លោក សម រង្ស៊ី ពឹងលោក​ មហាធា ឱ្យ​ជួយ​សម្របសម្រួលការផ្សះផ្សាជាតិនៅកម្ពុជា

លោក សម រង្សុី (ឆ្វេង) លោក មហាធា មហាម៉ាត់ (ស្តាំ) ​

អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន ស្នើទៅ​មេដឹកនាំ​ម៉ាឡេស៊ី ជួយសម្របសម្រួលជាមួយមេដឹក​នាំ​បក្ស​កា​ន់​អំណាច ដើម្បីបានពិភាក្សាគ្នាជំរុញការផ្សះផ្សាជាតិ ធានាដំណើរការប្រជាធិបតេយ្យនៅក​ម្ពុជា។

លិខិតចុះថ្ងៃទី៥កញ្ញា ផ្ញើទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ លោក សម រង្ស៊ី លើកឡើងថា ពិតណាស់ ការរឹតត្បិត ការគាបសង្កត់ និង​ទណ្ឌកម្ម មិនមែនជាចម្លើយ​ដែល​គួរ​ស្ថិតនៅលើ​វេទិកាជាតិ និង​អន្តរជាតិទេ។

មេដឹកនាំបក្សប្រឆាំងរូបនេះ អះអាងថា ការបើកទូលាយ​ឱ្យ​មាន​ការ​ចូលរួម ឬ​បរិយាកាស​បរិយាប័ន្ន ឬលើកកម្ពស់ដោយមិនរើសអើង​ ការសន្ទនា និង​លទ្ធិប្រជាធិបតេយ្យ ជាផ្លូវឆ្ពោះទៅមុខ​តែមួយគត់ សម្រាប់ប្រទេសម៉ាឡេស៊ី កម្ពុជា ឬបណ្តាប្រទេសផ្សេងទៀតក្នុង​ពិភព​លោក។

លោក សម រង្ស៊ី លើក​ឡើង​ក្នុង​លិខិត​នោះថា៖ «ដោយ​យល់ឃើញពីតួនាទី​របស់​ប្រទេសម៉ាឡេស៊ី​ជា​ហត្ថលេខី​នៃកិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស ​និង​ធម្មនុញ្ញរបស់អាស៊ាន​ យើងខ្ញុំលើកទឹកចិត្តឯកឧត្តម​នាយករដ្ឋមន្ត្រីជាទីគោរព​ ជួយ​សម្របសម្រួល​ឲ្យ​មាន​ការ​សន្ទនា​រវាង​រដ្ឋាភិបាល ​និង​មេដឹកនាំគណបក្ស​ប្រឆាំង​ ក្នុង​គោលបំណងដើម្បីផ្សះផ្សាជាតិ ស្ថិរភាព និង​វិបុលភាពក្នុង​ក្របខណ្ឌរបបប្រជាធិបតេយ្យ​សេរីអាស្រ័យ​រដ្ឋធម្មនុញ្ញ»។​

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ចាត់ទុកសំណើ​របស់​លោក សម រង្ស៊ី ថា គ្មានឥទ្ធិពលដល់ការស​ម្រេ​ច​​ចិត្ត​របស់មេដឹកនាំរបស់​លោក​នោះឡើយ។

លោក សុខ ឥសាន្ត ប្រាប់ថា៖ «ខ្ញុំយល់ថា ការស្នើនេះជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែ វាអត់មានប្រសិទ្ធភាពអីទេ ព្រោះទី១ លោកមហាធា ម​ហា​ម៉េត លោកជាសមាជិករបស់សមាគមអាស៊ាន។ អីចឹង មិនជ្រៀតជ្រែកចូលសមាជិកស្របទៅតាមធម្មនុញ្ញរ​បស់​​​ស​មា​គមអាស៊ាន។ ទី២ ពីព្រឹកមិញ ខ្ញុំបានស្តាប់វីដេអូទណ្ឌិតរត់ចោលស្រុកនេះ គឺថា មិនចរចាជាមួយសម្តេចហ៊ុន សែ​ន ដា​ច់ខាត។ អីចឹងទេ ការស្នើនេះ វាគ្រាន់តែល្បិចកលនយោបាយតែប៉ុណ្ណោះទេ»។

​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ ​លោក មហាធា បានមកទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា​នៅដើមខែនេះ។ ពេលនោះ លោក មហាធា បានជួប​ពិភាក្សា​ជាមួយ​​លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​កម្ពុជា​ដទៃ​ទៀត​ផងដែរ។

អ្នកវិភាគនយោបាយ លោក​ ឯម សុវណ្ណរ៉ា ចាត់ទុកការស្វែងរកអាជ្ញាកណ្តាលនោះ ហាក់យឺតពេល ព្រោះ លោក  មហាធា បានចាកចេញពីកម្ពុជាហើយ ហើយ​អ្វីៗក្នុងលិខិតនោះ មិនបានលើកឡើងក្នុងកិច្ចជំនួប​ជាមួយមេដឹកនាំបក្សកាន់អំណាចទេ។

ម្យ៉ាងវិញទៀត អ្នកវិភាគរូបនេះ អះអាងថា អ្វីដែលជំរុញឲ្យមានការប្រែប្រួលស្ថានភាពនយោបាយនៅកម្ពុជា គឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រោះមហាអំណាចទាំងពីរនេះជាផ្សារធំរបស់កម្ពុជា។

លោក ឯម សុវណ្ណារ៉ា ប្រាប់ថា៖ «ជាទូទៅ កម្ពុជាទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ច សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមានឥទ្ធិពលច្រើនជាង»

អតីតគណបក្សប្រឆាំង ត្រូវបានតុលាការកំពូល រំលាយតាំងពីមុនការបោះឆ្នោតជាតិឆ្នាំ២០១៨មក តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ ដីកានោះ ក៏បានហាមឃាត់​ថ្នាក់​ដឹកនាំ ១១៨នាក់របស់គណបក្សនេះ មិនឲ្យធ្វើនយោបាយ ៥ឆ្នាំផងដែរ។

ប៉ុន្តែ ចំណាត់ការចាប់ឃុំខ្លួន លោក កឹម សុខា និងរំលាយគណបក្សប្រឆាំងនេះ ជំរុញឲ្យសហរដ្ឋអាមេរិក និងសភាពអឺរ៉ុប ថ្កោលទោស និងគំរាមដកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីកម្ពុជា បើរដ្ឋាភិបាលមិនស្តារប្រជាធិបតេយ្យ ឲ្យអតីតបក្សប្រឆាំងបានដំណើរការឡើងវិញទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ