លោក កឹម សុខានៅតែរស់នៅក្នុងការឃុំខ្លួនរយៈពេល២ឆ្នាំ

លោក កឹម សុខា ជាមួយភរិយា លោកស្រី តែ ច័ន្ទម៉ូណូ (ឆ្វេង) និង ម្ដាយ នៅផ្ទះរបស់លោកនៅថ្ងៃបន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារមណ្ឌល ៣ ក្នុងខែកញ្ញា ឆ្នាំ២០១៨ (រូបភាព៖ ឆែ ប៊ុណ្ណារិទ្ធិ)

មេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា នៅតែបន្តរស់នៅក្នុងភាពគ្មានពន្លឺនៃសេរីភាព ទាំងផ្លូវកាយ និងចិត្តគំនិត ក្រោយពីលោកត្រូវបានអាជ្ញាធរឡោមព័ទ្ធចាប់ទាំងយប់ក្នុងគេហដ្ឋាន នៅរាជធានីភ្នំពេញ នាថ្ងៃទី ០៣ កញ្ញា ២០១៧ រួចបញ្ជូនទៅឃុំខ្លួន ក្រោមបទចោទដឹកនាំបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល ដោយមានជំនួយពីសហរដ្ឋអាមេរិក។

បន្ទាប់ពីជាប់ក្នុងពន្ធធនាគារអស់រយៈពេល១ ឆ្នាំ លោកត្រូវបានបញ្ជូនឱ្យមកឃុំក្នុងគេហដ្ឋានរបស់ខ្លួន ក្រោមអំណាចសាលក្រមតុលាការ ដោយមិនអនុញ្ញាតឱ្យដើរហើរចេញក្រៅខណ្ឌសីមាកំណត់ជុំវិញបរិវេណផ្ទះក្នុងខណ្ឌទួលគោក ឬធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោ​បាយគ្រប់រូបភាព រង់ចាំការជំនុំជម្រះដែលពុំទាន់មានការកំណត់កាលបរិច្ឆេទជាក់លាក់។

កូនស្រីរបស់អតីតប្រធានបក្សប្រឆាំងដែលត្រូវបានរំលាយរូបនេះ កញ្ញា កឹម មនោវិទ្យា ប្រាប់ថា លោក កឹម សុខា មិនដែលចាកចេញពីផ្ទះទេ ខណៈលោកមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ខ្សែបន្ទាត់ត្រីកោណ។

កញ្ញា បានប្រាប់ វីអូឌី ៖ «ជារៀងរាល់ថ្ងៃ គាត់[កឹម សុខា]ធ្វើសមាធិ ដាំបន្លែ លំហែកាយ ព្រមទាំងតាមដានព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃ និងទាន់ហេតុការណ៍ផ្សេងៗ នៅគ្រប់រឿងរ៉ាវដែលកំពុងកើតឡើងនៅខាងក្រៅ»

លោក សុខ ឡេង ជាអ្នករត់ម៉ូតូកង់បីម្នាក់ដែលជារឿយៗបើកកង់បីរបស់គាត់ឆ្លងកាត់ម្តុំផ្ទះលោក កឹម សុខា បាននិយាយថា គាត់មានក្តីអាណិតចំពោះអតីតប្រធានបក្សប្រឆាំងរូបនេះ ដែលត្រូវបានប៉ូលីសយាមកាមផ្ទះរបស់គាត់ទាំងយប់ទាំងថ្ងៃ។

លោក ឡេង បន្ថែមថា៖ «ចិត្តខ្ញុំចង់ឱ្យគាត់ត្រឡប់ចូលធ្វើនយោបាយវិញ។ គាត់ជាមនុស្សល្អ និងមានអ្នកគាំទ្រច្រើន។ គាត់អាចជួយបង្កើនប្រាក់ឈ្នួលកម្មករ»

លោកលើកឡើងថា បើតាមមើលស្ថានភាពនៅពេលនេះ លោក កឹម សុខា មិនទាន់ដល់ពេលដែលត្រូវដោះលែងនោះទេ ហើយថា គាត់ និងអ្នកដទៃដែលមានចិត្តអាណិតលោក មានអារម្មណ៍ថា ពួកគេមិនអាចធ្វើអ្វីបានឡើយដើម្បីជួយលើរឿងនេះ។

ពលរដ្ឋ វ័យ ៣៧ឆ្នាំ ដែលបានបោះបង់សិទ្ធបោះឆ្នាំក្នុងឆ្នាំ ២០១៨ ដោយសារអវត្តមានបក្សប្រឆាំងរូបនេះ ប្រាប់ទៀតថា៖ «ពួកគេខ្លាចការចាប់ខ្លួន។ យើងមិនអាចនិយាយអ្វីបានឡើយ។ អ្នកដែលហ៊ាននិយាយ ត្រូវគេចាប់រួចហើយ។ ប្រជាជនអាចជួយគាត់បានតែតាមរយៈសន្លឹកឆ្នោតទេ»។

ការចាប់ឃុំខ្លួនលោក មានរយៈពេល២ឆ្នាំហើយ ជាមួយការអំពាវនាវឱ្យមានការដោះលែងពីប្រទេសលោកខាងលិច ការឃុំខ្លួនលោកកឹម សុខា នៅតែបន្ត ដោយមិនឱ្យលោកចេញក្រៅ និងសម្តែងមតិ ជាមួយអ្នកគាំទ្រនិយាយថា គាត់មិនត្រូវបានបំភ្លេច ប៉ុន្តែ ថាពួកគេមានអារម្មណ៍ថា គ្មានអំណាចដើម្បីជួយគាត់។

ក្រោយការចាប់ខ្លួនលោក កឹម សុខា បានពីរខែ តុលាការកំពូលកម្ពុជា បានសម្រេចចេញសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ តបតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សចំនួន ១១៨ រូប ក៏ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ដែលសេចក្តីសម្រេចនេះ បាតផាត់ចោលគូប្រជែងដ៏សំខាន់របស់គណបក្សប្រជាជន ធ្វើឱ្យគណបក្សមួយនេះ បន្តកាន់អំណាចមួយអាណត្តិទៀត ក្រោយដណ្តើមបានកៅអីទាំងអស់ក្នុងសភា ចំនួន ១២៥ កៅអី ក្នុងការបោះឆ្នោតឆ្នាំ ២០១៨។

ក្នុងរយៈពេល២ឆ្នាំមក បើទោះមានការអំពាវនាវឱ្យមានការដោះលែងលោក កឹម សុខា ពីបណ្តាប្រទេសលោកខាងលិចធ្លាក់មកជាបន្តបន្ទាប់ក៏ដោយ ក៏អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ នៅតែស្ថិតក្នុងការឃុំខ្លួននៅគេហដ្ឋាន និងហាមមិនឱ្យបញ្ចេញមតិដដែល ប៉ុន្តែ​ ក្រុមអ្នកគាំទ្រថា ពួកគេមិនបំភ្លេចអ្នកនយោបាយចាស់វស្សារូបនេះឡើយ បើទោះគ្មានអំណាចជួយ។

ពលរដ្ឋម្នាក់ដែលមានស្រុកកំណើតជាមួយលោក កឹម សុខា អ្នកស្រី បាន សុភា និយាយថា លោកស្រីមិនចាប់អារម្មណ៍នឹកគិតខ្លាំងដល់រឿងហេតុដែលបានកើតឡើងចំពោះអតីតមេបក្សប្រឆាំងរូបនេះទេ តែក៏មិនបានភ្លេចរូបលោកដែរ បើទោះជាគាត់បាត់មុខ២ឆ្នាំ មកហើយក្តី។

ស្រ្តីមានកូន៤នាក់ក្នុងបន្ទុករូបនេះ និយាយថា គាត់ខ្វល់ខ្វាយតែពីជីវភាពក្រុមគ្រួសារប្រចាំថ្ងៃប៉ុណ្ណោះ ហើយមិនដឹងថាលោក កឹម សុខា រងភាពអយុត្តិធម៌ ឬរឿងក្តីគាត់ដំណើរការដល់ណានោះទេ។

អ្នកស្រី បាន សុភា បន្ថែម៖ «យើងគ្រាន់តែដឹងពីការចាប់ខ្លួនរបស់គាត់ តែមិនដឹងថា អាចជួយគាត់តាមរបៀបណាទេ»

សំណុំរឿងលោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិរបស់លោក បានរងការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេ​រិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដោយចាត់ទុកថា ជាការធ្វើឡើងក្រោមហេតុផលនយោបាយ រហូតចុងក្រោយនេះ ស​ភាអឺរ៉ុបសម្រេចដំណើរការនិតិវិធីច្បាប់ដែលនឹងឈានទៅដល់ការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។

ទន្ទឹមគ្នានេះ អាមេរិកកំពុងដាក់សំណើច្បាប់ថ្មីមួយទៅកាន់ព្រឹទ្ធសភារបស់ខ្លួន ដើម្បីទាមទារឱ្យមានការដោះលែងអតីតមេបក្សប្រឆាំងជាបន្ទាន់ និងឥតលក្ខខណ្ឌពីការឃុំខ្លួនក្នុងគេហដ្ឋានរបស់លោក រួមជាមួយសំណើដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា។  

នាយករងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា សកម្មភាពគាំទ្រឱ្យមានការដោះលែងលោក កឹម សុខា នៅក្នុងប្រទេសគឺមានតិចតួច​ ប៉ុន្តែ លោកថា ករណីរបស់លោក គឺសំខាន់ និងមិនត្រូវបានបំភ្លេចយ៉ាងពិតប្រាកដ។

លោក សំអាត មានប្រសាសន៍ថា៖ «យើងមើលឃើញថា យុទ្ធនាការទាមទារឱ្យដោះលែងលោក កឹម សុខា នៅក្នុងប្រទេស គឺមិនធំទេ ប៉ុន្តែ គាត់ឋិតក្នុងការចងចាំ ហើយការចរចារផ្សេងៗកំពុងត្រូវបានធ្វើឡើងភាគច្រើននៅខាងក្រៅប្រទេស ជាជាងក្នុងប្រទេស»

មន្ត្រីជាន់ខ្ពស់នៃអង្គការសង្គមស៊ីវិលក្នុងស្រុករូបនេះបន្ថែមថា ភាពស្ងប់ស្ងាត់ក្នុងចំណោមសាធារណជនខ្មែរ អាចដោយសារសម្ពាធពីអាជ្ញាធរទៅលើមុខសញ្ញាអ្នកប្រឆាំងរដ្ឋាភិបាល។ ជាក់ស្តែង អតីតសមាជិកគណបក្សសង្គ្រោះជាតិ ១៤៧ រូបហើយ ត្រូវបានតុលាការ ឬសមត្ថកិច្ចកោះហៅទៅសាកសួរក្នុងឆ្នាំនេះ ដោយសារពួកគេបង្កើតការជួបជុំ។

ជាមួយគ្នានេះ ក្នុងថ្ងៃខួប៣ឆ្នាំ នៃការលួចធ្វើឃាតលោក កែម ឡី ក្នុងខែកក្កដា សកម្មជនពីរនាក់ត្រូវបានចាប់ខ្លួន ដោយសារពួកគេ ម្នាក់អំពាវនាវឱ្យបញ្ឈប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងម្នាក់ទៀត បានបោះពុម្ពលើអាវយឺតនូវប្រយោគអំពីអ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយដែលត្រូវបានឃាតកបាញ់សម្លាប់នៅការ៉ាស់សាំងមួយកន្លែង ក្នុងទីក្រុងភ្នំពេញ។ អ្នកដទៃទៀត បានត្រូវចាប់ខ្លួនក្រោមបទចោទញុះញង់ជាសាធារណៈនៅលើបណ្តាញសង្គម Facebook ពាក់ព័ន្ធរឿងនយោបាយ។

ខណៈលោក កឹម សុខា បន្តរក្សាភាពស្ងប់ស្ងាត់ចាប់តាំងពីលោកត្រូវបានចាប់ឃុំខ្លួនមក សហស្ថាបនិកគណបក្សសង្គ្រោះជាតិជាមួយលោក គឺ លោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួននៅប្រទេសបារាំង ត្រូវគេមើលឃើញថា មានសកម្ម​ភាព​ខ្លាំងក្លា។

អ្នកនយោបាយមានប្រជាប្រិយភាពទាំងពីរ បានពួតដៃគ្នាបង្កើតគណបក្សសង្គ្រោះជាតិកម្ពុជាឡើងក្នុងឆ្នាំ ២០១២ មុនការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ ២០១៣ ដោយច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា និងបានជ្រើសតាំងលោក សម រង្ស៊ី ជាប្រធានគណបក្ស ឯ លោក កឹម សុខា ជាអនុប្រធាន។ ​

លុះដល់ដើមឆ្នាំ ២០១៧ ច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មថ្មី បានហាមឃាត់បក្សនយោបាយទាំងអស់ មិនឱ្យដឹកនាំដោយជនជាប់ចោទពីបទឧក្រិដ្ឋ។ ច្បាប់ថ្មីនេះ បានបង្ខំឱ្យលោក សម រង្ស៊ី ដែលកំពុងជាប់ដោយបណ្តឹងតុលាការជាច្រើនករណីស្រាប់ ពីបទញុះញុងកងកម្លាំងប្រដាប់អាវុធ និងប្រមាថព្រះមហាក្សត្រ លាលែងតំណែងដើម្បីសង្គ្រោះគណបក្ស។ លោក រង្ស៊ី ហៅបទចោទទាំងនោះ សុទ្ធតែជារឿងនយោបាយ។

ប៉ុន្តែ ក្រោយពីលោក កឹម សុខា​ ត្រូវបានចាប់ឃុំខ្លួនមក លោក សម​ រង្ស៊ី បានវិលមកប្រឡូកក្នុងសកម្មភាពនយោបាយវិញ ក្នុងតួនាទីជាប្រធានស្តីទីបក្ស។ លោកបានធ្វើយុទ្ធធាការលើទំព័រ Facebook របស់លោក ប្រកាសម្តងហើយម្តងទៀត ពីការវិលត្រឡប់ចូលស្រុកវិញ ដើម្បីស្តារស្ថានការនយោបាយនៅកម្ពុជា ហើយការសន្យាចុងក្រោយសម្រាប់មាតុភូមិនិវត្តរបស់លោក បានគ្រោងធ្វើឡើងនៅថ្ងៃទី ៩ វិច្ឆិកា ២០១៩។

ការប្រកួកប្រកាសរបស់អតីតមេបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសចាប់តាំងពីឆ្នាំ ២០១៥ រូបនេះ ទទួលបានប្រតិកម្មជាបន្តបន្ទាប់ពីបណ្តាអ្នកគាំទ្រគណបក្សកាន់អំណាច អ្នកវិភាគតាមប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្តាញសង្គម។

កញ្ញា កឹម មនោវិទ្យា កូនស្រី លោក កឹម សុខា លើកឡើងថា គ្មានការផ្លាស់ប្តូរមេដឹកនាំគណបក្សសង្គ្រោះជាតិនោះទេ ហើយថា ឪពុករបស់កញ្ញា នៅតែជាមេដឹកនាំបក្សដដែល។

កញ្ញា កឹម មនោវិទ្យា បន្ថែមថា៖« ការដណ្តើមបានសំឡេងគាំទ្រច្រើនលើសលុបនៅក្នុងការបោះឆ្នោតថ្នាក់ភូមិសង្កាត់ក្នុងឆ្នាំ ២០១៧ បង្ហាញទៅកាន់សហគមអន្តរជាតិថា លោក កឹម សុខា គឺជាមេដឹកនាំបក្សប្រឆាំង។ ដូច្នេះ ទើបពួកគេអំពាវនាវឱ្យមានការដោះលែងរូបគាត់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។»

លោកស្រី មូរ សុខហួរ អនុប្រធានអតីតបក្សប្រឆាំងមួយរួប និងជាមនុស្សជំនិតរបស់ លោក សម រង្ស៊ី យល់ព្រមថា តួនាទីរបស់លោក កឹម សុខា ជាមេដឹកនាំបក្ស ពុំមានអ្នកណាជំទាស់នោះទេ។

តំណាងអតីតគណបក្សប្រឆាំងរូបនេះ បន្ថែមថា៖« លោកប្រធាន កឹម សុខា គឺជាប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា ហើយគាត់នឹងជាប្រធានបក្សសង្គ្រោះជាតិ ចំណែកលោក សម រង្ស៊ី នឹងបញ្ចប់តួនាទីជាប្រធានស្តីទីក្រោយពេលលោក កឹម សុខា ត្រូវបានដោះលែង។ យើងមិនដែលភ្លេច លោក កឹម សុខា ជាប្រធានរបស់យើងនោះទេ។»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ​ ឥសាន បាននិយាយថា ទាំងការដាក់សម្ពោធ​នានាពីអន្តរជាតិ និងការគាំទ្រគ្រប់មជ្ឈដ្ឋាន ពុំមានឥទ្ធិពលអ្វីចំពោះសំណុំរឿងលោក សុខា ឡើយ។

លោក សុខ ឥសាន មានប្រសាសន៍ថា៖ «ការរិះគន់លើការចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំងថាជាការប្រឆាំងលទ្ធិប្រជាធិបតេយ្យ គឺជាសិទ្ធិបញ្ចេញមតិ។ »

ផ្ទុយមកវិញ លោក សុខ ឥសាន បានប្រដូចមេដឹកនាំខ្មែរក្រហម ប៉ុល ពត ដែលបានបន្តដឹកនាំកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលថ្មីនៅអំឡុងទស្សវត្សឆ្នាំ ១៩៩០ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែទទួលបានការគាំទ្រពីប្រទេសចិន និងសហរដ្ឋអាមេរិក ត្បិតអីរបបនោះ បានបណ្តាលឱ្យមនុស្សស្លាប់រាប់លាននាក់ក្តី។ 

អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបន្ថែមថា៖« ការរិះគន់របស់ពួកគេ គឺគ្រាន់តែជាបញ្ហារបស់ពួកគេ ហើយគណបក្សប្រជាជនកម្ពុជា អាចដណ្តើមបានជ័យជម្នះលើរបបប៉ុល ពត។ ដូច្នេះ ចំពោះស្ថានការរបស់លោក កឹម សុខា គឺគ្មានអ្វីគួរឱ្យព្រួបារម្ភ និងយកចិត្តទុកដាក់ខ្លាំងនោះទេ។» 

អ្នកស្រី កុយ សុខហេង អ្នកជិតខាងម្នាក់របស់ លោក កឹម សុខា នៅខណ្ឌទួលគោក បានលើកឡើងថា លោកស្រីមានការខកចិត្តចំពោះករណីអតីតមេដឹកនាំបក្សប្រឆាំង។

ស្រ្តីកូន៣ វ័យ ៤៩ឆ្នាំរូបនេះ បន្ថែមថា ៖ «ខ្ញុំចូលចិត្តលោក សម រង្ស៊ី ប៉ុន្តែ លោក កឹម សុខា មិនគួរស្ថិតក្នុងស្ថានភាពលំបាកអីចឹងទេ»។

អ្នកស្រី សុខហេង បន្តថា៖ «គាត់មិនសំជាអ្នកដែលរុញប្រទេសឱ្យធ្លាក់ក្នុងស្ថានភាពអាក្រក់នោះទេ។ គាត់មិនដែលលក់ដី ឬក៏លក់ប្រទេសជាតិនោះទេ។ ខ្ញុំសង្ឃឹមថា សំណុំរឿងរបស់គាត់ នឹងចាប់ផ្តើមជំរំជម្រះឱ្យដាច់ស្រាច់ឆាប់ៗ។»

អតីតមេបក្សប្រឆាំង លោក កឹម សុខា ត្រូវបានចោទប្រកាន់ថាក្បត់ជាតិ ចូលដៃជាមួយមហាអំណាចបរទេស បន្ទាប់ពីវីដេអូឃ្លីប នៃសេចក្តីថ្លែងការរបស់លោកមួយ នៅក្នុងទីក្រុងមែលប៊ន ក្នុងឆ្នាំ ២០១៣ ត្រូវបានទម្លាយចេញ។

យោងតាមលិខិតរបស់រដ្ឋាភិបាលលើកឡើងអំពីខ្លឹមសារក្នុងវីដេអូ បង្ហោះលើទំព័រ Facebook របស់អង្គភាពព័ត៌មានទីស្តីការគណៈរដ្ឋមន្រ្តី លោក កឹម សុខា ថ្លែងថា លោកត្រូវបានផ្តល់ប្រឹក្សាដោយសហរដ្ឋអាមេរិក ចាប់តាំងពីលោកចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ ១៩៩៣ ហើយនៅប៉ុន្មានឆ្នាំថ្មីៗនេះ លោកត្រូវបានផ្តល់យោបល់ឱ្យយកគំរូបដិវត្តន៍នៅប្រទេសយូហ្គូស្លាវី ដែលបានទម្លាក់ប្រធានាធិបតី លោក Slobodan Milosevic ក្នុងឆ្នាំ ២០០០ តាមរយៈបាតុកម្មថ្នាក់មូលដ្ឋាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និយាយថា ការផ្លាស់ប្តូរណាមួយនៅក្នុងសំណុំរឿង លោក កឹម សុខា រាប់បញ្ចូលទាំងភាពដែលអាចទៅរួចក្នុងការដោះលែងរូបលោកពីការឃុំឃាំងក្នុងគេហដ្ឋាន គឺជាអាស្រ័យទៅលើការសម្រេចពីតុលាការទាំងស្រុង។

លោក ម៉ាលីន មានប្រសាសន៍ថា៖ «ករណីរបស់លោក នៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ដូច្នេះ ករណីរបស់លោកអាស្រ័យទៅលើចៅក្រមស៊ើបសួរ ក្នុងការសម្រេចចិត្តពេលណាសំណុំរឿងរបស់គាត់ត្រូវបានបិទបញ្ចប់។ »

ទោះយ៉ាងណា លោកស្រី ម៉េង សុផារី មេធាវីមួយរូបរបស់លោក កឹម សុខា លើកឡើងថា អ្នកស្រីជឿលើដំណោះស្រាយផ្នែកនយោបាយតែមួយគត់ ដែលអាចធ្វើឱ្យកូនក្តីរបស់អ្នកស្រីមានសេរីភាពពេញលេញ។

លោកស្រី សុផាវី និយាយថា៖ «យើងបានទាមទារទៅកាន់តុលាការ ឱ្យទម្លាក់បទចោទ៤ដងហើយ ប៉ុន្តែ លទ្ធផលតែងតែទទួលបានអវជ្ជមាន»។

លោកស្រីបន្ថែមថា៖ «ខ្ញុំគិតថា ​ករណីនេះពាក់ព័ន្ធនឹងបញ្ហានយោបាយច្រើនជាងបញ្ហាផ្លូវច្បាប់។ ដូច្នេះមានតែអ្នកនយោបាយទេដែលអាចស្វែងរកដំណោះស្រាយក្នុងចំណោមពួកគេបាន។ យល់ល្អកុំពឹងលើយើងដែលកំពុងធ្វើការលើករណីនេះតាមផ្លូវច្បាប់អី»

អត្ថបទភាសារអង់គ្លេសដោយពន្លឺ សីហា និង ប្រែសម្រួលមកជាភាសាខ្មែរ ដោយ ត្រាន់ តិច សេង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ