កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាចិត្តរួមគ្នាជួយទីម័រឲ្យ​ក្លាយជាសមាជិកថ្មី​របស់​​អាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី មហាធា មហាម៉ាត់ ជំនួបនៅឯវិមានសន្តិភាព ថ្ងៃអង្គារ ទី០៣ ឆ្នាំ២០១៩ (ប្រភព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន)

មេដឹក​នាំ​កម្ពុជា និងម៉ាឡេស៊ី បានប្តេជ្ញាចិត្តរួមគ្នាជួយដល់​ប្រទេសទីម័រឲ្យបាន​ចូលជាសមាជិកថ្មីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នាពេលខាងមុខ។

ក្នុងសន្និសីទសារព័ត៌មាន​នៅឯវិមានសន្តិភាពកាលពីព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី មហាធា មហាម៉ាត់ បានពិភាក្សាគ្នាផ្តោតលើរឿង​​មួយចំនួនដែល​កំពុងកើតឡើងនៅលើពិភលោក ​ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ការដាក់ទណ្ឌកម្មរបស់​អង្គការសហប្រជាតិទៅលើកូរ៉េខាងជើង និងការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសមហាអំណាចលើប្រទេសតូចៗមួយចំនួនទៀតជាដើម។ ក្រៅពីនេះ មេដឹកប្រទេសទាំងពីរ ក៏បានប្រកាស​​គាំទ្រ​ប្រទេស​ទីម័រជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ​។

​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាង​ក្នុង​សន្និសីទសារព័ត៌មាន​នោះថា​​ប្រទេសទីម័រ គឺដល់ពេលត្រូវស្វាគមន៍ឱ្យក្លាយជាសមាជិកថ្មីរបស់អាស៊ានហើយ។

លោកនាយករដ្ឋមន្ត្រី បានលើកឡើង​ថា៖ «អំពីកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ ខ្ញុំនឹងឯកឧត្តម មហាធាបានផ្លាស់ប្តូរយោបល់អំពីស្ថានការណ៍តំបន់ និងពិភពលោក ដែលភាគីទាំងពីរបានយកចិត្តទុកដាក់ ក្នុងនោះខ្ញុំសូមជម្រាបថា យើងក៏មានការពិភាក្សា ការផ្លាស់ប្តូរមតិទៅលើបញ្ហាមួយចំនួន។ ខ្ញុំ និងឯកឧត្តមនាយករដ្ឋមន្ត្រី មហាធា ក៏បានពិភាក្សាអំពីបេក្ខភាពរបស់ទីម័រជាសមាជិកទី១១របស់អាស៊ានផងដែរ ដែលគប្បីស្វាគមន៍ទទួល ទីម័រ ឱ្យបានចូលជាសមាជិក​អាស៊ាន»

លោកនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហាធា មហាម៉ាត់ បានមានប្រសាសន៍ថា សំណើរសុំជាផ្លូវការដើម្បីក្លាយជាសមាជិកអាស៊ានរបស់ប្រទេសទីម័រដែលធ្វើឡើង​តាំងពីឆ្នាំ២០១១មកនោះ គួរដល់ពេលទទួលបានការយល់ព្រមហើយ។

លោក មហាធា មហាម៉ាត់បានលើកឡើងថា៖ «យើងយល់ថា អំពីបញ្ហាទីម័រដែលបានដាក់សុំចូលជាសមាជិកអាស៊ានតាំងពីពេលយូរមកនោះ គួរពិតណាស់ក្លាយជាសមាជិកអាស៊ាន។ ហើយយើងនឹងព្យាយាមធានាថា ប្រទេសទីម័រនឹងក្លាយជាសមាជិកមួយរបស់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពុលខាងមុខនេះ នៅក្នុងជំនួបថ្នាក់ដឹកនាំអាស៊ាន។»

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាបានពន្យល់ថា បើអាស៊ានទទួលបានសមាជិកថ្មី គឺបានន័យថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះបានទទួលភាពជោគជ័យបន្ថែមទៀត តាមរយៈការពង្រីកសក្តានុពលទីផ្សាររបស់ខ្លួន ពង្រឹងភាពរឹងមាំនៅក្នុងតំបន់ ហើយមានសម្លេងកាន់តែខ្លាំងក្លាជាងមុន។

លោក គិន ភា បានអះអាងថា៖ «ខ្ញុំយល់ថាទីម័រគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ដែលអាចចូលជាសមាជិកអាស៊ានបាន។ តែបញ្ហាវានៅត្រង់ថាតើ សមាជិកអាស៊ានចាស់ៗដ៏ទៃទៀតអនុញ្ញាតឱ្យទីម័រចូលជាសមាជិកអាស៊ានដែររឺអត់? ត្បិតយន្តការណ៍នៃការសម្រេចចិត្តរបស់អាស៊ាន គឺផ្អែកលើកុងសង់ស៊ីស។ មានន័យថា បើប្រទេសណាមួយបដិសេធ ក៏ទីម័រមិនអាចចូលជាសមាជិកអាស៊ានបានដែរ»

ទីម័រខាងកើតដែលជាអតីតខេត្តទី២៧របស់ប្រទេសឥណ្ឌូណេស៊ីដែលទើបទទួលបានឯករាជ្យទាំងស្រុងពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២នេះប៉ុណ្ណោះ ហើយក៏ជាប្រទេសដែលមានវ័យក្មេងជាងគេមួយនៅក្នុងតំបន់អាស៊ីដែរ។ ឯគោលបំណងចង់ចូលជាសមាជិកអាស៊ាន រដ្ឋាភិបាលទីម័របានបង្ហាញការព្យាយាមរបស់ខ្លួនតាំងតែពីឆ្នាំ២០០៧មកម្លេះ តែសំណើសុំជាផ្លូវការទើបត្រូវធ្វើឡើងតាមក្រោយនាអំឡុងឆ្នាំ២០១១។

ក្រៅអំពីរឿងជម្រុញទីម័រក្លាយជាបេក្ខភាពថ្មីរបស់អាស៊ាន ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មហាធា មហាម៉ាត់នៅវិមានសន្តិភាពកាលពីព្រឹកមិញនេះបានពិភាក្សាចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរទៀត ទីមួយ កិច្ចព្រមព្រៀងស្តីអំពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល ការគេចវេសពន្ធ និងការចៀសវាងពន្ធ ឯទីពីរ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការណ៍លើវិស័យទេសចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ