សហជីពស្នើព្រះមហាក្សត្រអន្តរាគមន៍លើវិបត្តិនយោបាយដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ

អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្ត្រីក្រសួងអប់រំ លោក រ៉ុង ឈុន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ពីការចូលទៅបំភ្លឺចំពោះបណ្តឹង​ដែលក្រុមគ្រូបង្រៀងជាង១០នាក់ ប្តឹងក្រសួងអប់រំជុំវិញការលុបឈ្មោះពួកគាត់ចេញពីក្របខណ្ឌទាំងបំពាន និងជារឿងអយុត្តិធម៌ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

សហជីព និងសមាគមចំនួន​៤បានស្នើទៅព្រះមហាក្សត្រសុំឱ្យព្រះអង្គជួយអន្តរាគមន៍សម្របសម្រួលជាមួយអ្នកនយោបាយកំពុងទាស់គ្នា ដើម្បីបញ្ជៀសបញ្ហាផ្សេងៗនៅក្នុងសង្គមជាតិ និងអាចរក្សាបានប្រព័ន្ធអនុគ្រោះពន្ធ ដែល​ផ្តល់ជាការងារដល់ប្រជាពលរដ្ឋ។​

ក្នុងលិខិតរួមចុះថ្ងៃទី០៤ ខែកញ្ញា សហព័ន្ធសហជីពកម្ពុជា សហភាពសហជីពកម្ពុជា សមាគមគ្រួបង្រៀនឯករាជ្យ និងសហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា​ លើកឡើងពីវិបត្តិនយោបាយ ដែលកើតចេញពីភាពខ្វែងគំនិតគ្នារវាងមេដឹកនាំនយោបាយធំៗ ហើយដែលអាចនឹងធ្វើឱ្យពលរដ្ឋរាប់លានប្រឈមបញ្ហាអត់ការងារធ្វើ ដោយសារការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថា ការចាប់ខ្លួនមេដឹកនាំអតីតបក្សប្រឆាំង និងការរំលាយបក្សនេះ ក្នុងឆ្នាំ ២០១៧ ដែលនាំឱ្យការថ្កល់ទោសពីសហគមន៍អន្តរជាតិ និងការដកប្រព័​ន្ធអនុគ្រោះពន្ធ EBA និង GSP ពីកម្ពុជា។

លោកបន្តថា បញ្ហាទាំងនេះកំពុងធ្វើឱ្យកម្មករកម្មការិនីជាង ៧០ម៉ឺននាក់ ប្រឈមភាពគ្មានការងារធ្វើ ហើយថាមានតែអង្គព្រះមហាក្សត្រទេដែលអាចប្រើបុព្វសិទ្ធិពិសេសជួយស្តារស្ថានការនេះបាន។

លោក រ៉ុង ឈុន ៖ «បញ្ហាទាំងអស់ហ្នឹងហើយ [ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP] ដែលយើងមើលឃើញថាវាមានទំហំធំ ហើយអីចឹងមានតែអង្គព្រះមហាក្សត្រទេ មានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលបញ្ហាទាំងអស់នេះ»

ប្រធានសមាគមគ្រួបង្រៀនឯករាជ្យកម្ពុជា លោកស្រី អ៊ុក ឆាយ៉ាវី ចង់ឃើញអ្នកនយោបាយខ្មែរចូលតុចរចាសម្របសម្រួលគ្នាឱ្យបានឆាប់ ព្រោះដំណើរការបិទប្រព័ន្ធអនុគ្រោះពន្ធ EBA ជិតដល់ថ្ងៃបញ្ចប់ហើយ ហើយថា បើរឿងហ្នឹងកើតឡើងមែន សេដ្ឋកិច្ច​កម្ពុជានឹងធ្លាក់ចុះ ហើយវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋរាប់លាន រួមទាំងគ្រូបង្រៀនផងដែរ។

លោកស្រី ឆាយ៉ាវី ៖ «ការដែលយើងដាក់[លិខិតស្នើ]ទៅព្រះមហាក្សត្រដោយយោងទៅលើប្រទេសកម្ពុជាយើងមានស្តេច​។ អីចឹងយើងត្រូវតែដាក់ទៅដើម្បីឱ្យព្រះអង្គគាត់ជួយអន្តរគមន៍ជួយឱ្យខ្មែរបង្រួបបង្រួមជាតិឡើងវិញ។ កុំឱ្យបែកបាក់បែបនេះ។ យើងអត់ចង់ឃើញខ្មែរបែកបាក់ទេ»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា សំណើមេដឹកនាំសហជីពខាងលើ ជារឿងមិនអាចទៅរួច ព្រោះកម្ពុជា មិនមានបត្តិនយោបាយអ្វីនោះទេ។

លោក សុខ ឥសាន៖ «បច្ចុប្បន្ន កម្ពុជាគ្មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយរត់ចោលស្រុក»

លោក លើកឡើងបន្ថែមថា សព្វថ្ងៃពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពដើរហើរ និងប្រកបមុខរបរចិញ្ចឹមជីវិតដោយគ្មានការភ័យខ្លាចតាមធម្មតា ហើយការលើកនោះ គ្រាន់ជាការយល់ឃើញរបស់ពួកគេ មិនអាចប្រើជាមូលដ្ឋានក្នុងការសម្រេចចិត្តរបស់អង្គព្រះមហាក្សត្រ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតទីប្រឹក្សាព្រះមហាវីរៈក្សត្រមានបន្ទូលថា សំណើស្វែងរកការសម្របសម្រួលនយោបាយពីព្រះមហាក្សត្រ ជារឿងពិបាកនឹងទៅរួច ព្រោះស្ថាប័នមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសកំពុងដំណើរការធម្មតា។

ព្រះអង្គម្ចាស់ មានបន្ទូលបន្ថែមថា ដើម្បីអាចឱ្យព្រះមហាក្សត្រចេញព្រះភ័ក្រសម្របសម្រួល លុះត្រាតែអ្នកនយោបាយទាំងទ្វេភាគី មានបក្សកាន់អំណាច និងបក្សប្រឆាំង យល់ស្របគ្នាលើបញ្ហាដែលកំពុងកើតឡើង។

ព្រះអង្គម្ចាស់ ធម្មិកោ៖ «វាពិបាកដែរ ពិបាកចំពោះព្រះមហាក្សត្រហ្នឹងដែរ ពីព្រោះអត់មានមូលមាត់គ្នាៗ។ ឧបមាបើសិនជារាជរដ្ឋាភិបាល ហើយនិងបក្សប្រឆាំងរួមគ្នាថាឥឡូវយើងមានវិបត្តិនយោបាយ យើងត្រូវតែរកដំណោះស្រាយអីចឹងទៅ ដល់ពេលហ្នឹង ​ព្រះមហាក្សត្រលោកអាចនឹងអន្តរាគមន៍ ក្នុងនាមលោកជាអាជ្ញាកណ្តាល ស្របទៅតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញារបស់យើង»។

អ្នកនយោបាយគណបក្សកាន់អំណាច  និងគណបក្សសង្គ្រោះជាតិ​កាន់តែប្រឈមមុខដាក់គ្នាខ្លាំង នៅពេលដែលលោក សម រង្ស៊ី ប្រកាសថា នឹងវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកា។ លោក សម រង្ស៊ីបញ្ជាក់ថា នឹងនាំពលរដ្ឋចាប់ខ្លួនលោក ហ៊ុន សែន ចំណែកលោក ហ៊ុន សែន​ វិញបញ្ជាក់ថា ឱ្យតែលោក សម រង្ស៊ីមកដល់កម្ពុជាភ្លាមលោកនឹងចាប់ដាក់ពន្ធនាគារ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ