សមាជិកគណបក្សសង្គ្រោះជាតិ៦រូបទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន

លោក យ៉ាត ភារម្យ យុវជនគណបក្សសង្រ្គោះជាតិ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៩(រូបពីហ្វេសប៊ុកលោក គង់ សភា)

​សមាជិក៦រូបទៀត របស់គណបក្សសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្តបន្ទាប់ពីទីតាំងផ្សេងគ្នា នៅព្រឹកថ្ងៃនេះ និង កាលពីម្សិលមិញ ដោយមិនទាន់បានបញ្ជាក់មូលហេតុច្បាស់លាស់នៃការចាប់ខ្លួននេះនៅឡើយ។​

 នេះបើតាមការបញ្ជាក់របស់មន្ត្រីសង្គមស៊ីវិលនិង​អតីត​សហការីរបស់ពួកគេនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ប្រភពពីសកម្មជននិងអតីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងឱ្យដឹងថា មន្ត្រីមូលដ្ឋាន​អតីតបក្ស​សង្រ្គោះជាតិ៣​រូបត្រូវបាន​ចាប់ខ្លួន ​នៅព្រឹកថ្ងៃទី១៤ ខែកញ្ញារួមមាន លោក​ លី​ ម៉េងឃាង​ អតីតសមាជិកគណ:កម្មការប្រតិបត្តិស្រុកស្អាង​ ខេត្តកណ្តាល​  លោក​ លី​ លីន​ អតីតមេឃុំ​ សំរោងធំ​ ស្រុកកៀនខេត្តកណ្តាលនិង​ លោក ឈុន ថៃយុទ្ធ អតីតជំទប់ទី១ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។

ចំណែកឯមនុស្សបីនាក់​ដែល​ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៣ខែកញ្ញា​រូមមាន លោក យ៉ាត ភារម្យ អតីតសមាជិកយុវជនបក្ស ស្រុកស្វាយចេក​ខេត្តបន្ទាយ​មានជ័យ ត្រូវចាប់ខ្លួននៅខេត្ត​បន្ទាយមានជ័យ កញ្ញា យូ ចាន់សុធានី ជាអតីតអ្នកអាន​ព័ត៌មាន​ផេក​ហ្វេសប៊ុក​របស់លោកសម រង្ស៊ី ត្រូវចាប់ខ្លួននៅ​ភ្នំពេញ លោកទុំ ប៊ុនឆន អតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ ត្រូវចាប់ខ្លួននៅខេត្តសៀមរាប។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន​ ម៉ាលីន​ មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជន​គណបក្សសង្គ្រោះជាតិទាំងនេះ​ គឺជានិតិវិធីរបស់សមត្ថកិច្ចក្នុងការស៊ើបអង្កេតបទល្មើស​ខណៈដែលការសម្រេចចោទប្រកាន់ឬអត់នោះជាឆន្ទានុសិទ្ធរបស់ព្រះរាជអាជ្ញា។ 

លោក ជិន ម៉ាលីន៖  ជួនកាលសមត្ថកិច្ចរកឃើញមានតម្រុយបទល្មើសគេហៅមកសួរនាំសិន បើសិនមិនពាក់ព័ន្ធនឹងបទល្មើសគេអាចឱ្យទៅវិញ បើសិនពាក់ព័ន្ធនឹងបទល្មើសគេអាចបន្តធ្វើនិតិវិធីចោទប្រកាន់។យើងចាំមើលចំណាត់ការរបស់ព្រះរាជអាជ្ញាបើគេចោទប្រកាន់តើពាក់ព័ន្ធនឹងបទល្មើសអីមូលដ្ឋាននៃការចោទប្រកាន់ហ្នឹងមានអ្វីខ្លះ? ជួនកាលបើគាត់មិនពាក់ព័ន្ធបទល្មើសឬអង្គការចលនាអីខុសច្បាប់ទេ គេនឹងលែងពួកគាត់ទៅវិញហើយ តែបើមានពាក់ព័ន្ធគេនឹងបន្តនិតិវិធីទៀត។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវ សុភ័គ្របានទេ នៅថ្ងៃសៅរ៍នេះ ខណៈដែលស្នងការនគរបាលខេត្តកណ្ដាលលោក អ៊ាវ ចំរើន ​ក៏មិនឆ្លើយនឹងសំណួរដែល​សួរ​ពីការចាប់ខ្លួនអតីមន្ត្រីមូលដ្ឋានបក្សនៅស្រុកស្អាង និងស្រុកកោះធំនោះទេ។

លោក ទុំ ប៊ុនលី ជាបងបង្កើតរបស់ លោកទុំ ប៊ុនឆនដែលអតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ រៀបរាប់ថា ប្អូនប្រុស​របស់​​ខ្លួនត្រូវសមត្ថកិច្ចតាមដាន​អស់ច្រើនថ្ងៃ​និង​ត្រូវចាប់ខ្លូននៅវេលាម៉ោង៣រសៀល​ថ្ងៃ​ទី១៣កញ្ញានៅទីតាំងរកស៊ីទិញលក់​អចលទ្រព្យនៅខេត្តសៀមរាប។

លោក ទុំ ប៊ុនលី៖ ដំបូងតេរកទិញដីអ៊ីចឹងក៏គេ(នគរបាលបន្លំ)​មកកន្លែងហ្នឹងមួយសន្ទុះក៏ឃើញមានម៉ូតូច្រើនទៅចាប់ឆនហ្នឹងកំពុងបើកឡានទៅគេចាប់។មួយម៉ោងក្រោយមកឆនវាតេមកខ្ញុំប្រាប់ថាគាត់ត្រូវបានគេចាប់ហើយ ហើយខ្ញុំក៏សួរថាមានដីកាអត់ម៉េចបានគេចាប់?អត់ទាន់បានឆ្លើយខ្ញុំផងទូរស័ព្ទក៏បិទទៅ។

លោកបន្តថា ក្រុមគ្រួសាររបស់គាត់កំពុងបារម្ភខ្លាំង ព្រោះមិនបានដឹងដំណឹងពិតប្រាកដសោះថា សមត្ថកិច្ចឃុំខ្លួនលោក ប៊ុន ឆននៅទីណានោះឡើយ។

លោក ប៊ុន លី ៖ « ខ្ញុំចង់ជួបថាយកប្អូនខ្ញុំទៅដាក់នៅឯណា ចោទហ្នឹងពីបទអី?ខ្ញុំក៏ចង់សុំឡានសុំរបស់របរអីទុកឱ្យប្រពន្ធវារកស៊ីចិញ្ចឹមកូន។ធ្វើការសន្និដ្ឋានតាមសម្តីគាត់(លោកឆន)និយាយទៅរឿងនេះគឺពាក់ព័ន្ធនឹងនយោបាយ៩០ភាគរយហើយ ព្រោះវាអត់ដែលមានរឿងអី(រឿងក្ដីក្ដាំ)មិនល្អទេ វាមិនដែលទៅឈ្លោះពីណាទេ គាត់មានតែជួយគេអាណិតគេ តែដល់ថាមានរឿងជាមួយអ្នណាគឺអត់មាន។»

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក​គង់ សភា បានសរសេរលើ​ផេកផ្លូវការ​របស់ខ្លួនដោយភ្ជាប់នឹងរូបថតមនុស្សទាំង៦នាក់ដែលត្រូវចាប់ខ្លួន។ លោក គង់ សភា បាន​សរសេរថា៖ នេះជាចេតនាគំរាមកំហែង ផ្នែកនយោបាយបំបាក់ស្មារតីទប់ស្កាត់កម្លាំងយុវជនដែលហ៊ានងើបឡើងណាមួយដែលទៅទទួលលោកប្រធាន សម រង្ស៊ីធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។អាស្រ័យ ដូចបានជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់ អង្គការសិទ្ធិមនុស្ស សង្គមស៊ីវិលជាតិ និងអន្តរជាតិ មេត្តាជួយតាមដានក្នុងរឿងនេះផង។

ទាក់ទងនឹងការចាប់ខ្លួននេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថាសមាជិកក្រុមគ្រួសារអ្នកដែល​ត្រូវចាប់ខ្លូនមួយចំនួន​បានទាក់​ទងមកអាដហុក ដើម្បីឱ្យជួយសុំយោបល់ជំនួយផ្នែកច្បាប់និងសុំឱ្យជួយតាម​ឃ្លាំមើលករណី​ទាំងនេះ។​ លោកបន្ត​ថា ករណីទាំងអស់នេះទំនងជាចេតនារបស់គណបក្សកាន់​អំណាចដើម្បី​ឆ្លើយទៅតបទៅនឹងការប៉ុនប៉ងវិលចូលស្រុករបស់លោកសមរង្ស៊ី។ លោកបញ្ជាក់ថា ការចាប់​ខ្លួនមន្ត្រីថ្នាក់ក្រោមរបស់អតីតបក្សប្រឆាំងនេះ គឺស្តែងឱ្យឃើញ​ពីស្ថានភាពរំលោភសិទ្ធិ​មនុស្ស​​ដែលគួរឱ្យបារម្ភ។

លោក ស៊ឹង សែនករុណា៖ «យើងគិតថាយើងមានការព្រួយបារម្ភព្រោះយើងឃើញមានការចាត់វិធានការជាបន្តបន្ទាប់អ៊ីចឹង។ ហើយរាជរដ្ឋាភិបាលហាក់ដូចជាអត់បានងាកគិតមិនយកការស្នើសុំរបស់សហគមអន្តរជាតិ(ឱ្យគោរពសិទ្ធិមនុស្ស) ទាល់តែសោះផ្ទុយទៅវិញស្ថានភាពកាន់តែធ្ងន់ធ្ងរទៅស្របនឹងស្ថានភាពនយោបាយនៅកម្ពុជាកាន់តែធ្លាក់​(អាក្រក់)ចុះនោះ។

មន្ត្រីអង្គការសង្គមស៊ីវិលឱ្យដឹងថា បើគិតអ្នកទាំង៦នាក់ដែលចាប់ខ្លួនលើកនេះ សរុបចំនួន​មនុស្សបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនមានចំនួន២៨នាក់និងជាង ១៥០នាក់ ត្រូវបានកោះហៅមកសាកសួរដោយសមត្ថកិច្ច។

របាយការណ៍កម្រាស់ ២០ទំព័ររបស់​អ្នកស្រី រ៉ូណា ស្មីត ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្រុងហ្ស៊ឺណែវ ប្រទេសស្វីសថា មួយឆ្នាំបន្ទាប់​ពីការបោះឆ្នោត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែគ្របដណ្ដប់ដោយការសង្កត់ សង្កិន​សិទ្ធិនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ