មេដឹកនាំ​កម្ពុជា និង​ឡាវ​ គ្រោង​ជួប​ជជែក​គ្នា​ជា​ថ្មី​ពី​បញ្ហា​ព្រំដែន​នៅ​សប្ដាហ៍​ក្រោយ

នាយករដ្ឋមន្ត្រីឡា លោក ថង លូនស៊ីស៊ូលីត ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីដំណើរទស្សនកិច្ចមកកាន់កម្ពុជាកាលពីដើមឆ្នាំ២០១៩នៅទីស្តីការនាយករដ្ឋមន្ត្រី (រូបថតបណ្ថាញសង្គម)

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គ្រោង​ជជែក​ជា​ថ្មី​ពី​បញ្ហា​ព្រំដែន​​កម្ពុជា-ឡាវ​ នៅ​ពេល​សមភាគី​ឡាវ ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី០៧ ខែ​កញ្ញា ក្រសួង​ការបទេស​បាន​ប្រកាស​ថា រដ្ឋ​មន្ត្រី​ការបរទេស លោក ប្រាក់ សុខុន បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​​កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ប្រមុខ​ការទូត​កម្ពុជា​លោក ប្រាក់ សុខុន បាន​ពិភាក្សា​យ៉ាង​ល្អិត​ល្អន់​ជាមួយ​សមភាគី​លោក គឺ​រដ្ឋ​មន្ត្រី​ការបរទេស​ឡាវ លោក សាលើមសៃ គុំម៉ាស៊ីត អំពី​​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​នៅ​សេស​សល់ និង​ទំនាក់​ទំនង​ទ្វេ​ភាគី។

ក្រសួង​ការបរទេស បាន​ប្រកាស​ទៀត​ថា កិច្ចពិភាក្សារវាងប្រមុខការទូតទាំងពីរ គឺធ្វើឡើងដើម្បីធានាថា ដំណើរ​ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត មកកាន់កម្ពុជា នឹង​ប្រព្រឹត្តិទៅដោយជោគជ័យ និង​បម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ទាក់ទងនឹងបញ្ហានេះ ប្រធានគណៈកម្មាការកិច្ចប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ថ្លែងប្រាប់វីអូឌីនៅព្រឹកនេះថា នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ នឹង​ពិភាក្សា​បន្ថែម​ទៀត​​អំពី​នីតិវិធី​​ថ្មីៗ​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី ដើម្បី​បន្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា៖«យើងឃើញថា បែបបទបច្ចេកទេស បារាំងគេមកហ្នឹង ឱ្យគេធ្វើអី? ខ្មែរ និង​ឡាវ​ហ្នឹង ត្រូវ​ឯកភាព​គ្នាថា ចង់ឱ្យគេជួយធ្វើនេះធ្វើនោះ ធ្វើត្រង់ណានៅ កន្លែងណា។​ រឿងហ្នឹង​ ឯកឧត្តម ប្រាក់​ សុខុន​គាត់​ដឹកនាំ​ប្រភូ​ទៅឡាវកាលពីថ្ងៃទី០៥[ខែ​កញ្ញា]ហ្នឹង»

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសកាលពីខែសីហាថា ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវមកកាន់កម្ពុជានេះនឹងពិភាក្សាបន្ថែមទៀតពីបញ្ហាព្រំដែននៃប្រទេសទាំងពីរ។

កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១៨ ប្រមុខ​ដឹក​នាំ​កម្ពុជា​ និង​ឡាវ បាន​ព្រម​ព្រៀង​គ្នា​ឱ្យ​​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​​នៃ​ប្រទេស​ទាំង​ពីរ រៀបចំ​ឯកសារ​នេះ និង​​បែប​បទ​បច្ចេកទេស​យ៉ាង​ណា ឲ្យ​ភាគី​បារាំង​ផ្ទេរ​ផែនទី​​ពី​ខ្នាត ​១/​១០០ ០០០ មក​ផែន​ទី UTM ខ្នាត​ ១​/​៥០ ០០០​វិញ។​

លុះដល់​ដើមឆ្នាំ២០១៩ កម្ពុជា និងឡាវ បានសរសេរលិខិតទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង  ដើម្បីស្នើសុំបញ្ជូនអ្នកជំនាញការព្រំដែនបារាំង មកជួយវាស់វែង និងដោះស្រាយបញ្ហាជម្លោះនៅតាមព្រំដែនកម្ពុជា-ឡាវ។​ប៉ុន្តែ មកទល់នឹងពេលនេះ បារាំងមិនទាន់បញ្ជូនអ្នកជំនាញផែនទី​មក​ជួយ​លើបញ្ហានេះ​នៅឡើយ​ទេ។

អ្នកឃ្លាំមើលបញ្ហាព្រំដែនដែលជាប់គុកក្នុងរឿងព្រំដែន និងជាអតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន បាន​ប្រាប់​ថា កម្ពុជាគួរតែប្រើប្រាស់ផែនទីខ្នាត ១/១០០ ០០០​ ដែលបន្សល់ទុកពីអាណា​និគម​និយម​បារាំង។ លោកបន្តថា លោក​ទទួល​បាន​ព័ត៌មាន​ពីចំណុច​អសកម្មធ្ងន់ធ្ងរ បន្ទាប់ពីចរចាដោះស្រាយ​ជាមួយឡាវ​ក្នុងតំបន់ដុងក្រឡនាពេលកន្លងទៅ។

លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា៖ «ខ្មែរយើងគ្មានជំហរច្បាស់លាស់ មន្ត្រីខ្មែរយើងហ្នឹង នៅពេលចរចា​រឿង​ព្រំ​ដែន​នៅ​តំបន់​ដុងក្រឡហ្នឹង គឺមន្ត្រីខ្មែរយើងទៅផឹកស៊ីទៅដេកនៅឡាវ។ អាហ្នឹង យើងឃើញ​ថា ​ដោះស្រាយហ្នឹងឱ្យតែរួចៗពីដៃ មិន​ទៅ​យកតាមមរត​កេរ្តិ៍​ដែលបារាំងបន្សល់ទុកឱ្យ គេវាស់​តាមការរស់នៅជាក់ស្តែងដូចការដោះស្រាយជាមួយវៀតណាអ៊ីចឹង»

កាលពីខែសីហាកន្លងទៅ បញ្ហាទំនាស់ព្រំដែនខ្មែរឡាវ កើតឡើងបន្ទាប់ពីពលរដ្ឋខ្មែរទៅ​ដាំ​ដំណាំ​នៅ​លើ​ដី​ក្នុង​តំបន់​មុំ​បី​ទន្លេ​រពៅ ស្ថិត​នៅ​ក្នុង​ខេត្តព្រះវិហារ ហើយឡាវបង្កើតទ័ពមួយចំនួន ប៉ុន្តែ សភាពការ​ធូរ​ស្រាល​វិញ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ទាក់ទងតាមទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រីឡាវ ហើយប្រកាសពីភាពប្រក្រតីនៃព្រំដែននេះ។

បើតាមលោក វ៉ា គឹម​ហុង ព្រំដែនកម្ពុជា-ឡាវ ដែល​មាន​ប្រវែង ៥៤០​គីឡូម៉ែត្រ​នោះ ​ត្រូវ​បោះ​បង្គោល​ព្រំដែន​ប្រមាណ ១៤៥​បង្គោល។

​បច្ចុប្បន្ននេះ ភាគី​ទាំង​ពីរ​បាន​បោះ​រួច​ចំនួន ​១២១​បង្គោល​ហើយ ដែល​ស្មើ​នឹង ៨៤​ភាគ​រយ ហើយ​នៅ​សល់​ប្រមាណ ២៤​បង្គោល​ទៀត​ ខណៈ​ចំណុច​នៅ​សេស​សល់​នោះ គឺ​ស្ថិត​នៅ​ខេត្ត​ព្រះ​វិហារ និង​ខេត្ត​ស្ទឹង​ត្រែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ