លើ​ហ្វេសប៊ុក​លោក កឹម សុខា បាន​រៀបរាប់​បន្ត​ថា ​លោក​តែងតែជ្រើសរើសយក និងណែនាំឱ្យកូនខ្មែរ ធ្វើការតស៊ូរដោយអហិង្សា ទោះបីការតស៊ូ​នោះ ត្រូវធ្វើឱ្យលោករងគ្រោះក៏ដោយ ក៏លោកសុខចិត្តទទួល​ក្នុងនាមជាអ្នកដឹកនាំម្នាក់ដោយមិនទុកឱ្យអ្នកគាំទ្រយកខ្លួនទៅពាំងជំនួសលោកជារៀងរហូតនោះទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា រាល់ការលើកឡើងរបស់អតីតប្រធានគណបក្សប្រឆាំងពេលនេះ គេមិនទាន់អាចកំណត់ថា វាជារឿងស្របច្បាប់ ឬ​ខុសច្បាប់នោះឡើយ ដោយថា វាអាស្រ័យលើការសន្និដ្ឋានផ្លូវច្បាប់របស់តុលាការប៉ុណ្ណោះ។ ​

យ៉ាងនេះក្តី លោកថា ការលើកឡើងនេះ ក៏ជាសិទ្ធិបញ្ចេញមតិផ្ទាល់របស់លោក កឹម សុខា ផងដែរ។

លោក ជិន ម៉ាលីន មានប្រសាសន៍ថា៖ «អានេះជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ​របស់គាត់ទេ ប៉ុន្តែ គិតថា ជាការញុះញង់ ឬ​មិនញុះញង់ ក៏សមត្ថកិច្ចតុលាការ ជាអ្នកកំណត់​ថា តើមានធាតុផ្សំ​នៃការញុះញង់បានដែរឬក៏អត់? សម្រាប់យើងជាភាគីខាងក្រៅហ្នឹង គឺយើងមិនអាចសន្និដ្ឋានបានដែរបាទ»

លោក ចាន់ ចេន មេធាវីម្នាក់​ក្នុងចំណោម​មេធាវី​ការពារក្តីឱ្យលោក កឹម សុខា បាន​ឱ្យដឹងថា ​ខាងក្រុមមេធាវីលោកនៅតែ​ទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់ទាំងឡាយមកលើកូនក្តីរបស់ខ្លួន។

មេធាវី​រូប​នេះ អះ​អាង​ថា កូន​ក្ដី​របស់​លោក​ត្រូវ​ការ​ការ​ត្រួត​ពិនិត្យ និង​ព្យាបាល​សុខភាព​ជា​ចម្បង​ ប៉ុន្តែ លោកថា កូន​ក្ដី​របស់​លោក​នៅ​ពុំ​ទាន់​ទទួល​បាន​ការ​ពិនិត្យ និងព្យាបាល​សុខភាព​នៅ​ឡើយ​ទេ ខណៈ​ដែល​សេរីភាព​កូន​ក្ដី​របស់​លោក នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​រឹត​បន្តឹង​ដដែល​នោះ។

លោកមានប្រសាសន៍ថា៖ «យើងបានដាក់ពាក្យសុំ ក៏ដូចជាឯកសារមួយចំនួនទៅចៅក្រមស៊ើបសួរ ដើម្បីសុំទម្លាក់​បទចោទប្រកាន់ ឬក៏លើកលែងការចោទប្រកាន់ទៅលើកូនក្តី។ ហើយបើតាមពេលវេលាវាសមល្មម លោកចៅក្រម ធ្វើការពិចារណា និងទម្លាក់ចោលបទចោទប្រកាន់បាទ»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា សារនយោបាយនេះ បាន​កើត​ឡើង​ស្របពេលនីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ​កំពុងបន្តនីតិវិធីដំណាក់កាលទី២។

លោកថា ការឈានទៅបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជារឿងបង្កការឈឺចាប់សម្រាប់ជាតិបន្ថែមទៀត ហើយសារនយោបាយរបស់លោក កឹម សុខា ពេលនេះ គឺចង់ឱ្យអ្នកនយោបាយខ្មែរងាកមកស្រុះស្រួលគ្នាឡើងវិញ។

លោក ឯម សុវណ្ណរ៉ា បន្តថា៖ «ហើយកិច្ចការនេះ កម្ពុជា​គួរតែពិចារណាដែលកន្លែងហ្នឹង អ្នកនយោបាយអាចជជែកគ្នាបាន និយាយភាសាខ្មែរជាភាសាជាតិតែមួយ ខ្ញុំគិតថា មិនពិបាកនិយាយទេ។ ហើយប្រសិនបើទុកឱ្យមានការឈឺចាប់​រៀងៗខ្លួន ខ្ញុំគិតថា វាពិបាកស្រុះស្រួល​នៅថ្ងៃអនាគត។ វាធ្វើឱ្យសង្គមយើងមានភាពផុយស្រួយ​នៅអនាគតកាល។ អាហ្នឹង គឺជាបញ្ហាប្រឈម ដែលយើងពិបាកស្ទង់មើលនៅថ្ងៃអនាគត»

លោក កឹម សុខា ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួនទាំងយប់​កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០១៧ ក្រោម​ការ​ចោទ​ពី​​រដ្ឋាភិបាល​ថា បានឃុប​ឃិត​ជាមួយ​ស​ហរដ្ឋ​អាមេរិក ​ចង់ផ្តួលរំលំរដ្ឋាភិបាល ឬ​បទក្បត់ជាតិ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅឃុំខ្លួនបណ្តោះអា​សន្ន​​អស់រយៈ​ពេល​ជិត ១​ឆ្នាំ នៅ​​​​​ពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅ​​ជាប់ព្រំដែន​ប្រទេស​វៀតណាម មុន​នឹង​ត្រូវ​បាន​បញ្ជូនមកឃុំខ្លួនក្នុងផ្ទះ​នៅរាជធានីភ្នំពេញវិញ​កាលពីខែកញ្ញា ឆ្នាំ២០១៨។

កាលពី​ខែកុម្ភៈ​​ សហរដ្ឋអាមេរិក​ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ​បានបង្ហោះរូបរបស់អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដោយអះអាងថា លោកត្រូវបានគេចាប់ឃុំឃាំងជាង ១ឆ្នាំ ដោយ «អយុត្តិធម៌» និងគ្មានភស្ដុតាងណាមួយសោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ