អ្នកមានជម្លោះដីធ្លីនៅក្នុងសហគមន៍បុរីកីឡា អះអាងថា ពលរដ្ឋបុរីកីឡាចំនួន ៦នាក់ក្នុងនោះមានកុមារម្នាក់ផងដែរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលស្ដារនីតិសម្បទាព្រៃស្ពឺនៅព្រឹកថ្ងៃនេះ ហើយពលរដ្ឋ ១២នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាលាខណ្ឌ ៧មករា។
ពលរដ្ឋម្នាក់នៅសហគមន៍បុរីកីឡា អ្នកស្រី សរ ស៊ន ដែលទទួលបានសំណងរួចហើយ បានប្រាប់វីអូឌីនៅថ្ងៃនេះថា ពលរដ្ឋសហគមន៍ ៦នាក់នោះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីល្ងាចថ្ងៃម្សិលមិញនេះ បន្ទាប់ពីពួកគេបាននាំគ្នាឡើងទៅនៅលើអគារដែលសមត្ថកិច្ចចាប់ផ្ដើមវាយកម្ទេចចោលក្នុងថ្ងៃនេះ។
អ្នកស្រី សរ ស៊ន ប្រាប់ថា៖ «គ្រាន់តែគេប្រាប់ថា អ្នកដែលត្រូវគេម្សិលមិញពេលល្ងាច ពេលបញ្ជូនទៅព្រៃស្ពឺហើយ យាយ សន មិនបាច់បារម្ភអីទេ។ អ៊ីចឹងមិនដឹងគេចាប់គាត់ទៅ គេចោទប្រកាន់គាត់ថា ជាជនអនាថាក៏មិនដឹង ឬស្អីមិនដឹង ពិបាកដែរ។ ដល់អ៊ីចឹង ប៉ូលីសខណ្ឌយើងហ្នឹង។ ចាសគេបញ្ជូនទៅព្រៃស្ពឺព្រឹកមិញនេះ»។
អ្នកស្រី សរ ស៊ន បន្តថា អាជ្ញាធរបានចាប់ខ្លួនពលរដ្ឋ ១២នាក់បន្ថែមទៀត ដែលមិនព្រមចាកចេញពីអគារនោះនៅព្រឹកមិញនេះ។
ពលរដ្ឋបុរីកីឡាម្នាក់ទៀត អ្នកស្រី ញ៉ែម ស្រីនិច ដែលអះអាង មិនទាន់ទទួលបានសំណង លើកឡើងថា អាជ្ញាធបានចាប់ខ្លួនពួកគាត់ទៅសាលាខណ្ឌ ដោយថា ដើម្បីទៅជួបជាមួយអភិបាលខណ្ឌធ្វើការដោះស្រាយសំណង ប៉ុន្តែ នៅពេលទៅដល់ខណ្ឌ អាជ្ញាធរមិនបានធ្វើការដោះស្រាយទេ។
អ្នកស្រីបន្តថា អាជ្ញាធរបានឃុំខ្លួនពួកគាត់នៅសាលាខណ្ឌ ៧មករា ដោយថា ដើម្បីកុំឱ្យពួកគាត់មកទៅតវ៉ា ខណៈសមត្ថកិច្ចចាប់ផ្ដើមវាយកម្ទេចអគារនៅព្រឹកថ្ងៃនេះ ទាំងដែលមិនទាន់បានដោះស្រាយសំណងជូនពួគាត់។
អ្នកស្រី ញ៉ែម ស្រីនិច ប្រាប់ថា៖ «សូម្បីតែទៅទិញទឹកញុំក៏គេមិនឱ្យយើងចេញទៅដែរ។ខ្ញុំអត់យល់ពីមូលហេតុគេ គេខ្លាចយើងទៅអុកឡុកកន្លែងគេធ្វើការមិនដឹង បានជាគេមិនឱ្យយើងចេញ»។
វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអភិបាលខណ្ឌ ៧មករា លោក លឹម សុភា បានទេ ដោយប្រព័ន្ធទូរស័ព្ទមិនអាចទាក់ទងបាន។
ចំណែកអភិបាលរងរាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះទៅបើកប្រតិបត្តិការវាយកម្ទេចអគារមួយនៅក្នុងសហគមន៍បុរីកីឡានោះ បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយលោកឱ្យទៅសួរអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដីវិញ។
ប៉ុន្តែ វីអូឌីមិនអាចស្វែងរកការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ ដោយទូរសព្ទចូលហើយ តែគ្មានអ្នកទទួល។
មន្រ្តីសម្របសម្រួលនៃគម្រោងធុរកិច្ច និងសិទ្ធមនុស្សរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា រដ្ឋាភិបាលបរាជ័យក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋដែលនៅសេសសល់។ លោកចាត់ទុកការចាប់ខ្លួននិងបញ្ជូនពលរដ្ឋទៅមណ្ឌលព្រៃស្ពឺ ដោយមិនព្រមដោះស្រាយសំណងអ្វីជូនពលរដ្ឋនេះថា ជាការគំរាមកំហែង។
លោក វណ្ណ សុផាត ប្រាប់ថា៖ «ការចាប់ខ្លួនអីហ្នឹង គឺថា វាជាការគំរាមកំហែងមួយខ្លាំងមែនទែន ដោយសារនេះជាការបំបាក់ស្មារតីដែលរងផលប៉ះពាល់កុំឱ្យគាត់ងើបតវ៉ាថែមទៀត»។
លោកបន្តថា រដ្ឋាភិបាលគួរតែធ្វើការដោះស្រាយដោយផ្ដល់សំណងសមរម្យជូនប្រជាពលរដ្ឋដែលនៅសេសសល់ជាជាងការបណ្ដេញចេញ និងចាប់ខ្លួនប្រជាពលរដ្ឋទាំងបង្ខំបែបនេះ។
កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយកាលណោះក្រុមហ៊ុននេះសន្យាសង់អគារចំនួន ១០ជូនពលរដ្ឋវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាកវិញ ដោយលើកហេតុផលថា ក្ស័យធន ដែលបណ្តាលឱ្យពលរដ្ឋមួយចំនួនដែលមិនទទួលបានសំណង ហើយនាំគ្នាទៅស្នាក់នៅបណ្តោះអាសន្នលើអគារចាស់មួយក្នុងសហគមន៍បុរីកីឡារហូតមកដល់សព្វថ្ងៃនេះ។
លិខិតចុះថ្ងៃទី១ ខែសីហាកន្លងមក ដែលសាលារាជធានីភ្នំពេញកោះហៅពលរដ្ឋបុរីកីឡាមកដោះស្រាយបញ្ចប់នោះ បានឱ្យដឹងថា នៅសហគមន៍មានពលរដ្ឋ ១៤គ្រួសារទៀត ពុំទាន់ទទួលបានសំណងនៅឡើយទេ៕