រដ្ឋាភិបាលកម្ពុជា ជំរុញប្រទេសសមាជិកអាស៊ានមួយចំនួន គួរផ្តល់សេវាព្យាលបាលឥតគិតថ្លៃ ដល់ពលរករចំណាកស្រុក តាមគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលចាត់ទុកការអនុវត្តសិទ្ធិការងារ ការគំាពារសង្គម ជាការអនុវត្តសិទ្ធិមនុស្ស។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ហៅថា CLMTV ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្ទប្រវេសន៍ នៅក្នុងប្រទេស កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» នៅខេត្តសៀមរាម នាថ្ងៃទី១៧ខែកញ្ញានេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ប្រទេស CLMTV តែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ពលករទេសន្ទប្រវេសន៍ តាមរយៈការពារ ការគោរពសិទ្ធិ និងលក្ខខណ្ឌការងារ ស្របតាមបទដ្ឋានអាស៊ាន និងលិខិតតូបករណ៍(វិធាន)អន្តរជាតិ ដោយចាត់ទុកការអនុវត្តសិទ្ធិការងារ និងគាំពារសង្គមជាការអនុវត្តសិទ្ធិមនុស្ស។
លោកនាយករដ្ឋមន្ត្រី ថ្លែងទៀតថា កិច្ចសហប្រតិបត្តការណ៍នៃប្រទេសទាំង៥ក៏បានគិតគូពីរបបចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្ទប្រវេសន៍ ដើម្បីបង្កលទ្ធភាពឲ្យពលករនៅតែអាចទទួលបានរបបសន្តិសុខសង្គម ទោះបីពួកគេចល័ត កន្លែងធ្វើការ ពីប្រទេសមួយ ទៅប្រទេសមួយទៀតក៏ដោយ។
លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាស្វាគមន៍គំនិតផ្តួចផ្តើមនេះ និងបង្ហាញឆន្ទះ ធ្វើជាគំរូដល់ប្រទេស ជាសមាជិកអាស៊ានទាំងនោះផងដែរ ។
លោក មានប្រសាសន៍ថា៖«កម្ពុជាគួរតែឈានមុនគេ កម្មករបរទេសដែលមកធ្វើការនៅក្នុងស្រុកខ្មែរ ក៏គួរតែយើងអនុវត្តមុនគេទៅ ត្រូវទទួលបាននូវការព្យាបាលដោយឥតគិតថ្លៃ ព្រោះយើងក៏ចង់ឲ្យពលករយើងដែរកំពុងរស់នៅប្រទេសដទៃទទួលបាននូវការព្យាបាលដោយឥតគិតថ្លៃដូចគ្នា»។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង ថ្លែងក្នុងពិធីនោះ ដោយចាត់ទុកកិច្ចសហប្រតិបត្តការលើប្រព័ន្ធគាំពារសង្គមដល់ពលករចំណាកស្រុកនេះថា ជាកត្តាជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផង និងកាត់បន្ថយភាពក្រីក្រផងដែរ។
លោក លើកឡើងថា៖«កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គមជាប្រព័ន្ធគាំពារសង្គមមួយដែលមានប្រសិទ្ធភាព សមធម៌និងយុត្តិធម៌និងចីរភាពហិរញ្ញវត្ថុបម្រើដល់គោលនយោបាយនិងទប់ស្កាត់ភាពក្រីក្រ ហើយរួមចំណែកដល់ការអភិវឌ្ឍគាំពារដល់ធនធានមនុស្សព្រមទាំងជំរុញសេដ្ឋកិច្ចក្នុងតំបន់ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពលករទេសន្ទប្រវេសន៍នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម»។
បើតាមលោក អ៊ិត សំហេង ពលករមីយ៉ាន់ម៉ាប្រមាណជាង ១ ៣០០ នាក់ ទទួលបានបណ្ណការងារជនបរទេសនៅកម្ពុជា ហើយមានប្រមាណ ១៨០ នាក់ជាសមាជិក ប.ស.ស។
ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស CANTRALលោក មឿន តុលា យល់ថាជាការប្រសើរ បើសមាជិកអាស៊ានអនុវត្ត ប្រព័ន្ធគាំពារសង្គមនេះឲ្យមានតម្លាភាព។ប៉ុន្តែលោកបារម្ភថា ពលករខ្មែរភាគច្រើនមិនទទួលបានអត្ថប្រយោជន៍នេះទេ បើពលករខ្មែរនៅតែបង្ខំចិត្តធ្វើចំណាកស្រុកដោយខុសច្បាប់ដូចបច្ចុប្បន្ននោះ។
លោក និយាយថា៖«កិច្ចគាំពារសង្គមនេះបើសិនជាគាត់ជាពលករខុសច្បាប់គាត់អត់អាចទទួលបានទេ អ៊ីចឹងទាល់តែរដ្ឋហ្នឹងសម្រួលធ្វើម៉េចឲ្យគាត់ស្របច្បាប់ដើម្បីទទួលបានសេវាគាំពារសង្គមនៅប្រទេសទទួលហ្នឹង។ទី២ចរចាជាមួយប្រទេសទទួលទៅ ឧទារណ៍គាត់ធ្វើការ៣ឆ្នាំគាត់បង់បាន១លានបាត ដល់ពេលគាត់ប្រើអស់តែ២ម៉ឺនអញ្ចឹង៨០ម៉ឺនបាតទៀតត្រូវប្រគល់ឲ្យគាត់ពេលត្រឡប់មកស្រុកវិញ»។
បើតាមរបាយការណ៍ក្រសួងការងារ គិតត្រឹមឆ្នាំ២០១៨ ពលករខ្មែរទៅធ្វើការនៅប្រទេសថៃ មានប្រមាណ១លាន១សែននាក់ តែមិនបានបញ្ជាក់ពីចំនួនពលករធ្វើការខុសច្បាប់ទេ។ ប៉ុន្តែបើតាមលោក មឿន តុលា អះអាងថា ពលករខ្មែរដែលធ្វើការខុសច្បាប់នៅប្រទេសថៃ មានប្រមាណជា២០ម៉ឺននាក់៕