​សំរាម​ ១ម៉ឺនតោនក្នុង១ថ្ងៃ​ត្រូវ​បាន​បញ្ចេញ​​ចោល​ដោយ​ភាគ​ច្រើន​លើស​លប់​មិន​​កែច្នៃ

គំនរសំរាមពីរកន្លែងស្ថិតនៅតាមបណ្តោយផ្លូវប្រឡាយជិតស្ពានទីពីរក្បែរពេទ្យរុស្ស៊ីមិនទាន់ការសំអាតនៅឡើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក Vy Nop)

របាយការណ៍​សិក្សា​មួយ​បង្ហាញ​ថា បរិមាណសំរាម​ខ្ទង់ ១​ម៉ឺន​តោន​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​បាន​បញ្ចេញ​ចោល​ពី​លំនៅឋាន និង​រោងចក្រ​សហគ្រាស​នានា​នៅទូទាំង​ប្រទេស​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ថា សំរាម ៩០​ភាគរយ មិន​ត្រូវ​បាន​យក​ទៅ​កែច្នៃ​ឡើង​វិញ​នោះ​ឡើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បាន​ដក​ស្រង់​ខ្លឹមសារ​នៃ​របាយការណ៍​សិក្សា​មួយដែល​ផ្សព្វផ្សាយ​ក្នុង​វេទិកា​ស្ដី​ពី​កាក​សំណល់​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ មូលនិធិ​អាល្លឺម៉ង់​ Konrad-Adenauer-Stiftung (KAS) ប្រទេសកម្ពុជាទាំងមូល បង្កើតកាក​សំ​ណល់​​សំរាមជាង ១0,000​តោនជារៀងរាល់ថ្ងៃ ឬ​ជាង ៣​លាន ៦​សែន​តោននៅក្នុងមួយឆ្នាំ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ គ្រាន់តែរាជធានីភ្នំពេញមួយបានបង្កើតឱ្យមានកាកសំណល់ក្នុងបរិមាណចន្លោះពី ២,000 ទៅដល់ ៣,000​តោនជារៀងរាល់ថ្ងៃ ដែលក្នុងនោះមាន ៦00​តោន គឺជាកាកសំ​ណល់ប្លាស្ទិក។

សេចក្ដីប្រកាសព័ត៌មាន បន្តទៀតថា កំណើននៃការបង្កកាកសំណល់សំរាមនេះ បណ្ដាលមកពីកំណើនសេដ្ឋកិច្ច ការពង្រីកទីក្រុងយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍវិស័យឧស្សាហកម្ម និង​ការកើនឡើងនូវការប្រើប្រាស់របស់ប្រជាជនដែលមានកម្រិតជីវភាពមធ្យម និងខ្ពស់​។

របាយការណ៍​សិក្សា​ដែល​លើក​ឡើង​នេះ បញ្ជាក់​ថា កាកសំ​ណល់គ្រប់ប្រភេទទាំងអស់នោះមានដូចជា  កាកសំណល់រឹងក្នុងទីក្រុងរបស់​ប្រើ​ប្រាស់ និង​ចំណី​អាហារ កាកសំណល់ឧស្សាហកម្ម កាកសំ​ណល់​វេជ្ជសាស្ត្រ កាកសំណល់សង់សំណង់ ជាដើម។

នាយកប្រចាំប្រទេសនៃមូលនិធិខុនរ៉ាដ លោក ដានីញ៉ែល ស្មាឃីង ( Daniel Schmücking) មានប្រសា​សន៍ថា កាកសំណល់សំរាម គឺជាបញ្ហាមួយធ្វើឱ្យមានការព្រួយបារម្ភ ហើយ​លោក​ថា ដំណោះស្រាយចំពោះបញ្ហានេះ ដែល​ទាមទារ​ឱ្យ​មានការ​ចូល​​រួមពី​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ នឹងជួយកែលម្អបរិស្ថាន និងសង្គមកម្ពុជាទាំងមូល។

លោក ដានីញ៉ែល ស្មាឃីង ថ្លែងថា៖ «ការដោះស្រាយបញ្ហាសំរាមចាំបាច់ ត្រូវមានការចូលរួមពីគ្រប់​ភាគីពាក់​ព័ន្ធពិសេស ការសម្រេចចិត្តផ្នែកនយោបាយរបស់រដ្ឋាភិបាល»

សេចក្ដីប្រកាសព័ត៌មានរបស់​មូលនិធិអាល្លឺម៉ង់ខុនរ៉ាដ បញ្ជាក់បន្ថែមថា បញ្ហានៅក្នុងការគ្រប់គ្រងកាកសំណល់នៅកម្ពុជា រួមមាន  កង្វះខាត​ការប្រមូលកាកសំណល់ឱ្យបានត្រឹមត្រូវ កង្វះ​ការបណ្ដុះបណ្ដាលបច្ចេក​ទេសបុគ្គលិក និងមិនទាន់មានគោលនយោបាយគ្រប់គ្រងសំរាមប្រកប​ដោយប្រសិទ្ធភាព ព្រមទាំងកង្វះអ្នកកែច្នៃសំរាមនិងកង្វះហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសកែច្នៃសំរាម។

របាយការណ៍សិក្សាស្រាវមួយ​របស់ក្រសួងបរិស្ថាន បង្ហាញថា កាលពីឆ្នាំ២០១៨​ ប្រទេស​កម្ពុជា ប្រមូលបានសំរាមជិត ២លានតោន ខណៈ​ក្រុង​ភ្នំពេញប្រមូលសំរាមសរុប​ជិត ​១លាន​តោន ក្នុងនោះ សំរាម​ជិត ២៩​ម៉ឺន​តោន ត្រូវបានកែច្នៃ និងប្រើប្រាស់​ឡើងវិញ។

របាយការណ៍បន្តថា  ក្នុង​ចំណោមនោះ សំរាម​ប្រមាណ ៦៣ភាគរយ ជាប្រភេទ​សំរាមជីវ (សំណល់រុក្ខជាតិនិងសត្វ) សំណល់ផ្លាស្ទិច​ជាង ១៥ភាគរយ ក្រដាស​ជិត ៦ភាគរយ សំណល់អំបែងមានជិត ១៣ភាគរយ និងសំណល់​ផ្សេងៗ​​ជាង ៣​ភាគរយ។

អ្នកគ្រប់គ្រងអាជីវកម្មរបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំនៅកម្ពុជា (EUROCHAM) លោក ថម ហេស​ស្កេត Tom Hesketh លើកឡើង​នៅ​លើកនៅ​ក្នុង​កិច្ច​ពិភាក្សា​នៃ​វេទិកា​នោះ​ថា កម្ពុជានៅសល់សំរាមច្រើន តែខ្វះអ្នករកស៊ី​ច្នៃសំរាម ហើយ​លោក​ថា ដូច្នេះ មុខ​ជំនួញ​កែ​ច្នៃ​សំរាម​ដើម្បី​លក់បន្តនេះ ក៏ជាសក្ដានុពលសម្រាប់វិនិយោគគិនដែរ។

លោក ថម ហេសស្កេត ថ្លែង​ថា៖ «យើងបានប្រាប់នូវអ្វីដែលយើងរកឃើញ​ទៅវិនិយោគគិនដៃគូថា​វិស័យកែច្នៃសំរាមនេះ មានសក្ដានុពល ប៉ុន្តែដើម្បីអាចធ្វើការងារទាំងនោះបានចំណេញ ត្រូវ​ទាមទារ​រួម​បញ្ចួលបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។ កម្ពុជាក៏ត្រូវមានគោលនយោបាយលើកទឹកចិត្ត​ដល់អ្នកវិនិយោគវិស័យនេះ ទើបអាចទាក់ទាញអ្នកជំនួញរកស៊ីបាន»

នាយកទីចាត់ការគ្រប់គ្រងកាកសំណល់ និងបរិស្ថាន នៃ​សាលារាជធានីភ្នំពេញលោក នួន​ សំ​ណា​វុធប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​វេទីកា​នោះ​​ថា កន្លងមក ក្រុមហ៊ុនបរទេស​ប្រមាណ​ជាង ៥០​ក្រុមហ៊ុន​មកពីចិន ជប៉ុន អ៊ឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនទៀត ធ្លាប់​បាន​សុំការ​សហការ​ដើម្បីស្វែងរកឱកាសធ្វើ​ជំនួញ​កែច្នៃ​សំរាម​នៅ​កម្ពុជា ប៉ុន្តែ លោក​ថា មិនទាន់មាន​ក្រុម​ហ៊ុនណាមួយបើករបរនេះនៅឡើយ។

មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​រូប​នេះ អះ​អាង​ថា គ្មានការទារប្រាក់ក្រៅផ្លូវការឡើយ​ចំពោះសេវាសុំសិទ្ធិបើកជំនួញកែច្នៃសំរាមនេះ។ លោក​បញ្ជាក់ថា ខណៈដែលក្រុមហ៊ុនទាំងនោះ​ដកថយពីរបររកស៊ីកែច្នៃ​សំរាមដោយសារតែរកមិនឃើញផលចំណេញ។

លោក នួន សំណាវុធ អះអាងថា៖ «នៅពេលជួបជាមួយយើង ហើយបង្ហាញ​ពីបច្ចេកទេសស្នើសុំសិទ្ធិ​សិក្សា ក្រោយពីសិក្សា​ហើយ​ឃើញថា ពុំចំណេញ ដោយថា ​លក់​អគ្គីសនីទៅវាថ្លៃ EDC មិន​ទិញ​ ងាក​ទៅរកគោល​នយោ​បាយ​ដែលគាំទ្រគម្រោងហ្នឹង វាអត់​កន្លងមកយើងជួបតែអ៊ីចឹងយើងចេះតែស្វាគមន៍ តែមិន​ទាន់មានក្រុមហ៊ុនណាមួយ​ច្បាស់​លាស់»

អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃក្រសួងបរិស្ថាន លោក ង៉ែត បុល មាន​ប្រសាសន៍ថា កម្ពុជា​មិន​ទាន់​មាន​គោល​នយោបាយ​ឧបត្ថមធនសម្រាប់ក្រុមហ៊ុនកែច្នៃ​សំរាមដូចនៅប្រទេសថៃ ឬវៀតណាមនៅឡើយ ហើយក្រសួងកំពុងគិតគូរចំពោះរឿងនេះ។

លោក ង៉ែត បុល៖ «នៅថៃ រដ្ឋគេជួយ ១៥ដុល្លារក្នុងសំរាម ១តោនទៅដល់អ្នកកែច្នៃ​។ នៅ​វៀតណាម​ រដ្ឋ​គេ​ជួយ​ប្រមាណ ៦​ដុល្លារ​ក្នុង ១​តោន​​ដែរ។ តែកម្ពុជាយើងមិនទាន់មានទេ ទោះយ៉ាង​ណា​ក្រសួង​បរិស្ថាន​ធានា​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​ចង់​វិនិយោគ​លើ​វិស័យនេះ»

តួរលេខដែលផ្ដល់ដោយទីលានចាក់សំរាមនៅរាជធានីភ្នំពេញ បង្ហាញថា ក្នុងខែសីហា​កន្លង​ទៅ ​សំរាមប្រមូលបាននៅភ្នំពេញ មាន​ចំនួន​ជិត ៣ពាន់តោនក្នុង១ថ្ងៃ ខណៈដែលទីលានចាក់​សំរាមអាចទ្រទ្រង់សំរាមបានដល់ត្រឹមឆ្នាំ២០៣០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ