បេក្ខជនប្រឡងដល់ទៅជិត ៧០ភាគរយ ត្រូវបានប្រកាសថា បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបនៅឆ្នាំនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងអប់រំ បានបង្ហាញថា បេក្ខជនជិត ៨ម៉ឺននាក់ (៧៩,០៥២នាក់) បានប្រឡងជាប់នៅក្នុងសម័យប្រឡងថ្នាក់ជាតិឆ្នាំនេះ។
បើតាមសេចក្ដីប្រកាសដដែលនេះ បេក្ខជនប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ មានចំនួនស្មើនឹង ៦៨.៦២ភាគរយ ដោយបានកើនតែជាង ១.៥ភាគរយប៉ុណ្ណោះ បើធៀបទៅចំនួនបេក្ខជនប្រឡងជាប់ ៦៧.០៧ភាគរយកាលពីឆ្នាំមុន។
ក្រសួងអប់រំ បានប្រកាសឱ្យដឹងទៀតថា បេក្ខជនបានប្រឡងជាប់និទ្ទេស A មានចំនួន ៤៤៣នាក់ ប្រឡងជាប់និទ្ទេស B មានចំនួន ២,៤៣០នាក់ ប្រឡងជាប់និងនិទ្ទេស C មានចំនួន ៥,៨៤៧នាក់។ ក្រៅពីនិទ្ទេសទាំង ៤ប្រភេទនេះ បេក្ខជនដល់ទៅ ១៤,១០០នាក់ បានប្រឡងជាប់និទ្ទេស D ហើយបេក្ខជនភាគច្រើនលើសលប់ដល់ទៅ ៥៦,២៣២នាក់ បានប្រឡងជាប់និទ្ទេស E។
ក្រសួងបានលម្អិតបន្ថែមថា បេក្ខជនប្រឡងជាប់និទ្ទេស A មាននៅតាមបណ្ដារាជធានី-ខេត្តចំនួន ២១ ក្នុងចំណោម ២៥រាជធានី-ខេត្ត ក្នុងនោះនាំមុខដោយរាជធានីភ្នំពេញ ដែលមានបេក្ខជនប្រឡងជាប់និទ្ទេស A ដល់ទៅ ១៤១នាក់។
បន្ទាប់មក ខេត្តសៀមរាប បាត់ដំបង តាកែវ កំពង់ចាម ព្រៃវែង បន្ទាយមានជ័យ កណ្ដាល និងកំពត មានចំនួនបេក្ខជនប្រឡងជាប់និទ្ទេស A ចន្លោះពី ២០ ទៅក្រោម ៤០នាក់ ខណៈបណ្ដាខេត្តចំនួន ១២ទៀត មានបេក្ខជនប្រឡងជាប់និទ្ទេស A នៅក្រោមចំនួន ២០នាក់ប៉ុណ្ណោះ។
ត្បិតការប្រកាសលទ្ធផលប្រឡងបាក់ឌុប ត្រូវបានប្រកាសនៅតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅរសៀលថ្ងៃនេះក្ដី ប៉ុន្តែ ខាងក្រសួងពុំទាន់បានប្រកាសអំពីនីតិវិធីនៃការដាក់ពាក្យតវ៉ា សម្រាប់បេក្ខជនរូបណាដែលចង់តវ៉ាចំពោះលទ្ធផលនៃការប្រឡងរបស់ខ្លួនឡើយ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងមានជំនឿចិត្តលើប្រសិទ្ធភាពនៃលទ្ធផលប្រឡងនៅឆ្នាំនេះ បន្ទាប់ពីក្រសួងបានពង្រឹងក្រុមការងារបច្ចេកទេសទទួលខុសត្រូវក្នុងការកែវិញ្ញាសាររបស់សិស្សនៅឆ្នាំនេះ និងបន្ថែមការប្រុងប្រយ័ត្នលើការបូក និងបញ្ចូលពិន្ទុសិស្សក្នុងប្រព័ន្ធកុំព្យូទ័របន្ថែមទៀត។
លោក រស់ សុវាចា មានប្រសាសន៍ថា៖ «ក្រសួងមកដល់ពេលនេះ គឺមិនទាន់មានគោលការណ៍ចំហរដើម្បីឱ្យបេក្ខជនមានការលើកឡើងទាក់ទងនឹងការកង្វល់ផ្សេងៗដូចឆ្នាំមុននោះទេ។ មូលហេតុដោយសារក្រសួងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងក៏ដូចជាការសិក្សាពីមេរៀនពិសោធន៍ឆ្នាំកន្លងមក បានធានាឱ្យមានសុក្រិតភាព ប្រសិទ្ធភាពនៅក្នុងដំណាក់កាលទាំងអស់នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ជាសិសេសទៅលើដំណាក់កាលចុងក្រោយ គឺការងារកំណែ និងការងារស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀតផ្ទាត់ពិន្ទុ»។
ទាក់ទងនឹងបញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយយ៉ាវី បានជំរុញទៅក្រសួងឱ្យបង្ហាញពីរបៀបដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព មុនរឿងកើតឡើង អាចឈានរហូតមានមនុស្សសម្លាប់ខ្លួន រួចទើបរកវិធីទប់ទល់តាមក្រោយ។
អ្នកស្រី អ៊ុក ឆាយយ៉ាវី បានប្រាប់ថា៖ «ក្រសួងត្រូវតែមានអំណៈអំណាងមួយ មុនអ្វីដែលកើតឡើងចាស ព្រោះការដែលកើតឡើងហើយ ហើយបន្ទោសលើបច្ចេកទេសនេះ ឬបច្ចេកទេសនោះ បានន័យថា អត់ហ៊ានទទួលខុសត្រូវនៅក្នុងវិជ្ជាជីវៈរបស់ខ្លួន»។
ក្រសួងអប់រំបានប្រកាសឱ្យដឹងថា បេក្ខជនជិត ១២ម៉ឺននាក់ (១១៧,០៤៣នាក់) បានចុះឈ្មោះប្រឡងសញ្ញាបត្របាក់ឌុបរយៈពេល ២ថ្ងៃចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហាកន្លងមកនេះ៕