មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១២នាក់ ក្នុងនោះមានកុមារ ៦នាក់ផងដែរ បានស្លាប់ និងជាង ១ម៉ឺនគ្រួសារ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីទឹកជំនន់បានវាយប្រហារខេត្តចំនួន ៧ ក្នុងរយៈពេលកន្លះខែមកនេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់វីអូឌីនៅថ្ងៃនេះថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ខេត្តចំនួន ៧ រួមមានខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តព្រៃវែង។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា មនុស្ស ១២នាក់ ក្នុងនោះ កុមារ ៦នាក់ផងដែរ បានស្លាប់ដោយសារលង់ ខណៈដែលមនុស្ស ៥នាក់ផ្សេងទៀត បានរងរបួសដោយសារពស់ចឹក នៅពេលទឹកជំនន់កើតឡើងនៅបណ្ដាខេត្តស្ថិតនៅខាងទន្លេមេគង្គលើ។
លោក កែវ វី ប្រាប់ថា៖ «យើងសោកស្ដាយណាស់ដែលចំនួនអ្នកស្លាប់បន្ទាប់ពីទឹកជំនន់នេះមានរហូតដល់១២នាក់។សូមអំពាវនាវឱ្យពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ពិសេសសុវត្ថិភាពកូនចៅតូចៗក្នុងគ្រាដែលទឹកឡើង»។
បើតាមអ្នកនាំពាក្យរូបនេះ មនុស្សមួយចំនួន បានស្លាប់ដោយលង់ទឹកទន្លេ មួយចំនួនទៀត ស្លាប់ដោយសារលង់ទឹកបឹង និងព្រែកនៅក្បែរៗផ្ទះ ខណៈដែលករណីខ្លះទៀត ស្លាប់ដោយសារការធ្វេសប្រហែសរបស់អាណាព្យាបាល ក្នុងនោះមានកុមារម្នាក់ស្លាប់ ក្រោយពីត្រូវទឹកគួចទៅបាត់នៅឯខេត្តព្រះវិហារ បន្ទាប់ពីជិះម៉ូតជាមួយម្ដាយឆ្លងកាត់ទំនប់បង្ហៀរទឹក។
តួរលេខដែលផ្តល់ដោយ លោក កែវ វី បង្ហាញទៀតថា ទឹកជំនន់ទន្លេមេគង្គបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបជិត ៩ម៉ឺនគ្រួសារ(៨ ៧៤៦៩គ្រួសារ) ក្នុងនោះទឹកជន់លិចស្រែស្រូវជាង ៣៧,៨០១ហិចតា លិចចម្ការ ៣,៤៧០ហិចតា។ ទឹកជំនន់ជន់លិចសាលា ៣២៣កន្លែង លិចវត្តអារាម ១៥៣វត្ត និងលិចមណ្ឌលសុខភាព ២៨កន្លែង។
តួលេខក៏បង្ហាញផងដែរថា ច្រាំងទន្លេប្រវែងជាង ២២គីឡូម៉ែត្រ(២២ ៣៤៥ម៉ែត្រ)នៅខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដែលបង្កឱ្យផ្ទះប្រជាពលរដ្ឋ ៥១ខ្នងផ្ទះ ក៏ត្រូវរុះរើបន្ទាន់។
លោក កែវ វី លើកឡើងទៀតថា ចំណាត់ការអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ គឺធ្វើឡើងដោយបានទាន់ពេលវេលាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលមករស់នៅទីសុវត្ថិភាព ទទួលបានការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគទទួលបានការគាំពារផ្នែកសុខភាព ព្រមទាំងសន្តិសុខសុវត្ថិភាពពីសំណាក់អាជ្ញាធរមូលដ្ឋាន។
លោក កែវ វី មានប្រសាសន៍បន្តថា៖«យើងផ្តល់ជាថ្នាំពេទ្យ ជាស្បៀងសង្គ្រោះនេះ យើងធ្វើជាបន្តបន្ទាប់ និងទាន់ពេលវេលា ព្រោះរបស់ទាំងអស់នោះ មាននៅក្នុងស្តុកនៅតាមបណ្ដាខេត្តរួចហើយ។ ពលរដ្ឋឈឺល្មមៗ យើងអាចមើល(ព្យាបាល)នៅកន្លែង។ បើករណីណាធ្ងន់ យើងមានមធ្យោបាយបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តតែម្ដង»។
ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យរូបនេះមិនទាន់អាចព្យាករទំហំខូចខាតជាទឹកប្រាក់ដែលបណ្ដាលមកពីគ្រោះទឹកជំនន់លើកនេះបាននៅឡើយទេ។ លោកកែវ វី ឱ្យដឹងថា គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ នឹងបើកកិច្ចប្រជុំមួយជាមួយអាជ្ញាធរខេត្តពាក់ព័ន្ធ ដើម្បីប្រមូលមតិយោបល់ ព្រមទាំងដំណោះស្រាយនានាសម្រាប់ជួយប្រជាពលរដ្ឋ បន្ទាប់ពីទឹកស្រក។
ទាក់ទងនឹងទឹកជំនន់នេះ អភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ មានប្រសាសន៍ថា ទឹកជំនន់មេគង្គ ចាប់ផ្តើមជន់លិចឃុំមួយចំនួននៅស្រុករបស់លោកហើយ ប៉ុន្តែ លោកថា មិនទាន់មានសភាពធ្ងន់ធ្ងរឱ្យបារម្ភនោះទេ។
លោក យី វណ្ណៈ មានប្រសាសន៍ថា៖«អាជ្ញាធរត្រៀមកម្លាំងរួចហើយ នឹងជួយអន្តរាគមន៍សង្គ្រោះបើចាំបាច់។ ឥលូវមានពលរដ្ឋ ៧២គ្រួសារមកនៅទីទួលសុវត្ថិភាព។ ស្រុកយើងធ្លាប់បាក់ច្រាំងទន្លេកាលឆ្នាំមុន ដូច្នេះ យើងនៅតែត្រៀមបង្ការ»។
ទាក់ទងនឹងការត្រៀមជួយពលរដ្ឋរងគ្រោះទឹកជំនន់នេះ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសារាចរណែនាំបន្ថែមពីលើសេចក្ដីជូនដំណឹងចាស់កាលពីថ្ងៃទី០៤កញ្ញា ដោយបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ កាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ សារាចរបន្ថែមនេះ កត់សម្គាល់ថា ទឹកស្រកយឺត ហើយភ្លៀងនឹងបន្តធ្លាក់នាំឱ្យមានទឹកជំនន់ធំ។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៥កញ្ញានេះ ទឹកទន្លេមេគង្គនៅស្ថានីយ៍ស្ទឹងត្រែង និងក្រចេះ នឹងចាប់ផ្តើមស្រកនៅ ខណៈដែលស្ថានីយ៍ ៥ទៀត កម្ពស់ទឹកនឹងកើនឡើង។ ស្ថានីយ៍ដែលទឹកឡើង រួមមានកំពង់ចាម ចតុមុខ អ្នកលឿង កោះខែល និងព្រែកក្ដាម។ ក្រសួងនេះផ្សាយដែរថា ភ្លៀងធ្លាក់រាយប៉ាយនៅស្ទើរទូទាំងប្រទេសនៅថ្ងៃទី១៥កញ្ញានេះ៕