វិភាគ៖ តើ​គួរ​ធ្វើ​​​បែប​ណា​ដើម្បី​ឱ្យ​ពលរដ្ឋ​ក្រីក្រ​​ទទួល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​?

អ្នកមានជម្លោះដីធ្លីម្នាក់ អ្នកស្រី ម៉ៃ ពៅ រស់នៅឃុំភ្ញីមាស ស្រុកគិរីសាគរ ខណៈពេលឡើងមកតវ៉ានៅភ្នំពេញ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

សេដ្ឋកិច្ច​កម្ពុជា​មាន​អត្រា​ថេរ​ជាង​៧​ភាគ​រយ​ជា​រៀង​រាល់​ឆ្នាំ ដែល​ជា​សន្ទុះ​មួយ​រីក​ចំរើន​ខ្លាំង។ សក្កានុពល​សេដ្ឋកិច្ច​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​នៅ​ក្នុង​រាជធានីខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា។

ការ​ចូល​មក​វិនិយោគ​ពី​អ្នក​វិនិយោគបរទេស រួម​ទាំង​​ការ​ពង្រីក​ទីតាំង​រដ្ឋបាល​របស់​រដ្ឋ ការ​បង្កើត​បុរី ទីក្រុង​រណប​ជា​បន្ត​បន្ទាប់ ការ​រីក​ចំរើនជា​ខ្លាំង តែ​ស្រប​ពេល​ដែល​មាន​ភាព​វិជ្ជមាន​​ទាំង​នេះ​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ឬ​ផ្ដល់​សំណង​មិន​សម​ស្រប​ដល់​ម្ចាស់​ដី​បាន​កើតមាន​​ឡើង​ច្រើន​ផង​ដែរ។

របាយការណ៍​ប្រចាំ​ឆ្នាំ២០១៨ ​របស់​ក្រសួង​រៀប​ចំ​ដែន​ដីឱ្យ​ដឹង​ថា​ពេញ​មួយ​ឆ្នាំ​២០១៨ ខ្លួន​ទទួល​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​ពាក់ព័ន្ធ​នឹងវិវាទ​ដីធ្លី​​ជាង​៨ពាន់ករណី ទៅ​លើ​មនុស្ស​ជាង២ម៉ឺន​គ្រួសារ​ទូទាំង​ប្រទេស។ ​

ពិតណាស់​ការ​អភិវឌ្ឍដោយ​មិន​ផ្ដល់​សំណង​សមរម្យ​ដល់ពលរដ្ឋ​ មិនត្រឹម​តែធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់​ខ្លួន​ដុនដាប​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ​ទេ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បន្ទុក​សង្គម​ផង​ដែរ។ ការ​ចំណាយ​របស់​ពលរដ្ឋ​ឡើង​មក​តវ៉ា កូន​បាត់បង់ការសិក្សា ប្ដីប្រពន្ធ​រស់​បែក​គ្នា ការ​ធ្វើ​ចំណាកស្រុក​សុទ្ធ​តែ​ជា​បញ្ហា​ដែល​កើត​មាន​នៅ​ពេលដែល​​រដ្ឋផ្ដល់​ការ​អភិវឌ្ឍដោយ​មិន​បាន​គិត​ដល់​ម្ចាស់​ដី​​ច្បាស់លាស់។

តើរដ្ឋាភិបាលគួរធ្វើបែបណាដើម្បីឱ្យពលរដ្ឋក្រីក្រដែលរស់នៅលើដីអភិវឌ្ឍន៍បានទទួលប្រយោជន៍ពីគម្រោងរបស់ខ្លួន?

កាល​ពីថ្ងៃ​ទី​២២ សីហា​​កន្លង​ទៅ ​សំឡេង​តវ៉ា​របស់​ពលរដ្ឋ​ដែល​មក​ពី​សហគមន៍​ជ្រោយ​ចង្វារបាន​ស្នើ​ទៅ​ក្រសួង​ដែន​ដី​​​ឱ្យ​ផ្លាស់​ប្ដូរ​គោល​នយោបាយ​ដោះស្រាយ​ជូន​ពួកគេចំនួន​៨១​គ្រួសារ ​ក្រោយ​ពី​ពួកគេ​មាន​អារម្មណ៍​ថា​ទទួល​បាន​ភាព​អយុត្តិធម៌​​ពី​រដ្ឋ​ ខណៈ​ដែលរដ្ឋ​ផ្ដល់​សំណង​ដល់​​ដី​របស់​ពួក​គាត់​ដែល​ទទួល​បាន​ត១០ភាគរយ​ប៉ុណ្ណោះ​នៃ​ចំណែក​ដី។

តំណាង​ពល​រដ្ឋម្នាក់​លោក ជា សុផាត ប្រាប់វីអូឌីថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC បានធ្វើឱ្យ​​ប៉ះពាល់​ដីពលរដ្ឋ​ប្រហែល​ ៥៦ហិកតា និង៥៩៥ម៉ែត្រការ៉េ ដែលជម្លោះនេះ​កើតឡើងតាំងពីឆ្នាំ២០១១ គឺដោយ​សារគោលនយោបាយ​របស់​​សាលារាជធានីភ្នំពេញ ដែល​ផ្តល់ជូនពលរដ្ឋត្រឹមតែ ១០ភាគរយប៉ុណ្ណោះ​នៃដីធ្លីរបស់ខ្លួន ខណៈក្រុមហ៊ុនទទួលបាន ៤០ភាគរយ និងសាលារាជធានីភ្នំពេញទទួល ៥០ភាគ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​មិន​អាច​ទទួលយកបាន។

លោក ជា សុផាត បន្ថែមថា៖ « ឯណា​ទៅ​យុត្តិធម៌? ឯណាទៅសម្មភាព ឯណាទៅតម្លាភាពសម្រាប់ពួកខ្ញុំ? នៅស្រុកគេ ឲ្យតែឮការអភិវឌ្ឍន៍ គេសប្បាយចិត្ត ចុះ​ហេតុ​អី​​នៅស្រុកយើងឲ្យតែអភិវឌ្ឍន៍ចេះរងទឹកភ្នែកអីចឹង? ដោយសារ​តែអាជ្ញាធរ​ជា​ឈ្មួញ​កណ្តាល កេង​ចំណេញលើ​ញើស​ឈាម​របស់ប្រជាពលរដ្ឋ ធ្វើឲ្យម្ចាស់ដីរងទុក្ខ​វេទនា»

នេះ​គឺ​គ្រាន់​តែ​ជា​រឿង​មួយ​ក្នុ​ងចំណោម​រឿង​ជា​ច្រើន​ទៀត​ដែល​កើត​ឡើង​នៅ​កម្ពុជា​ជា​ក់​ស្ដែង​នៅ​រាជធានី​ភ្នំពេញ​តែ​មួយ​រឿង​បែប​នេះ​កើត​ឡើង​មិន​តិច​ជាង​៣​កន្លែង​នោះ​ទេ។ ក្នុង​នោះ​មាន​ការ​បណ្ដេញ​អ្នក​បឹងកក់​ចេញ​ទៅ​បុរីសន្ដិភាព​២​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣​ឆ្នាំ​២០០៩ អ្នក​ភូមិដីក្រហម​ពី​ ទៅ​ក្រាំង​ធ្ន​ង់​ក្នុង​ឆ្នាំ​២០១០ អ្នក​បុរីកីឡា​ ទៅ​ភ្នំបាត នៅ​ឆ្នាំ​២០១២​ និង​អ្នក​នៅ​សំបុក​ចាបពី​សង្កាត់​ទន្លេបាកសាក់​ ទៅភូមិ​អណ្តូងថ្មី ក្នុង​សង្កាត់​គោករកា ខណ្ឌ​ដង្កោ នៅ​ឆ្នាំ២០០៦។ ក្រៅ​ពី​រាជធានី​ភ្នំពេញ​ ក៏​មាន​ខេត្ត​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​នៅ​កោះកុង ព្រះសីហនុ ព្រះវិហារ ក្រចេះ​ជា​ដើម ដែល​ចំនួន​អ្នក​ប៉ះពាល់​នៃការ​បណ្ដេញ​ចេញ​នេះ​មាន​រាប់ពាន់នាក់​​​ ហើយ​អ្នក​ទាំង​នោះ​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ស្ទើ​រាល់​សប្ដាហ៍​។

ការ​បណ្ដេញ​ចេញ​ទាំងបង្ខំ និង​គ្មាន​សំណង​សមរម្យ​បាន​ធ្វើ​ឱ្យ​ពួកគាត់​ខ្លះ​ដែល​មាន​ជីវភាពធ្លាប់​តែ​ល្អ​ប្រសើរ​បាន​ធ្លាក់​ខ្លួន​ដុន​ដាបជា​ខ្លាំង។

អតីត​អ្នក​បឹង​កក់​ដែល​ទទួល​សំណង​ដោយ​បង្ខំ ​អ្នក​ស្រីស៊ា ណារ៉េត មាន​ប្រសាសន៍​ថា ចាប់តាំង​ពី​រង​ការ​បណ្ដេញ​ចេញ​មក​ជីវភាព​របស់​អ្នក​ស្រី​ធ្លាក់ដុនដាប​ជា​ខ្លាំង រហូត​ដល់​សុំ​ផ្ទះ​កូន​រស់​នៅ​ម្ដុំ​ស្ទឹង​មានជ័យ​។ អ្នក​ស្រី​បន្ថែម​ថា​ ​មុន​ការ​បណ្ដេញ​ចេញ​ក្នុង​១​ខែ​អ្នក​ស្រី​អាច​រក​ចំណូល​បាន​ពី​៥ទៅ៦រយដុល្លារ​ តែ​​ពេល​នេះ​គ្មាន​អ្វី​សោះ​ក្នុង​ខ្លួន ខណៈ​​ដី​អ្នក​ស្រី​ដែល​អាច​លក់​បាន​រាប់ម៉ឺនដុល្លារនោះ​ទទួល​សំណង​ត្រឹមតែ​៨ពាន់៥រយដុល្លារ​ប៉ុណ្ណោះ។

អ្នកស្រីថា៖ « ខ្ញុំ​គ្មាន​អី​ទេ​ពេល​នេះ លុយ​ដែល​បាន​មក​ហ្នឹង​ជួល​ផ្ទះ​គេ ហើយ​ឈឺអីអញ្ចឹង ថ្លៃ​ហូប​ចុក​អី​អស់​ហើយ​ ខ្ញុំ​ពេល​នេះ​មក​សុំ​កូនផ្ទះ​កូន​​នៅ។ […] ខ្ញុំ​សោក​ស្ដាយ​ខ្ញុំ​យំ ​ខ្ញុំ​ស្រណោះ​ផ្ទះ​ដែល​ខ្ញុំ​រស់​នៅ​(បឹង​កក់)ចំ​ក្ដាន់ពីរ​តែ​ម្ដង​ ដី​ខ្ញុំ​ក្បាល​៦ ជម្រៅ​ដល់​ទៅ​១០០​ម៉ែត្រ​ »

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ​លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ផ្ដល់​សំណង​មិន​សមរម្យ ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់ពលរដ្ឋ​ទាំង​នោះ ដោយ​ពួកគេ​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​អ្វី​នោះ​ទេ​ក្រោយ​ការ​បណ្ដេញ​ចេញ​របៀប​នេះ គឺ​វា​ហាក់​ដូច​ជាពួកគាត់​​ចាប់​ផ្ដើម​សារ​ជាថ្មី​អញ្ចឹង មួយវិញ​ទៀត​​កូនៗរបស់​គាត់​ក៏​ជា​ជនរងគ្រោះ​បន្ថែម​ទៀត​​ផង​ដែរ។

លោកថា៖ « ការ​អភិវឌ្ឍទីក្រុង​មិន​មែន​មាន​ន័យ​ថាទាល់​តែ​អស់​អ្នក​ក្រ ហើយ​ទុក​តែ​អ្នក​មាន​ដើម្បី​អភិវឌ្ឍន​ទេ! បណ្ដា​ប្រទេស​ផ្សេងៗ​ក៏​មាន​អ្នក​ក្រ​រស់​នៅ​ក្នុង​ទីក្រុង​ដែរ »

លោក​ អំ សំអាត បន្ថែម​ថា​ដើម្បីផ្ដល់​ការ​អភិវឌ្ឍមួយ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ទាំង​អស់​គ្នា​រដ្ឋាភិបាល​គួរ​គិត​គូរ​ឱ្យ​បាន​ច្បាស់​លាស់​ពី​ទំហំ​សំណង​សមស្រប និង​ទីតាំង​រស់​ដល់​ពលរដ្ឋ​ដែល​ទទួល​ផល​ប៉ះពាល់ពី​​អភិវឌ្ឍន៍​នោះ​ជា​មុន។

លោក​បន្ថែម​ថា៖ « ហើយ​​បើ​ផ្លាស់​ប្ដូរទីលំនៅ​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​ឱ្យ​សម​រម្យ​តាម​តម្លៃ​ទីផ្សារ មាន​គោល​នយោបាយ​យ៉ាង​ណា​សមស្រប​ហើយ​នឹង​លើក​កំពស់​។​ បាន​ន័យ​ថា​បើ​មិន​ឱ្យ​គាត់​បាន​ល្អ​ប្រសើរទេ​កុំ​ឱ្យ​គាត់​បាត់បង់​ឬ​ក៏​ខាត​បង់ដូច​អ្វី​ដែល​គាត់​ធ្លាប់​ទទួល​បាន​ អាហ្នឹង​បាន​ហៅ​ការ​អភិវឌ្ឍ​។ ព្រោះ​ការ​អភិវឌ្ឍ​គឺ​អភិវឌ្ឍន៍​ដើម្បី​ប្រទេស​ជាតិ និង​ប្រជាជន អញ្ចឹង​អ្នក​ដែលត្រូវ​ទទួលបាន​ប្រយោជន៍ពី​ការ​អភិវឌ្ឍ​មុន​គេ​គឺ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ដែល​ត្រូវ​គិត​គូរ​មុន​គេ »

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គមលោកបណ្ឌិត​ ប៉ា ច័ន្ទរឿន មាន​ប្រសាសន៍​ថា​នៅ​ពេល​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​ណា​​មួយ​នោះ​រដ្ឋាភិបាល​គួរ​ពិនិត្យ​ពី​គ្រប់​ជ្រុង​ទាំង​អស់ ដែល​រួម​ទាំង​បរិស្ថាន និង​មនុស្ស​ផង​ដែរ។ លោក​បន្ថែម​ថា​ការ​អភិវឌ្ឍ​ដោយ​មាន​ការ​បណ្ដេញ​ចេញ​ទាំងបង្ខំ​វា​មិន​មែន​ជា​ជម្រើស​នៃ​ការ​អភិវឌ្ឍប្រកដ​ដោយ​ចិរភាព​នោះ​ទេ ព្រោះ​ថា​វា​​នឹង​បង្កើតឱ្យ​​មានបញ្ហា​បន្ថែម​ទៀត​ក្នុង​សង្គម។

លោក​ថា៖ « ការ​អភិវឌ្ឍ​ទាំងឡាយ​ណា​ដែល​មាន​ការ​បង្ខិតបង្ខំ មិន​មាន​យុត្ថិធម៌​ក្នុង​ការ​ទូទាតសំណង​ សង​ដល់​ភាគី​ដែល​ពាក់ព័ន្ធ​អាហ្នឹង​វា​មិន​មែន​ជា​ការ​អភិវឌ្ឍន​ដែល​បម្រើ​ឱ្យ​ផល​ប្រយោជន៍សង្គម​ទាំង​មូល​។ ក្នុង​ការ​អភិវឌ្ឍន៍​ដើម្បី​អភិវឌ្ឍន៍​ដោយ​ចិរភាព​ វា​ទាល់​តែ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍទទួល​បាន​ផល​ ហើយ​និង​ភាព​យុត្តិធម៌​ អាហ្នឹង​បាន​គេ​ហៅ​ថា​ការ​អភិវឌ្ឍ​ពិត​ប្រាកដ​ដែល​ចំរុង​ចម្រើន​សម្រាប់សង្គម​ទាំង​មូល »

ជារួម​អ្នក​តាម​ដាន​ ​យល់​ថាដំណោះស្រាយ​ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​បាន​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ម្ចាស់ដី​ ហើយ​គ្មាន​ការ​តវ៉ា​នោះ​ គឺ​មាន​តែ​ « ការ​ផ្ដល់​សំណង​ដែល​សមស្រប​ » ជូន​ដល់​ពលរដ្ឋ​ម្ចាស់​ដី​តែ​ប៉ុណ្ណោះ។ ​ ​

អ្នក​ឯក​ទេស​ហិរញ្ញវត្ថុ និង​ការវិនិយោគ​លោក ង៉ែត ជូ ​បាន​ឱ្យ​VOD ដឹងថា​សំណង​ត្រឹម​ត្រូវ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍន៍​អាច​ប្រពឹត្តិ​ទៅ​ដោយ​រលូន និង​មាន​ចិរភាព​​នោះ​ទេ វា​ថែម​ទាំង​ផ្ដល់​នូវ​ការ​ពេញ​ចិត្ត​ដល់​ពល​រដ្ឋ​ផង​ដែរ​នៅ​ពេល​ដែល​ពលរដ្ឋ​ដឹង​ថា​តំបន់​របស់​គេ​នោះ​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍។

លោកថា៖ « ជាធម្មតា​កាលណា​អនុវត្តន៍​ច្បាប់​បាន​ត្រឹមត្រូវ​ផ្ដល់​តម្លៃ​ឱ្យ​គាត់​ទៅ​តាម​ទីផ្សារ​ជាក់ស្ដែង គឺ​វា​មាន​ភាព​យុត្តិធម៌​សម្រាប់​គាត់​ គាត់​ផ្លាស់ប្ដូរ​លំនៅ​ឋាន​ទៅ​កន្លែង​ថ្មី ដោយ​សុខចិត្ត​ដោយ​ពេញ​ចិត្ត​ពេញ​ថ្លើម គាត់​នឹង​មាន​ការ​គាំទ្រ​ស្រលាញ់​ការ​ដឹក​នាំ​​របស់​​រដ្ឋាភិបាល​ »

ច្បាប់អស្សាមិករណ៍​ឆ្នាំ​២០០៩ កំណត់​ថា​រាល់​ការ​ដក​ហូត​កម្មសិទ្ធិ​លើ​អចលនវត្ថុ ឬ​សិទ្ធ​ប្រត្យក្ស​លើ​អចលនវត្ដុរបស់​រូបវ័ន្ត​បុគ្គល នីតីបុគ្គលឯកជន និង​នីតិបុគ្គល​សាធារណៈ​ រដ្ឋត្រូវ​ផ្ដល់​សំណង​ជាមុន​ដោយ​សមរម្យ និងយុត្តិធម៌។

បើ​ទោះ​បី​ចែង​បែប​នេះ​ក្ដី​ពលរដ្ឋ​ដែល​តំបន់​ពួកគេ​ត្រូវ​បាន​រដ្ឋ​យក​អភិវឌ្ឍន៍​នោះ​ នៅពេល​ពួកគេ​ឡើង​មក​តវ៉ា​ម្ដង​ៗ​អ្វី​ដែល​ពួកគេ​ទាមទារ​ខ្លាំង​បំផុត​នោះ​គឺ «​ការ​ផ្ដល់​សំណងសមរម្យ​ពី​រដ្ឋ​» ។

សម្រាប់​លោក អំ សំអាត ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​ធ្វើ​ការ​ដោះស្រាយបញ្ហា​ដីធ្លី​ដែល​កើត​ឡើង​ពី​មុន​ឱ្យ​បាន​ឆាប់​ចប់ ខណៈ​មាន​វិធាន​ការ​ដើម្បី​ដោះស្រាយ​ឱ្យ​សមស្រម​តាម​គោល​នយោបាយ​ដែល​ច្បាប់បាន​ចែង​នៅ​ពេល​មាន​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ ដើម្បី​ឱ្យ​ពលរដ្ឋ​ទាំង​អស់​ទទួល​បាន​ប្រយោជន៍​ ដោយ​គ្មាន​អ្នក​ណា​ទឹក​ភ្នែក​ចេញ​ពីការអភិវឌ្ឍ​បន្តទៀត។

លោក​ថា៖ « បើ​យើង​និយាយ​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​យើង​ឃើញ​មាន​ច្រើន​ណាស់ មាន​ច្បាប់​មាន​គោលនយោបាយ​​ក៏​ប៉ុន្ដែ​សម្រាប់ការ​អនុវត្ត​គឺ​មិន​ទាន់​មាន​ប្រសិទ្ធិភាព។ ​អញ្ចឹង​យើង​ត្រូវ​មាន​ការ​អនុវត្ត ហើយ​ពលរដ្ឋ​គឺជា​ពលរដ្ឋ​របស់​រដ្ឋាភិបាល អញ្ចឹង​រដ្ឋាភិបាល​ត្រូវ​គិត​គូរ​ពី​ពលរដ្ឋ​ជា​សំខាន់​នៅពេល​មាន​ការ​អភិវឌ្ឍ! ​»

យោងតាម​ក្រសួង​ដែនដី គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៩​នេះ​រដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ជាង​៨ពាន់ករណី ដែល​នៅ​សេសសល់​ជាង​២ពាន់ករណី​ទៀត​ដែល​កំពុង​ដោះស្រាយ។​

នាយកប្រតិបត្តិអង្គការរក្សាការពារសិទ្ធិមនុស្សនៃកម្ពុជាលោក គឹម សុវណ្ណ មានប្រសាសន៍ថាថ្វីត្បិតតែរបាយការណ៍របស់ក្រសួងបង្ហាញថាថយចុះ និងដោះស្រាយបានមែន តែបើពិនិត្យមើលស្ថានភាពជាក់ស្ដែងគឺខុសពីនេះ។ លោកថាដោយសារតែកំណើនវិនិយោគរបស់ចិន និងការអនុវត្តន៍ច្បាប់នៅកម្ពុជាទន់ខ្សោយនៅឡើយនោះទើបបញ្ហានេះនៅតែបន្តមានមិនចេះឈប់។

លោកថា៖ « ការដោះស្រាយវាមានមែនហៅមកដោះស្រាយអញ្ចឹង! ក៏ប៉ុន្ដែប្រជាពលរដ្ឋគាត់អត់ទទួលយកបាន មិនថាជាការដោះស្រាយសម្រេចទេ។ យើងអាចយកមកនិយាយអញ្ចឹងបាន តែការវិវាទមិនមែនតែម្ដងហើយបានយើងថាដោះស្រាយសម្រេចទេ ហើយយកអាហ្នឹងទៅបូកទៅថាមានការដោះស្រាយហើយ មានការដោះស្រាយវាពិតមែនហើយតែវាអត់បានសម្រេច » ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ